ឯកអគ្គរាជទូតនៃចក្រភពអង់គ្លេសប្រចាំកម្ពុជាសរសើរកម្ពុជាលើសកម្មភាពមីន

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ឯកអគ្គរាជទូតនៃចក្រភពអង់គ្លេសប្រចាំកម្ពុជាបានកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះសកម្មភាពរបស់អាជ្ញាធរមីនកម្ពុជាក្នុងកា រសម្រប សម្រួល ត្រួតពិនិត្យ និងគ្រប់គ្រងសកម្មភាពមីននៅកម្ពុជា ដោយបាន សម្រេចនូវសមិទ្ធផលជាច្រើន និងមានការចូលរួមយ៉ាងផុសផុលពីវិស័យ ឯកជន និងសប្បុរសជននានាផងដែរ។

ការកោតសរសើរនេះបានធ្វើឡើងដោយ លោក ដូមីនិក វិល្លៀម(Dominic Williams) ឯកអគ្គរាជទូតនៃចក្រភពអង់គ្លេសប្រចាំកម្ពុជា នាថ្ងៃទី៨ ខែ កុម្ភៈ ក្នុងជំនួបពិភាក្សាការងារជាមួយនឹងឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ស្តីពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការ សកម្មភាព មីននៅកម្ពុជា។

យោងតាមអាជ្ញាធរមីនកម្ពុជាបានឱ្យដឹងថា លោក ដូមីនិក វិល្លៀម បាន កោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះសកម្មភាពរបស់អាជ្ញាធរមីន ក្នុង ការ សម្របសម្រួល ត្រួតពិនិត្យ និងគ្រប់គ្រងសកម្មភាពមីននៅកម្ពុជា ដោយ បានសម្រេចនូវសមិទ្ធផលជាច្រើន និងមានការចូលរួមយ៉ាងផុសផុល ពី វិស័យឯកជន និងសប្បុរសជននានា។

ប្រភពដដែលបានបញ្ជាក់ថា ៖ «ចក្រភពអង់គ្លេស នឹងបន្តចូលរួមគាំទ្រដល់ ការងារបោសសម្អាតមីនមនុស្សធម៌នេះរហូតដល់កម្ពុជាអស់មីន»។
នាឱកាសនៃជំនួបនេះដែរ ឯកឧត្តម លី ធុជ ក៏បានលើកឡើងអំពីកិច្ចខិត ខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ នាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងការដោះស្រាយបញ្ហាគ្រាប់មីននៅកម្ពុជា ដោយបានដាក់ចេញនូវទស្សនវិស័យកម្ពុជាគ្មានមីនឆ្នាំ២០២៥។

ឯកឧត្តមបានបន្តថា ៖ «រយៈពេល ៣០ឆ្នាំនេះ កម្ពុជាបានសម្រេចនូវ សមិទ្ធផលការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម បាន យ៉ាងច្រើន ក្នុងការចូលរួមកាត់បន្ថយអត្រាគ្រោះថ្នាក់ ផ្តល់ក្តីសង្ឃឹមថ្មី និងផ្តល់ដីសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ដែលសមិទ្ធផលទាំងនេះ ក៏មានការចូលរួមវិភាគទានពីចក្រភពអង់គ្លេសផងដែរ»។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម លី ធុជ ក៏បានថ្លែងអំណរគុណ ដល់រាជរដ្ឋាភិបាល និងប្រជាជននៃចក្រភពអង់គ្លេស ចំពោះទឹកចិត្ត និងការគាំទ្រប្រកបសប្បុរសធម៌ ក្នុងការងារបោសសម្អាតមីននៅកម្ពុជា ហើយការចូលរួមនេះពិតជាបានជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈការផ្តល់ដីសុវត្ថិភាពសម្រាប់បង្កបង្កើនផល។
ជាមួយគ្នានោះឯកឧត្តម លី ធុជ ក៏បានលើកឡើងដែរពាក់ព័ន្ធនឹង ការងារ បោសសម្អាតមីនតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដោយឯកឧត្តមបាន បញ្ជាក់យ៉ាងខ្លីថា អាជ្ញាធរមីន សហការជាមួយកងទ័ពជើងគោក មជ្ឈមណ្ឌល ជាតិរក្សាសន្តិភាព និងអង្គភាពស៊ីម៉ាក់ បានបង្កើតក្រុមការងារ ចំពោះកិច្ចសម្របសម្រួលលើការបោសសម្អាតមីនតាមព្រំដែន ហើយក្រុម ការងារនេះកំពុងដំណើរការ។

សូមរំឮកផងដែរថា នាចុងខែធ្នូ ឆ្នាំ២០២២ កន្លងទៅនេះ មន្រ្តីជាន់ខ្ពស់ នៃអាជ្ញាធរមីន បានជួបជាមួយអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់ មីនថៃ (TMAC) លោក Supathat Narindarabhakdi ដើម្បីពិភាក្សា និងការពង្រឹងកិច្ចសហប្រតិបត្តិការបោសសម្អាតមីននៅតំបន់ព្រំដែនកម្ពុជា-ថៃ។
ក្នុងជំនួបនោះឯកឧត្តម លី ធុជ បានបញ្ជាក់ថា អាជ្ញាធរមីននឹងបន្តផ្តល់កិច្ច សហការ យ៉ាងជិតស្និទ្ធជាមួយអង្គភាព TMAC ថៃ ដើម្បីពន្លឿនដល់ការងារ បោសសម្អាតមីននៅតាមបណ្តោយព្រំដែន ដែលកិច្ចការនេះ អាជ្ញាធរមីន នឹងត្រូវសហការជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមមានកងទ័ពជើងគោក មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព (NPMEC) និងអង្គភាព ស៊ីម៉ាក់ ដើម្បីផលប្រយោជន៍រួមនៃប្រទេស និងប្រជាជនទាំងពីរ។
សូមបញ្ជាក់ថា កម្ពុជា និងថៃបានដាក់ចេញនូវទស្សនៈវិស័យដូចគ្នាក្នុងការ បញ្ចប់ការងារបោសសម្អាតមីនឱ្យអស់ពីទឹកដីរៀងៗខ្លួន ដោយកម្ពុជា ប្រកាស អស់មីននៅត្រឹមឆ្នាំ ២០២៥ ខណៈថៃប្រកាសថានឹងអស់មីនឆ្នាំ ២០២៦៕
ដោយ៖នាង សុគន្ធា

ads banner