មន្រ្តីទើបទទួលការតែងតាំងថ្មីត្រូវរៀនសូត្រដកពិសោធន៍ពីមន្ត្រីចាស់ៗដែលធ្លាប់អនុវត្តកន្លងមក ពិសេសត្រូវចេះស្រលាញ់រាប់អានគ្នាវិញជាធ្លុងមួយ «កុំមើលបំណាំគ្នា»
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ តំណាង លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ កាលពីព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានណែនាំឱ្យមន្ត្រីដែលទើបតែងតាំង និងទទួលតំណែងថ្មីព្រមទាំងមន្ត្រី នៃមន្ទីរប្រឆាំងគ្រឿងញៀនទាំងអស់ ត្រូវសហការសាមគ្គីផ្ទៃក្នុង និងអនុវត្តភាកិច្ចជូនអង្គភាព ឱ្យមានប្រសិទ្ធិភាព។
លោកឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ បានណែនាំឱ្យមន្ត្រីត្រូវចេះអត់ធ្មត់សហការគ្នាធ្វើការដោយភាពទទួលខុសត្រូវខ្ពស់ ដោយប្រកាន់ខ្ចាប់នូវពាក្យស្លោក «នៅផ្ទះម្តាយទីទៃនៅព្រៃម្តាយតែមួយ» ។ លោកឧត្តមសេនីយ៍ទោ បានបន្តថា មន្រ្តីទើបទទួលការតែងតាំងថ្មីត្រូវរៀនសូត្រដកពិសោធន៍ពីមន្ត្រីចាស់ៗដែលធ្លាប់អនុវត្តកន្លងមក ពិសេសត្រូវចេះស្រលាញ់រាប់អានគ្នាវិញជាធ្លុងមួយ «កុំមើលបំណាំគ្នា»។
លោកឧត្តមសេនីយ៍ទោនាយកមន្ទីរប្រឆាំងគ្រឿងញៀន បានគូសបញ្ជាក់ថា គ្រប់មន្ត្រីទាំងអស់ពេលចុះប្រតិបត្តិការត្រូវរាយការណ៍ដល់ប្រធានក្រុមការងារផ្ទាល់ចៀសវាងមានបញ្ហាកើតឡើងគ្មានការទទួលខុសត្រូវ និងរាល់ពេលចុះប្រតិបត្តិការត្រូវធ្វើការប្រកបដោយជំនាញបច្ចេកទេសក្រមសិលធម៌វិជ្ជាវៈ។
សូមជម្រាបថា ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងនាយនគរបាលជាតិថ្នាក់វរសេនីយ៍ មានចំនួន០៤រូប នៃនាយកមន្ទីរប្រឆាំងគ្រឿងញៀន ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃ រួមមាន ៖
១-លោកវរសេនីយ៍ឯក ហុង វណ្ណារិទ្ធ ជានាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។
២-លោកវរសេនីយ៍ទោ ម៉ាក់ សេរីវឌ្ឍនៈ ជានាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។
៣-លោកវរសេនីយ៍ទោ វ៉ាន់ កែវវង្សវិចិត្រ ជានាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។
៤-លោកវរសេនីយ៍ឯក គង់ សីវឌ្ឍនា ជានាយការិយាល័យរដ្ឋបាល-សរុប ៕ ដោយ ៖ ភារ៉ា និងប៊ុនធី