CAMSOC រំពឹងមានក្រុមហ៊ុនធំៗជប៉ុនច្រើនទៀត ចូលរួមឧបត្ថម្ភស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បន្ទាប់ពីក្រុមហ៊ុន Ajinomoto
ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ រំពឹងជឿជាក់ថា នឹងមានក្រុមហ៊ុនធំៗរបស់ជប៉ុនជាច្រើន បន្តចូលរួមឧបត្ថម្ភគាំទ្រដល់ព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម នៅកម្ពុជា បន្ទាប់ពីក្រុមហ៊ុនជប៉ុន Ajinomoto Co., Inc. ដែលបានចុះហត្ថលេខាជាដៃគូឧបត្ថម្ភធំ ដល់ព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រលើកដំបូង នៅកម្ពុជា នាថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។
ឯកឧត្តមបាន បានបញ្ជាក់ថា Ajinomoto គឺជាក្រុមហ៊ុនដ៏ធំមួយ នៅប្រទេសជប៉ុន ហើយតែងឧបត្ថម្ភដល់គ្រប់ព្រឹត្តិការណ៍ស៊ីហ្គេមទាំងអស់ រួមទាំងការប្រកួតកីឡាអូឡាំពិកផងដែរ។ ដូច្នេះមិនមែនជារឿងប្លែក ឬលើកដំបូង ដែលក្រុមហ៊ុនឧបត្ថម្ភ គាំទ្រដល់ព្រឹត្តិការណ៍ធំៗទេ។ អ្វីដែលពិសេស គឺការប្រកួតកីឡាស៊ីហ្គេម នៅកម្ពុជា ស្របពេលដែលនៅកម្ពុជា ក៏មានប្រជាពលរដ្ឋច្រើនបានគាំទ្រ និងប្រើប្រាស់ផលិតផលរបស់ក្រុមហ៊ុន Ajinomoto។
តាមរយៈការចុះហត្ថលេខាខាងលើនេះ ឯកឧត្តម បានបង្ហាញសុទិដ្ឋិនិយមថា ៖«ការចុះហត្ថលេខានេះ គឺជាការទាក់ទាញមួយដល់ក្រុមហ៊ុនជប៉ុនច្រើនទៀត ដែលចង់ធ្វើការឧបត្ថម្ភគាំទ្រដល់ដំណើរការ នៃការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមរបស់យើង។ យើងក៏សូមអំពាវនាវដល់ក្រុមហ៊ុនធំៗដទៃទៀត បន្ទាប់ពីយើងមានក្រុមហ៊ុនជប៉ុនធំមួយមានជំនឿជាក់ហើយ អ៊ីចឹងក្រុមហ៊ុនផ្សេងៗ ក៏អាចធ្វើការផ្ដល់នូវកិច្ចសហការ និងឧបត្ថម្ភដល់ការរៀបចំការប្រកួតរបស់យើងដែរ។
ក្នុងនាមដៃគូឧបត្ថម្ភ Premium Partner ក្រុមហ៊ុន Ajinomoto បានផ្ដល់នូវការឧបត្ថម្ភជាសាច់ប្រាក់ចំនួន ៤០ម៉ឺនដុល្លារ។ នេះគឺជាការឧបត្ថម្ភដ៏ធំមួយ នូវសាច់ប្រាក់សុទ្ធ ហើយក៏ជាការទទួលខុសត្រូវ និងជាការចែករំលែកវិភាគទានដល់ការងារកីឡា ក៏ដូចជាការងារសង្គម ដែលជួយសម្រាលបន្ទុកនៃការចំណាយរបស់ CAMSOS ស្របតាមគោលការណ៍ «សន្សំសំចៃ តែធ្វើឱ្យអស្ចារ្យ ។ មានន័យថា ការសន្សំសំចៃក្នុងកម្រិតមួយ ដែលអាចយកបាន តែក៏ត្រូវខិតខំស្វែងរកការឧបត្ថម្ភគាំទ្របន្ថែមដែរ ។
ឯកឧត្តម វ៉ាត់ ចំរើន បន្ថែមថា៖ ការប្រកួតកីឡាធំៗ ការចូលរួមឧបត្ថម្ភរបស់ក្រុមហ៊ុនធំៗ គឺជាការរំលេចនូវសាមគ្គីភាពរបស់វិស័យឯកជន ជាមួយព្រឹត្តិការណ៍ ក៏ដូចជាជាមួយរាជរដ្ឋាភិបាល ក្នុងការរួមចំណែកគ្នាធ្វើឱ្យគុណតម្លៃរបស់ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមរបស់យើង កាន់តែធំ កាន់តែមានភាពអស្ចារ្យក្នុងការធ្វើម្ចាស់ផ្ទះ ដែលនេះជាចំណុចសំខាន់។ សូមអំពាវនាវបន្ថែមទៀត ដល់ក្រុមហ៊ុន និងសប្បុរសជនផ្សេងៗ សូមរួសរាន់ ដោយយើងកំពុងតែបើកទ្វារទទួលការឧបត្ថម្ភគាំទ្រនេះ ហើយសូមទាក់ទងក្រុមហ៊ុន Pathmazing ដើម្បីធ្វើការលម្អិត និងធ្វើការរៀបចំការចូលរួមឧបត្ថម្ភគាំទ្របន្ដទៀត។
បច្ចុប្បន្នមានក្រុមហ៊ុនធំៗចំនួន ៤ ហើយ ដែលបានចុះហត្ថលេខាឧបត្ថម្ភធំដល់ព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ រួមមានធនាគារវឌ្ឍនៈ អាស៊ី ចំកាត់ ឬធនាគារ ABA (វិស័យហេរញ្ញវត្ថុ និងធនាគារ), ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត AIA (វិស័យធានារ៉ាប់រងអាយុជីវិត) និងក្រុមហ៊ុន FBT ដែលផ្ដល់ការឧបត្ថម្ភសម្លៀកបំពាក់រាប់ម៉ឺនសម្រាប់ ដល់ដំណើរការរៀបចំ និងចុងក្រោយ គឺក្រុមហ៊ុន Ajinomoto នេះ។ ប៉ុន្ដែក៏មានក្រុមហ៊ុនច្រើនទៀត កំពុងចរចាគ្នា ដូចជាក្រុមហ៊ុនភេសជ្ជៈ និងក្រុមហ៊ុនសេវាកម្មផ្សេងៗជាដើម៕
ជាវ ចន្ធូ