វគ្គបណ្តុះបណ្តាលកងកម្លាំងបោសសម្អាតមីនកងទ័ពជើងគោក ស្តីពីនីតិវិធីកាត់បន្ថយផ្ទៃដី និងគ្រប់គ្រងព័ត៌មានប្រតិបត្តិការ ដែលផ្តល់ដោយអាជ្ញាធរមីន ត្រូវបានបញ្ចប់ដោយជោគជ័យ
ភ្នំពេញ ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុច វ៉ាន់ថា មេបញ្ជាការរង និងជាមេបញ្ជាការកងវិស្វកម្មកងទ័ពជើងគោក ថ្លែងថា ចាប់តាំងពីកងទ័ពជើងគោក បានចូលរួម និងទទួលគម្រោងបោសសម្អាតមីនមនុស្សធម៌ពីអាជ្ញាធរមីនឆ្នាំ២០២២ នេះគឺជាវគ្គបណ្តុះបណ្តាលលើកទី១ ដែលអាជ្ញាធរមីន បានផ្តល់ជូនកងកម្លាំងបោសសម្អាតមីនកងទ័ពជើងគោក។
ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុច វ៉ាន់ថា បានថ្លែងបែបនេះ ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពីនីតិវិធីកាត់បន្ថយផ្ទៃដី និងគ្រប់គ្រងព័ត៌មានប្រតិបត្តិការ ដែលរៀបចំដោយបញ្ជាការដ្ឋានកងទ័ពជើងគោក និងសហការជាមួយក្រុមគ្រូបង្គោលមកពីអាជ្ញាធរមីន នាថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងវិស្វកម្មកងទ័ពជើងគោក ។
ឯកឧត្តម បន្តទៀតថា នៅចុងខែកុម្ភៈ ឆ្នាំ២០២៣ នេះ កងទ័ពជើងគោក មានគម្រោងរៀបចំឲ្យមានវគ្គបណ្តុះបណ្តាលបន្ថែមជូនកងកម្លាំង ២៩កង នៃតំបន់ភូមិភាគ៥ និងបន្តរៀបចំវគ្គបណ្តុះបណ្តាលតាមការចាំបាច់ ដែលវគ្គបណ្តុះបណ្តាលនេះ បញ្ជាការដ្ឋានកងទ័ពជើង ត្រូវការជាចាំបាច់នូវក្រុមគ្រូបង្គោលមកពីអាជ្ញាធរមីន និងជំនាញបច្ចេកទេសពីប្រតិបត្តិករដោះមីនជាតិរបស់យើង ។
ថ្លែងក្នុងពិធីបិទវគ្គ ឯកឧត្តម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានគូសបញ្ជាក់ថា ការងារបោសសម្អាតមីននៅកម្ពុជា មានវិសាលភាពធំធេង និងស្មុគស្មា្ញណាស់។ រាជរដ្ឋាភិបាលកម្ពុជា ក្រោមដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី បានសម្រេចដាក់ចេញនូវទស្សនវិស័យវែងឆ្ងាយ និងផែនការច្បាស់លាស់ក្នុងការដោះស្រាយបញ្ហាមីនឲ្យអស់ត្រឹមឆ្នាំ២០២៥ ហើយការចូលរួមរបស់កងទ័ពជើងគោកក្នុងការងារសកម្មភាពមីនមនុស្សធម៌ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការចូលរួមសម្រេចបាននូវទស្សនវិស័យនេះ។ សម្តេចតេជោ ពិតជាចង់ឃើញបងប្អូនប្រជាពលរដ្ឋគ្រប់ទីកន្លែង ទទួលបាននូវដីប្រកបដោយសុវត្ថិភាព និងស្នាមញញឹមទាំងអស់គ្នា ។
ឯកឧត្តម ទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក ដែលគាំទ្រដល់ការងារបោសសម្អាតមីននៅកម្ពុជា ព្រមទាំងបានបញ្ជូននូវកងកម្លាំងកងទ័ពជើងគោកចូលរួមដល់ការងារបោសសម្អាតមីនមនុស្សធម៌ ដើម្បីឲ្យកម្ពុជាអាចសម្រេចបាននូវគោលដៅគ្មានមីនឆ្នាំ២០២៥ ទាន់ពេលវេលា ៕ ប្រភព ៖ កងទ័ព