កងពលតូចដឹកជញ្ជូនលេខ៩០ បើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញ ភស្តុភារ ហិរញ្ញវត្ថុ យន្តយុទ្ធ ម្ចាស់ការ
ខេត្តកំពង់ស្ពឺ៖ នៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ ឧត្តមសេនីយ៍ទោ ឈរ សុខ នាយសេនាធិការរង កងទ័ពជើងគោក មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩០ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញ ភស្តុភារ ហិរញ្ញវត្ថុ យន្តយុទ្ធ ម្ចាស់ការ នៅទីបញ្ជាការកងពលតូចលេខ៩០ កងទ័ពជើងគោក ( ក្តាន់រយ ) ខេត្តកំពង់ស្ពឺ ។
របាយការណ៍បើកវគ្គដែលផ្តល់ដោយឧត្តមសេនីយ៍ត្រី កែប ច័ន្ទតូ មេបញ្ជាការរងកងពលតូចដឹកជញ្ជូនលេខ៩០ ទទួលបន្ទុកការងារហ្វឹកហ្វឺន បានឲ្យដឹងថា៖ វគ្គហ្វឹកហ្វឺនបំប៉នជំនាញ ភស្តុភារ ហិរញ្ញវត្ថុ យន្តយុទ្ធ ម្ចាស់ការ មានសិក្ខាកាមសរុបចំនួន ៤៤នាក់ នារីចំនួន ០១នាក់ គ្រូយោធចារ្យ ០៩នាក់ និងក្រុមបម្រើការចំនួន ០៥នាក់ ដោយជ្រើសរើសយកនាយទាហាន នាយទាហានរង ដែលជាថ្នាក់ដឹកនាំតាមបណ្តាកងវរសេនាតូច កងអនុសេនាធំ និងផ្នែកជំនាញចំណុះកងពលតូចដឹកជញ្ជូនលេខ៩០ ។
ឧត្តមសេនីយ៍ទោ ឈរ សុខ បានថ្លែងថាគ្រប់សកម្មភាព និងរាល់សមិទ្ធិផលជាច្រើន ដែលសម្រេចបានក្នុងពេលនេះ គឺសុទ្ធជាស្នាដៃ នៃការខិតខំប្រឹងប្រែងរួមសាមគ្គីភាពដ៏ល្អ ធ្វើឲ្យអង្គភាពទទួលសម្រេចសមិទ្ធិផលដ៏ធំធេងនាពេលនេះ ។ សូមលើកទឹកចិត្ត និងបន្តខិតខំអនុវត្តន៍ភារកិច្ចបន្ថែមទៀត ឆ្លើយតបទៅនិងបទបញ្ជា និងផែនការបានដាក់ចេញប្រកបដោយប្រសិទ្ធភាពខ្ពស់ ។ សូមកោតសរសើរ វាយតម្លៃខ្ពស់ដល់មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងបណ្តាជំនាញចំណុះទាំងអស់ បានប្រកាន់ភ្ជាប់នូវ ឆន្ទៈមោះមុត រួមសហការ សាមគ្គីឯកភាពផ្ទៃក្នុបានល្អ ពុះពាររាល់ការលំបាកបំពេញភារកិច្ច ក៏ដូចជាការងារសហការប្រតិបត្តិការ ទំនាក់ទំនងជាមួយអង្គភាពជាដៃគូរ និងការងារផ្សេងៗទៀត ស្របតាមគោលការណ៍ណែនាំ និងកំណែទម្រង់របស់ ខភម ផងដែរ ។
ឧត្តមសេនីយ៍ទោ ឈរ សុខ បានគូសបញ្ជាក់ពីសារៈសំខាន់នៃវគ្គហ្វឹកហ្វឺនបំប៉នជំនាញ ភស្តុភារ ហិរញ្ញវត្ថុ យន្តយុទ្ធ ម្ចាស់ការ បានគូសបញ្ជាក់ថា បើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញ ភស្តុភារ ហិរញ្ញវត្ថុ យន្តយុទ្ធ ម្ចាស់ការ នាពេលនេះថាពិតជាបានចូលរួមពង្រឹង និងលើកកម្ពស់សមត្ថភាពដល់នាយ -ពលទាហានទាំងអស់ ដែលមានតួនាទីក្នុងការងារ តាមភារកិច្ចរបស់ខ្លួន ដើម្បីយកទៅអនុវត្តន៍ឲ្យមានប្រសិទ្ធភាពខ្ពស់ ប្រើប្រាស់ឲ្យចំគោលដៅ ជាកម្លាំបន្តវេន និងជាទំពាំងស្នងឬស្សីទៅថ្ងៃអនាគត ។
ឧត្តមសេនីយ៍ទោ ឈរ សុខ បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ត្រូវខិតខំរៀនសូត្រ ក្រេបជញ្ជក់ចំណេះដឹង ត្រូវយកចិត្តដាក់រៀនសូត្រ មានវិន័យខ្ពស់ ត្រូវគោរពវិន័យបទបញ្ជាផ្ទៃក្នុងវគ្គ មានសាមគ្គីផ្ទៃក្នុងល្អ និងគោរពពេលវេលារៀនសូត្រអោយបានទៀងទាត់ មានអត្តចរិកល្អស័កសមជាកងយោធពលភូមិន្ទ និងបានសំណូមពរដល់គ្រូ គ្រូយោធាចារ្យត្រូវខិតខំរិះរកគន្លឹះ និងទ្រឹស្តីល្អៗធ្វើយ៉ាងណាអោយសិក្ខាកាមងាយយល់ ពេលបញ្ជប់វគ្គទទួលបានលទ្ធផលល្អ ៕ ប្រភព ៖ កងទ័ព