ក្រុងចំនួន៥ របស់កម្ពុជា និងប្រទេសចំនួន៥ នៃតំបន់អាស៊ីចុះហត្ថលេខាលើសេចក្តីប្រកាស Indore 3R ស្តីពីគោលដៅ ទឹកស្អាត ដីស្អាត និងខ្យល់អាកាសបរិសុទ្ធ
ភ្នំពេញ៖ នៅក្នុងវេទិកាថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិកលើកទី១១ស្តីពី «3R និងសេដ្ឋកិច្ចចក្រា»ក្រោមប្រធានបទ «សមាហរណកម្មសេដ្ឋកិច្ចចក្រាទៅក្នុងការអភិវឌ្ឍន៍វិស័យចម្បងៗដើម្បីឈានឆ្ពោះទៅសម្រេចបានសង្គមគ្មានសំណល់ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព»បានធ្វើការចុះហត្ថលេខាដាក់ក្រុងចំនួន៥ របស់កម្ពុជា និងប្រទេសចំនួន៥ នៃតំបន់អាស៊ីចុះហត្ថលេខាលើសេចក្តីប្រកាស Indore 3R ស្តីពីគោលដៅ ទឹកស្អាត ដីស្អាត និងខ្យល់អាកាសបរិសុទ្ធ។
ពិធីនេះបានប្រព្រឹត្តិឡើង នៅរសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងក្របខណ្ឌនៃកិច្ចប្រជុំកម្រិតខ្ពស់ថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិកលើកទី១១ស្តីពី « 3R និងសេដ្ឋកិច្ចវិលជុំ » នៅខេត្តសៀមរាប។
សម្រាប់ក្រុងចំនួន៥របស់កម្ពុជាដែលត្រូវបានដាក់លើសេចក្តីប្រកាស Indore 3R ស្តីពីគោលដៅ ទឹកស្អាត ដីស្អាត និងខ្យល់អាកាសបរិសុទ្ធនេះរួមមាន ក្រុងសែនមនោរម្យ នៃខេត្តមណ្ឌលគីរី, ក្រុងពោធិ៍សាត់ នៃខេត្តពោធិ៍សាត់, ក្រុងកែប នៃខេត្តកែប, ក្រុងព្រះសីហនុ នៃខេត្តព្រះសីហនុ និងក្រុងសៀមរាប នៃខេត្តសៀមរាប ។
បណ្តាប្រទេសដែលបានមកចូលរួមកិច្ចប្រជុំកម្រិតខ្ពស់ថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិកលើកទី១១ រួមមានដូចជា៖ប្រទេសជប៉ុន ឥណ្ឌា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងថៃ បានចុះហត្ថលេខា ក្នុងការប្តេជ្ញាចិត្តឆ្ពោះទៅសម្រេចបាននូវទឹកស្អាត ដីស្អាត និងខ្យល់អាកាសបរិសុទ្ធ ក្រោមអធិបតីភាព ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន។
គួរបញ្ជាក់ថា គិតមកដល់ពេលនេះ មានប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកចំនួន ៤៦ប្រទេសហើយ ដែលបានចុះហត្ថលេខាលើសេចក្តីប្រកាស Indore 3R ៕
ដោយ៖ ម៉ាដេប៉ូ