អ្នកជំនាញនៃក្រសួងបរិស្ថាន កំពុងប្រឹងប្រែងសិក្សាស្រាវជ្រាវកំណត់ អត្តសញ្ញាណផ្កាកេសរកូល ដែលមិនទាន់មានឈ្មោះ
ភ្នំពេញ៖អ្នកជំនាញនៃក្រសួងបរិស្ថាន កំពុងប្រឹងប្រែងសិក្សាស្រាវជ្រាវ កំណត់អត្តសញ្ញាណកេសរកូលដែលមិនទាន់បានកំណត់អត្តសញ្ញាណនិងមិនទាន់មានឈ្មោះនៅឡើយនោះ។អ្នកជំនាញបញ្ជាក់ថា ផ្កាកេសរកូលជា ច្រើនប្រភេទដែលបានរកឃើញនៅកម្ពុជាមិនទាន់មានអត្តសញ្ញាណនៅឡើយ។
កេសរកូល ឬត្រូវបានគេស្គាល់ថាជាផ្កាអ័រគីដេ (Orchid) គឺជាប្រភេទផ្កា ដែល មាន អត្ថ ប្រយោជន៍ ច្រើននិងមានលក្ខណៈស្មុគស្មាញក្នុងការ សិក្សា ស្វែងយល់។កេសរកូលទៀតសោត មានវត្តមាន រាប់ពាន់ប្រភេទខុសៗគ្នា ដែលពីប្រភេទមួយ ទៅប្រភេទមួយ ស្ទើរតែមិនអាចបែងចែកដាច់ដោយ មើលនឹងភ្នែកទទេ។ពីមួយឆ្នាំ ទៅមួយឆ្នាំមន្ត្រីឧទ្យានុរក្ស ព្រមទាំងអ្នក ជំនាញ ត្រូវចូលទៅក្នុងព្រៃដើម្បីរកមើលនូវកេសរកូលប្រភេទថ្មី សម្រាប់ យកមកទុក និងសិក្សានៅក្នុងមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន។

បើតាមអ្នកជំនាញដំណើរនៃការស្វែងរក និងកំណត់អត្តសញ្ញាណកេសរ កូលគឺមានលក្ខណៈយឺតយាវ ដោយហេតុថាមានកង្វះខាតនូវធនធាន មនុស្ស ផ្នែកនេះ។

លោក ឈិន សុភា ប្រធានការិយាល័យនៃនាយកដ្ឋានស្រាវជ្រាវជីវៈចម្រុះ បានឱ្យដឹងថា បច្ចុប្បន្ននេះ ធនធានមនុស្សផ្នែកស្រាវជ្រាវធ្វើចំណាត់ថ្នាក់ ឬហៅថា Taxonomyរបស់កេសរកូល នេះមានតិចតួចប៉ុណ្ណោះ។ ដូច្នេះ ហើយដំណើរការនៃការសិក្សាស្រាវជ្រាវត្រូវធ្វើទៅដោយសន្សឹមៗ។
លោកបន្តថា ដោយសារតែបញ្ហាកង្វះធនធាននេះក្នុងមួយឆ្នាំយើងអាច កំណត់ចំណាត់ថ្នាក់កេសរកូលបានប្រហែលជា១០ប្រភេទប៉ុណ្ណោះ ខណៈ ដែលលោក និងអ្នកជំនាញផ្សេងទៀតជឿថានៅមាន ប្រភេទ កេសរ កូល ជាច្រើនទៀត ដែលកម្ពុជាមិនទាន់បានកំណត់ចំណាត់ថ្នាក់នៅឡើយ។
លោក ឈិន សុធី៖ «មកដល់ពេលនេះយើងប្រមូលបានកេសរកូលចំនួន ២១០ប្រភេទ ប៉ុន្តែយើង ទើបតែកំណត់អត្តសញ្ញាណបាន១១៩ប្រភេទ ប៉ុណ្ណោះ (នៅសល់៩១ប្រភេទទៀតមិនទាន់កំណត់អត្តសញ្ញាណ)»។
លោកបន្តថា ការកំណត់អត្តសញ្ញាណកេសរកូលមានលក្ខណៈស្មុគស្មាញ ដោយសារតែ កេសរកូលមួយចំនួនយើងមិនអាចមើលឃើញភាពខុសគ្នា ដោយ ភ្នែកទទេបានទេ គឺត្រូវឆ្លងកាត់ការវិភាគឌីអិនអេ( DNA) បន្តទៀត ដែលលទ្ធភាពនេះកម្ពុជាយើងមិនទាន់មាននោះទេ។ ផ្អែកលើមូលហេតុនេះ កេសរកូលដែលប្រមូលមកបាន ត្រូវការការជួយពីអ្នកជំនាញក្រៅស្រុក ក៏ដូចជាបញ្ជូនសំណាកទៅសិក្សានៅ ក្រៅស្រុក។លោកបន្ថែមថា បន្ទាប់ពី សិក្សាហើយ ប្រសិនបើវាពិតជាផ្កាប្រភេទថ្មីដែលមិនទាន់មាន អត្តសញ្ញាណ ពិតមែន អ្នកជំនាញត្រូវរកឈ្មោះវិទ្យាសាស្ត្រ និងឈ្មោះជាភាសាខ្មែរដាក់ទៅ ឱ្យផ្កានោះ។ ជាពិសេសគឺត្រូវមានការសិក្សាអំពីលក្ខខណ្ឌជីវសាស្ត្ររបស់ ផ្កា ប្រភេទថ្មីមួយនោះផងដែរ។
លោក ឈិន សុភា អះអាងថាសម្រាប់ធនធានមនុស្សផ្នែកស្រាវជ្រាវធ្វើ ចំណាត់ ថ្នាក់ ឬហៅថា Taxonomyរបស់កេសរកូល មានតិចតួចខ្លាំង ណាស់ ហើយសកលវិទ្យាល័យដែលបណ្ដុះបណ្ដាលជំនាញនេះ ក៏មាន តិចតួចដែរ។
លោក ឈិន សុភា៖ «សម្រាប់ជំនាញនេះ( ស្រាវជ្រាវធ្វើចំណាត់ថ្នាក់ ឬ ហៅ ថា Taxonomyរបស់កេសរកូល) តាមខ្ញុំដឹងមានបង្រៀននៅសកល វិទ្យាល័យ ភូមិន្ទភ្នំពេញ និងភូមិន្ទកសិកម្ម តែក៏មិនសូវជាច្បាស់លើរុក្ខជាតិ ប្រភេទណាមួយដែរ និយាយទៅគឺបើសិស្សចង់ចេះ ជំនាញណាមួយគឺត្រូវ សម្រួចខ្លួនឯង»។
ក្នុងនាមជាអ្នកជំនាញមួយរូប លោកលើកទឹកចិត្តដល់សិស្ស និស្សិត ឱ្យ ងាកទៅចាប់អារម្មណ៍សិក្សា នូវជំនាញនេះដើម្បីការអភិរក្សកេសរកូល កាន់ តែ ទូលំទូលាយ និងលឿនជាងមុន។ ម្យ៉ាងទៀត ប្រសិន បើស្រាវជ្រាវធ្វើ ចំណាត់ថ្នាក់ ឬហៅថា Taxonomyរបស់កេសរកូល មានការរៀនសូត្រ បានកាន់តែច្រើន កម្ពុជាអាចនឹងឈានទៅមានមន្ទីរពិសោធន៍ ហើយ បើដូច្នោះ រាល់ការកំណត់អត្តសញ្ញាណផ្សេងៗ នឹងមានភាពងាយស្រួល ជាងមុន និងចំណាយ ពេលវេលាតិចជាងមុន។
លោក ឈិន សុភា បន្ថែមថា នៅប្រទេសថៃបច្ចុប្បន្ននេះ បានកំណត់ អត្តសញ្ញាណ កេសរកូលរហូតដល់ប្រមាណមួយពាន់ប្រភេទទៅហើយ។ អាស្រ័យលើសណ្ឋានដី និងអាកាសធាតុ ស្រដៀងគ្នា ធ្វើឱ្យលោកជឿជាក់ ថាកេសរកូលនៅកម្ពុជាក៏មានមិនតិចដែរ។
លោកបន្តថា ៖«ប្រភេទកេសរកូលឈ្មោះថា «ព្រះទ្រហឹង» ដែលជាប្រភេទ ដ៏កម្រមួយ និងត្រូវបានគេជឿ ថាមិនមាននៅកម្ពុជានោះ បែរជាប្រទះ ឃើញ នៅក្នុងព្រៃទឹកភ្លៀងកម្ពុជាទៅវិញ។ ដូច្នេះ វាក៏ជារឿង ដែលអាចទៅរួច ដែលថាកម្ពុជានៅមានកេសរកូលជាច្រើនប្រភេទទៀត។និយាយជារួម ធនធានគឺត្រូវបានអ្នកជំនាញជឿជាក់ថាមានវត្តមាននៅកម្ពុជាហើយ ប៉ុន្តែអ្វីដែលជា បញ្ហានោះគឺខ្វះកម្លាំងក្នុងការស្រាវជ្រាវ ហើយប្រសិនបើ ការស្រាវជ្រាវមានភាពយឺតយាវពេក ប្រភេទផ្កាខ្លះក៏ត្រូវបានផុតពូជពី ធម្មជាតិ ដោយសារតែការដកយកទៅធ្វើអាជីវកម្មជាដើម»៕
ដោយ៖ កែវ បុស្បា