ប្ល៊ីងកែន៖ អាមេរិកចែករំលែកព័ត៌មានអំពីបាឡុងចារកម្មចិនជាមួយប្រទេសរាប់សិប
អាមេរិក៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក អែនថូនី ប្ល៊ីងកែន បាន ថ្លែង កាលពីថ្ងៃពុធទី ៨ ខែកុម្ភៈថា សហរដ្ឋអាមេរិកបានចែករំលែកព័ត៌មាន ដែលខ្លួនទទួលបានអំពីបាឡុងចារកម្មរបស់ចិន ជាមួយប្រទេសរាប់សិប ជុំវិញ ពិភពលោក។ នេះបើតាមការស្រង់សម្ដីផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
លោក ប្ល៊ីងកែន ក៏បានប្រាប់សន្និសីទសារព័ត៌មានជាមួយអគ្គលេខាធិការ អង្គការណាតូ លោក ជេន ស្តូលេនប៊ឺគ ថា អ្នកទាំង២បានពិភាក្សាគ្នា អំពីបញ្ហាប្រឈមជាប្រព័ន្ធ និងយុទ្ធសាស្ត្រ ដែលចិនបង្ហាញដល់សម្ព័ន្ធមិត្ត។
រដ្ឋមន្រ្តីដដែលនិយាយថា សហរដ្ឋអាមេរិកនឹងទទួលបានព័ត៌មានបន្ថែមពី បាឡុង ចារកម្មចិន ដែលអាមេរិកបាញ់ទម្លាក់កាលពីថ្ងៃសោរ៍ចុងសប្ដាហ៍ កន្លងទៅ ខណៈការងារប្រមូលកម្ទេចកម្ទីកំពុងដំណើរការ។លោកថា ការរកឃើញដែលពាក់ព័ន្ធ នឹងត្រូវចែករំលែកជាមួយសភាសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ក៏ដូចជាដៃគូរជុំវិញពិភពលោក។
ចំណែកឯលោក ស្តូលេនប៊ឺគ វិញបានថ្លែងថា ការបង្ហោះបាឡុងរបស់ចិន បញ្ជាក់ពីគំរូនៃអាកប្បកិរិយារបស់ចិន និងតម្រូវការដើម្បីដឹងអំពី ហានិភ័យ ជាបន្តបន្ទាប់នៃសកម្មភាពស៊ើបការណ៍សម្ងាត់របស់ក្រុងប៉េកាំង។ លោកថ្លែងបន្តថា ចិនកំពុងតែបង្កើតកម្លាំងយោធារបស់ខ្លួនយ៉ាងច្រើន សន្ធឹកសន្ធាប់ រួមទាំងអាវុធនុយក្លេអ៊ែរ ដោយគ្មានតម្លាភាព។
ពេលសួរថាតើមេដឹកនាំចិន លោក ស៊ី ជីនពីង ដឹងពីការអណ្ដែតបាឡុងដែរ ឬយ៉ាងណា? លោក ប្ល៊ីងកែន បានថ្លែងថា៖ «ចិនជាអ្នកទទួលខុសត្រូវ ចំពោះរឿងនេះ ហើយវាមិនសំខាន់ថាបុគ្គលណាមួយអាច ឬមិនអាចទទួល ខុស ត្រូវនោះទេ។ ការពិត គឺចិនបានចូលរួមក្នុងសកម្មភាពដែលមិន ទទួល ខុសត្រូវនេះ ដែលការរំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដី របស់យើង ក៏ដូចជាច្បាប់អន្តរជាតិ»។
គួរបញ្ជាក់ថា ខណៈអាមេរិកនៅតែប្រកាន់ខ្ជាប់នូវគោលជំហរ ចោទ ប្រកាន់បែបនេះ ប្រទេសចិនបានទទូចម្ដងហើយម្ដងទៀតថា បាឡុង របស់ខ្លួនត្រូវបានខ្យល់បក់បោកទៅលើដែនដីអាមេរិកដោយចៃដន្យ ហើយវាជាបាឡុងដែលបម្រើការផ្នែកស្រាវជ្រាវស៊ីវិលប៉ុណ្ណោះ៕
ដោយ៖ហួន ឌីណា
ប្រភព៖ Blinken says U.S. shared information on Chinese balloon with dozens of countries