កម្ពុជាសម្រេចបញ្ជូនមន្ដ្រីជំនាញពន្ធនាគារចំនួន ៤០រូបចូលរួមក្នុង បេសកកម្ម ប្រតិបត្តិការថែរក្សាសន្តិភាពរបស់អ.ស.ប

អត្ថបទដោយ៖
CPA

ភ្នំពេញ៖មន្រ្តីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃបានបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាល កម្ពុជា បានសម្រេចឯកភាពចាត់បញ្ជូនមន្ដ្រីជំនាញពន្ធនាគារចំនួន ៤០រូប ឱ្យចូលរួមក្នុងបេសកកម្មប្រតិបត្តិការថែរក្សាសន្តិភាព របស់អង្គការសហ ប្រជាជាតិ (អ.ស.ប) កាលពីថ្ងៃទី៦ ខែកុម្ភៈ កន្លងទៅថ្មីៗនេះ។

នាកិច្ចប្រជុំស្តីពីការចាត់បញ្ជូនមន្ត្រីជំនាញពន្ធនាគារចូលរួមបេសកកម្មប្រតិបត្តិការថែរក្សាសន្តិភាព របស់ អ.ស.ប នៅទីស្ដីការក្រសួងមហាផ្ទៃកាលពី ថ្ងៃទី៨ ខែកុម្ភៈ សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តី ក្រសួង មហាផ្ទៃ ស ខេង បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បាន ឯកភាព ចាត់បញ្ជូនកម្លាំងជំនាញរបស់ពន្ធនាគារចំនួន ៤០រូប ឱ្យចូលរួមបេសសកម្ម នេះ។
សម្ដេចក្រឡាហោមបញ្ជាក់ថា ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្ដរជាតិ បានធ្វើលិខិតមួយចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ ដោយស្នើសុំ គោលការណ៍ ពីរាជរដ្ឋាភិបាលកម្ពុជា ដើម្បីចាត់បញ្ជូនបេក្ខភាពជាមន្ដ្រី ជំនាញរបស់ពន្ធនាគារចំនួន ៤០រូប ឱ្យចូលរួមក្នុងបេសកកម្មប្រតិបត្តិការ ថែរក្សាសន្តិភាព របស់អ.ស.ប ហើយរាជរដ្ឋាភិបាលកម្ពុជា ក៏បានឯកភាព លើការចាត់បញ្ជូននេះផងដែរ កាលពីថ្ងៃទី៦ ខែមករាកន្លងទៅ»។

ក្នុងកិច្ចប្រជុំនោះដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានថ្លែងទៀតថា ក្រសួងមហាផ្ទៃ មិនទាន់មានបទពិសោធន៍ និងឆ្លងកាត់ការងារនេះ នៅ ឡើយទេ ដូច្នេះត្រូវការបទពិសោធន៍សម្រាប់ការងារនេះ ព្រោះជាការងារថ្មី។ចំពោះការងារ ចូលរួមបេសកកម្មប្រតិបត្តិការថែរក្សាសន្តិភាព របស់អង្គការ សហប្រជាជាតិ មន្ដ្រីពន្ធនាគារ ត្រូវមានលក្ខណៈសម្បត្តិឱ្យបានគ្រប់គ្រាន់ ព្រមទាំងសមត្ថភាព និងភាសាបរទេសដែលពាក់ព័ន្ធជាដើម។
សម្ដេចក្រឡាហោមក៏បានរម្លឹកថា ក្នុងកិច្ចប្រជុំដែលរៀបចំឡើងនៅប្រទេស សិង្ហបុរីកាលពីប្រមាណ១០ឆ្នាំមុន មន្រ្តីជាន់ខ្ពស់អ.ស.ប បានផ្ដួចផ្ដើមគំនិត ឱ្យ មានការបញ្ជូនកម្លាំងនគរបាលចូលរួមបំពេញបេសកកម្មក្រោមឆ័ត្រ អង្គការសហប្រជាតិ បន្ថែមលើការបញ្ជូនកងទ័ព។

លោកស្រី កុសល ម៉ាលីនដា អ្នកនាំពាក្យមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម បានប្រាប់ឱ្យដឹងថា ការបញ្ជូនមន្ត្រីពន្ធធនាគារកម្ពុជាក្រោមឆត្រអង្គការ សហប្រជាជាតិចំនួន ៤០រូបនេះ ជាការឆ្លើយតបទៅតាមការស្នើសុំពី ភាគីអង្គការសហប្រជាជាតិ។

លោកស្រីបន្តថា តាមការស្នើសុំពីភាគី អ.ស.បក្នុងលិខិតមិនបានបញ្ជាក់ ទេថា នឹងមានការបញ្ជូននៅពេលណានោះទេ ហើយត្រូវជ្រើសរើសក្នុង លក្ខណៈ បុគ្គល មិនមែនជាក្រុម ឬជាកងឡើយ។
លោកស្រីបានបញ្ជាក់បន្ថែមថា បុគ្គលនីមួយៗ តម្រូវឱ្យមានការដាក់ពាក្យ ដើម្បីភាគីអ.ស.ប ធ្វើតេស្ត ហើយអ.ស.ប ជាអ្នកជ្រើសរើសទៅតាមទិដ្ឋភាព និងសមត្ថភាពរបស់បុគ្គលនីមួយៗជាក់ស្តែង។

ទាក់ទងនឹងការចាត់បញ្ជូន មន្រ្តីពន្ធនាគារនេះ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហាញពីការគាំទ្រនូវ សកម្មភាពសុច្ឆន្ទៈដ៏ល្អរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ចូលរួមជួយដោះស្រាយបញ្ហាដល់ប្រទេសណាដែលកំពុងតែរងគ្រោះដោយសង្រ្គាម។
លោកបាននិយាយថា ការណ៍នេះបង្ហាញពីការចូលរួមយ៉ាងសកម្មរបស់ ប្រទេសកម្ពុជា ក្នុងដំណើរការស្វែងរកសន្តិភាពទូទាំងពិភពលោក។ កម្ពុជាធ្លាប់ជួបប្រទះនូវសង្រ្គាមហែកហួរគ្នា ហើយទទួលបានសន្តិភាពដោយ សារអង្គការសហប្រជាជាតិចូលរួមដោះស្រាយជំលោះនយោបាយកម្ពុជា ដែលពេលនេះ កម្ពុជាទទួលបាននូវសុខសន្តិភាពហើយ។
លោក យង់ ពៅ បានបញ្ជាក់ថា ៖ «ដូចនេះ នៅពេលនេះកម្ពុជាមាន កាតព្វកិច្ច ចូលរួមនៅក្នុងការស្វែងរកសុខសន្តិភាពជូនប្រជាជាតិទូទាំង សកលលោក ដែលនេះគឺជាសុច្ឆន្ទៈដ៏ល្អនៅក្នុងនយោបាយកម្ពុជា ដែលបានបង្ហាញពិភពលោក ក៏ដូចជាបណ្តាប្រទេសដទៃទៀតដែលកំពុង រងគ្រោះ»។

យោងតាមមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោស សម្អាតមីន និងកាកសំណល់សង្គ្រាម បានលើកឡើងដែរថា ចាប់តាំងពី ឆ្នាំ២០០៦ ដល់បច្ចុប្បន្ន កម្លាំងកម្ពុជាសរុបចំនួន ៨ ៨៥៩នាក់ ក្នុងនោះ នារីមានចំនួន ៦៨១នាក់ ទៅកាន់បេសកម្មចំនួន១១ ក្នុងប្រទេសចំនួន ប្រាំបួន។ ប្រទេសទាំងនោះរួមមាន៖ ស៊ូដង់, ស៊ូដង់ខាងត្បូង, អាហ្រ្វិកកណ្ដាល, លីបង់, សាយប្រឹស, យេមែន, ឆាត, ស៊ីរី និងម៉ាលី។
ប្រភពដដែលថា បច្ចុប្បន្នកម្លាំងកម្ពុជាចំនួន ៧៨៨នាក់ ក្នុងនោះនារី មានចំនួន ១៣០នាក់ កំពុងបំពេញបេសកម្មនៅស៊ូដង់ខាងត្បូង លីបង់ ម៉ាលី និងអាហ្រ្វិកណ្ដាល៕
ដោយ៖នាង សុគន្ធា និងសំបាន ច័ន្ទដារ៉ា

ads banner