រុស្ស៊ីគំរាមសងសឹក បើសិនអង់គ្លេសបញ្ជូនយន្តហោះចម្បាំងដល់អ៊ុយក្រែន
មូស្គូ៖ ប្រទេសរុស្ស៊ីបានបញ្ជាក់នៅថ្ងៃពុធសប្តាហ៍នេះថា ខ្លួននឹងចាត់វិធានការឆ្លើយតប ប្រសិនបើអង់គ្លេសបញ្ជូនយន្តហោះចម្បាំងទៅឱ្យអ៊ុយក្រែន ហើយក៏បានព្រមានពីការកើនឡើងជម្លោះបន្ថែមទៀតផងដែរ។
ស្ថានទូតរុស្ស៊ីប្រចាំទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានរុស្ស៊ីថា ទីក្រុងមូស្គូនឹងស្វែងរកការឆ្លើយតប ចំពោះវិធានការមិនរាក់ទាក់ណាមួយ ដែលបានធ្វើឡើងដោយភាគីអង់គ្លេស។
ស្ថានទូតរុស្ស៊ីបន្ថែមថា ទីក្រុងឡុងដ៍នឹងទទួលខុសត្រូវចំពោះការប្រមូលផលបង្ហូរឈាម នៃការកើនឡើងជម្លោះនៅក្នុងដំណាក់កាលបន្ទាប់ ក៏ដូចជាផលវិបាកផ្នែកយោធា និងនយោបាយដែលកើតឡើងពីបញ្ហានេះសម្រាប់ទ្វីបអឺរ៉ុប និងពិភពលោកទាំងមូល។
កាលពីថ្ងៃពុធសប្តាហ៍នេះ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានធ្វើដំណើរទស្សនកិច្ចមកកាន់ទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ជាទីដែលគាត់បានជំរុញឱ្យសម្ព័ន្ធមិត្ត បញ្ជូនយន្តហោះចម្បាំងទៅកាន់ប្រទេសខ្លួនដែលកំពុងហែកហួរដោយសារសង្រ្គាមរុស្ស៊ី។
នាឱកាសនោះដែរ នាយករដ្ឋមន្ត្រីអង់គ្លេស លោក រីស៊ី ស៊ូណាក់ បាននិយាយថា “គ្មានអ្វីត្រូវដកចេញពីលើតុទេ” ទាក់ទងនឹងការផ្តល់ជំនួយយោធាសម្រាប់អ៊ុយក្រែន។
លោកបានប្រាប់សន្និសីទសារព័ត៌មានរួមគ្នាជាមួយលោក ហ្សេលេនស្គី ថា ជំនួយយន្តហោះចម្បាំងសម្រាប់អ៊ុយក្រែន គឺជា “ផ្នែកនៃការសន្ទនា”៕
ប្រភព៖ AFP ប្រែសម្រួលដោយ៖ ទីណា