Camsoc ជម្រុញអោយនាយកបច្ចេកទេសរបស់សហព័ន្ធកីឡាជាតិ ត្រូវពង្រឹងលើភាពជាម្ចាស់ នៃការរៀបចំលើប្រភេទកីឡា និងតួនាទីភារកិច្ចរបស់ខ្លួន
ភ្នំពេញ៖គណអចិន្រ្តៃយ៍ នៃគណកម្មការរៀបចំព្រឹត្តការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ បានបើកកិច្ចប្រជុំជាមួយសហព័ន្ធកីឡាជាតិ ដើម្បីដោះស្រាយបញ្ហាប្រឈម និងការងារនៅសេសសល់ ក្រោមអធិតីភាពឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងអនុប្រធានអចិន្រ្តៃយ៍ Camsoc ទៅលើភាពជាម្ចាស់ នៃការងាររៀបចំរបស់សហព័ន្ធកីឡាជាតិ គ្រប់ការប្រកួតទាំងអស់ គ្រប់ប្រភេទកីឡា និងជាតួនាទីភារកិច្ច។ កិច្ចប្រជុំនេះធ្វើនៅពហុកីឡដ្ឋានជាតមរតកតេជោ នាព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៣។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ Camsoc បញ្ជាក់បន្ថែមថា កិច្ចប្រជុំខាងលើនេះ ចង់បញ្ជាក់ថា តើសហព័ន្ធកីឡាជាតិត្រូវធ្វើអ្វីខ្លះ ដឹកនាំអ្វីខ្លះ មានបញ្ហាអ្វីខ្លះ ត្រូវយកមកដោះស្រាយ ដោយសារការរៀបចំមានភាគីច្រើនពាក់ព័ន្ធ ដូចជា សហព័ន្ធកីឡាអន្តរជាតិ សហព័ន្ធកីឡាជាតិ និងគណកម្មការជំនាញ Camsoc ចូលរួមដែរ។ ដូច្នេះភាគីទាំង៣ត្រូវទទួលខុសត្រូវ រួមសហការគ្នាក្នុងការរៀបចំអោយដំណើរការនៃការប្រកួតរបស់ប្រភេទកីឡានីមួយៗប្រព្រឹត្តទៅដោយរលួន និងរៀបចំអោយត្រូវស្តង់ដាអន្តរជាតិ។ អញ្ចឹងហើយសហព័ន្ធកីឡាជាតិត្រូវយល់ដឹងពីលក្ខខន្តិកៈតម្រូវការច្បាស់លាស់ តាមផ្នែកនីមួយៗ និងយល់ពីយន្តការរបស់ ហ្គេម ខុសពីយន្តការប្រកួតជើងឯករបស់ប្រភេទកីឡាមួយៗ មានលក្ខណបុព្វសិទ្ធ និងឯករាជរបស់សហព័ន្ធកីឡាជាតិ ប៉ុន្តែហ្គេម ត្រូវមានការទទួលខុសត្រូវទៅលើបទបញ្ញាតិហ្គេម របស់ការប្រកួតជាពហុកីឡា ដើម្បីយកទៅអនុវត្តិប្រកបដោយប្រសិទ្ធភាព ជាពិសេសគឺជាការទទួលខុសត្រូវក្នុងផ្នែក ការវិនិច្ឆ័យការប្រកួតជាមួយសហព័ន្ធអន្តរជាតិអោយមានប្រសិទ្ធភាពខ្ពស់។ ឯកឧត្តម វ៉ាត់ ចំរើន គូសបញ្ជាក់បន្ថែម។

ឯកឧត្តមអគ្គលេខាធិការ បន្តថា កម្លាំងសំខាន់មួយទៀត គឺគាំទ្រដល់ការងារដំណើរការប្រកួត មានកម្លាំងអ្នកស្ម័គ្រចិត្ត អ្នកពិធីការក្នុងពិធីផ្សេងៗរបស់សហព័ន្ធអំពីការរៀបចំពិធីបំពាក់មេដាយ និងត្រូវបែងចែកភារកិច្ចគ្នារវាងគណកម្មការ Camsoc ត្រូវធ្វើអ្វីខ្លះ រៀបចំអ្វីខ្លះ។ ឯកឧត្តម វ៉ាត់ ចំរើន បន្ថែមថា ឯកឧត្តមបណ្ឌិត ថោង ខុន បាននែនាំអោយនាយកបច្ចេកទេសដែលបញ្ជូនមកពីសហព័ន្ធ និងត្រូវបានសម្តេចពិជ័យសេនា ទៀ បាញ់ ប្រធាន CAMSOC បានបញ្ចូលឈ្មោះជាមន្រ្តីរបស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ធ្វើការលើផ្នែកបច្ចេកទេស ដឹកនាំលើការប្រកួតតាមប្រភេទកីឡានីមួយៗ ត្រូវធ្វើការជាមួយសហព័ន្ធអន្តរជាតិ ដែលមានបច្ចេកទេសស្តង់ដាអន្តរជាតិ បទបញ្ជាការប្រកួតអន្តរជាតិត្រូវតែបន្ស៊ីធ្វើការរួមគ្នា។ ឯកឧត្តម បន្តថា មជ្ឍមណ្ឌលប្រតិបត្តិការ គឺជាសេនាធិការតែមួយគត់ ក្នុងការបញ្ជារការងារទាំងអស់ នៅក្នុងហ្គេម អញ្ចឹងហើយបានជាសហព័ន្ធកីឡាជាតិដែលមាននាយកបច្ចេកទេសរបស់ខ្លួនត្រូវមកប្រចាំការ និងមានការទទួលខុសត្រូវ ដោយគណកម្មការជាតិ Camsoc បានទម្លាក់ថវិកាត្រង់ទៅអោយនាយកបច្ចេកទេស ដើម្បីប្រើប្រាស់បំពេញតម្រូវការរដ្ឋបាលបច្ចេកទេសតាមប្រភេទកីឡាមួយៗ។ ឯកឧត្តម សង្កត់ធ្ងន់ថា ការទម្លាក់ថវិកាជូននាយកបច្ចេកទេស គឺជាចំនុចល្អមួយពន្លឿនសកម្មភាពរបស់ប្រភេទកីឡានីមួយៗ មានកម្លាំងចិត្ត មានសុទ្ធិថិនិយមទាំងអស់គ្នាថា ការរៀបចំ នឹងដំណើរទៅល្អ និងទទួលបានជោគជ័យ។

ឯកឧត្តម វ៉ាត់ ចំរើន ជម្រុញអោយសហព័ន្ធកីឡាជាតិត្រូវរៀបចំ និងអភិវឌ្ឍន៍កីឡាករ កីឡាការិនី និងប្រម៉ែប្រមូលកីឡាករនៅក្រៅប្រទេស មានឈាមជ័រជាខ្មែរទាំងអស់អោយចូលមកហ្វឹកហាត់ ចាប់ពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ នៅភូមិកីឡា ដើម្បីត្រៀមលក្ខណប្រកួត ដោយក្រុមកីឡាករមួយចំនួននឹងមកដល់នាថ្ងៃទី២៤-២៥ ខែមេសា។ ដូច្នេះការប្រជុំនេះ គឺត្រួតពិនិត្យដោះស្រាយបញ្ហាប្រឈមជាមួយគ្នាដោយមិនទុកបញ្ហាណាមួយនៅសេសសល់ ក្រោមការដឹកនាំរបស់ឯកឧត្តម បណ្ឌិត ថោង ខុន បានតាមដានគ្រប់មុខងារទាំងអស់។ ក្នុងនោះដែរក្រោយពីកិច្ចប្រជុំពិសេស និងកិច្ចប្រជុំរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធាន Camsoc គឺបានអោយគ្រប់ជំនាញនៃការផ្គត់ផ្គង់ទាំងអស់អោយមានភាពជាក់លាក់ តាមដានត្រួតពិនិត្យជារៀងរាល់ថ្ងៃ ហើយជាពិសេសសម្តេចពិជ័យសេនា បានដាក់អនុសាស្រ្តថា អ្នកប្រចាំការការងារទាំងអស់ត្រូវចេញពីក្របខណ្ឌក្រសួងស្ថាប័នមកជួយបំរើការងារអោយគណកម្មការជាតិ Camsoc អោយបានចប់សព្វគ្រប់សិន និងបំពេញការងារជាអចិន្រ្តៃយ៍ដើម្បីជម្រុញការងារអោយមានប្រសិទ្ធភាពខ្ពស់៕ ចាន់ វិចិត្រ

