ភ្នាក់ងារថាមពលអន្តរជាតិ៖ អាស៊ីនឹងប្រើប្រាស់អគ្គិសនីពាក់កណ្តាល នៃទំហំ ប្រើប្រាស់របស់ពិភពលោកក្នុងឆ្នាំ ២០២៥

ប៉ារីស៖ទ្វីបអាស៊ីនឹងប្រើប្រាស់ថាមពលអគ្គិសនីរហូតដល់ពាក់កណ្តាល នៃចំនួនប្រើប្រាស់របស់សកលជាលើកដំបូងនៅឆ្នាំ ២០២៥ ខាងមុខ។ នេះបើយោងតាមការព្យាករណ៍ថ្មីមួយ ដែលចេញផ្សាយកាលពីថ្ងៃពុធក្នុង របាយការណ៍ទីផ្សារអគ្គិសនីឆ្នាំ ២០២៣ របស់ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA)។

ស្ថាប័នដែលមានមូលដ្ឋាននៅទីក្រុងប៉ារីសនេះបានឱ្យដឹងថា ប្រទេសចិន ដែលមានប្រជាជនជាង ១,៤ ប៊ីលាននាក់នាពេលបច្ចុប្បន្ននេះ នឹងប្រើប្រាស់ អគ្គិសនីច្រើនជាងគេនៅទ្វីបអាស៊ីក្នុងឆ្នាំ ២០២៥ ហើយចំណែកនៃការប្រើ ប្រាស់ អគ្គីសនីរបស់ចិន នឹងកើនដល់ ១ភាគ៣ នៃការប្រើប្រាស់របស់ ពិភពលោក។ នាយកទីផ្សារថាមពល និងសន្តិសុខរបស់ IEA លោក Keisuke Sadamori បានថ្លែងថា៖ «ចិននឹងប្រើប្រាស់អគ្គិសនីច្រើនជាង សហភាពអឺរ៉ុប សហរដ្ឋអាមេរិក និងឥណ្ឌារួមបញ្ចូលគ្នា»។

ផ្ទុយទៅវិញ ទ្វីបអាហ្វ្រិក ដែលមានប្រជាជនស្ទើរតែ១ភាគ៥នៃចំនួន ប្រជាជន សរុបរបស់ពិភពលោក នឹងប្រើប្រាស់អគ្គីសនីអស់ត្រឹមតែ ៣ ភាគរយ នៃការប្រើប្រាស់អគ្គីសនីសរុបរបស់សកលក្នុងឆ្នាំ ២០២៥ ប៉ុណ្ណោះ។ លោក Sadamori បានលើកឡើងថា៖ «បញ្ហានេះ រួមផ្សំ ទាំងកំណើនយ៉ាងឆាប់រហ័សនៃចំនួនប្រជាជនមានន័យថា តម្រូវការ ដ៏ធំសម្រាប់កំណើននៃការប្រើប្រាស់អគ្គិសនីនៅក្នុងទ្វីបអាហ្រ្វិកនៅតែមាន»។
របាយការណ៍ប្រចាំឆ្នាំរបស់ IEA បានព្យាករណ៍ថា ថាមពលនុយក្លេអ៊ែរ និងថាមពលកកើតឡើងវិញ ដូចជាខ្យល់ និងពន្លឺព្រះអាទិត្យ នឹងមាន ការកើនឡើងយ៉ាងច្រើននៅក្នុងការផ្គត់ផ្គង់អគ្គិសនីពិភពលោកក្នុងរយៈពេល ៣ ឆ្នាំខាងមុខ។ នេះជាផលវិជ្ជមានមួយ ព្រោះវានឹងទប់ស្កាត់ការកើនឡើង យ៉ាងខ្លាំងនៃការបំភាយឧស្ម័នផ្ទះកញ្ចក់ពីវិស័យថាមពល ខណៈពិភពលោក នាំគ្នារក្សាកម្ដៅពិភពលោកឱ្យនៅជាមធ្យមត្រឹម ១,៥ អង្សាសេ ឬមិនឱ្យ លើសពី ២ អង្សាសេ (បើប្រៀបធៀបនឹងសម័យមុនបដិវត្តន៍ឧស្សាហកម្ម) ដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។

ក្តីសង្ឃឹមមួយសម្រាប់ការសម្រេចបាននូវគោលដៅអាកាសធាតុនេះ គឺការផ្លាស់ប្តូរចេញពីការប្រើប្រាស់ប្រភពថាមពលពីឥន្ធនៈហ្វូស៊ីលដូចជាធ្យូងថ្ម ឧស្ម័ន និងប្រេង ឆ្ពោះទៅរកប្រភពថាមពលដែលមានកាបូនទាប។

ទន្ទឹម IEA បានលើកឡើងថា ខណៈតំបន់មួយចំនួនដូចជានៅអាមេរិក ខាងជើង និងនៅអឺរ៉ុបកំពុងកាត់បន្ថយការប្រើប្រាស់ធ្យូងថ្ម និងឧស្ម័ន សម្រាប់ផលិតអគ្គិសនី ការប្រើប្រាស់នៅតំបន់ផ្សេងទៀតដូចជាអាស៊ី ប៉ាស៊ីហ្វិក កំពុងកើនឡើង។ របាយការណ៍កម្រាស់ ១៣៤ ទំព័រក៏ បានព្រមានថា តម្រូវការ និងការផ្គត់ផ្គង់អគ្គិសនី កំពុងពឹងផ្អែកលើ ធាតុ អាកាសកាន់តែខ្លាំងឡើង ដែលជាបញ្ហាមួយតម្រូវឱ្យអ្នកបង្កើតគោល នយោបាយដោះស្រាយ។

លោក Sadamori បានគូសបញ្ជាក់ជុំវិញបញ្ហានេះថា៖ «បន្ថែមពីលើ គ្រោះរាំង ស្ងួតនៅអឺរ៉ុប មានរលកកម្ដៅនៅឥណ្ឌា (កាលពីឆ្នាំមុន)»។ លោកបានបន្តថា៖ «ស្រដៀងគ្នានេះដែរ ភាគកណ្តាល និងភាគខាងកើត របស់ប្រទេសចិន ក៏រងការវាយប្រហារដោយរលកកម្ដៅ និងគ្រោះរាំងស្ងួត។ សហរដ្ឋអាមេរិកឯនោះវិញ ក៏ជួបព្យុះរដូវរងាដ៏ធ្ងន់ធ្ងរក្នុងខែធ្នូ។ ព្រឹត្តិការណ៍ទាំងអស់នោះ បានធ្វើឲ្យមានភាពតានតឹងយ៉ាងខ្លាំងដល់ប្រព័ន្ធ ថាមពលនៃតំបន់ដែលប្រឈមមុខ»។

IEA បាននិយាយបន្ថែមពីលើនេះថា៖ «នៅពេលការផ្លាស់ប្តូរទៅប្រើ ថាម ពលស្អាតកើនឡើង ផលប៉ះពាល់នៃព្រឹត្តិការណ៍ធាតុអាកាសលើ តម្រូវ ការអគ្គិសនី នឹងកាន់តែខ្លាំងឡើងដោយសារកំណើននៃការប្រើប្រាស់ ថាមពល ស្របពេលដែលចំណែកនៃថាមពលកកើតឡើងវិញ ដែលពឹង ផ្អែកលើធាតុអាកាសនឹងបន្តកើនឡើងនៅក្នុងល្បាយថាមពល»។

ស្ថាប័នដដែលបន្តថា៖ «ក្នុងពិភពលោកបែបនេះ ការបង្កើនភាពបត់បែន នៃប្រព័ន្ធថាមពល ខណៈធានាសុវត្ថិភាពនៃការផ្គត់ផ្គង់ និងភាពធន់នៃ បណ្តាញ នឹងមានសារៈសំខាន់»៕
ដោយ៖ហួន ឌីណា

ads banner