រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ កោតសរសើថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទ ដែលកន្លងមក បានខិតខំប្រឹងប្រែងបំពេញតួនាទី និងភារកិច្ចប្រកបដោយការទទួលខុសត្រូវតាមជំនាញវិជ្ជាជីវៈ
សៀមរាប៖ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ នៅសាលាខេត្តសៀមរាប ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានកោតសរសើថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទ ដែលកន្លងមក បានខិតខំប្រឹងប្រែងបំពេញតួនាទី និងភារកិច្ចប្រកបដោយការទទួលខុសត្រូវតាមជំនាញវិជ្ជាជីវៈ ។
ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បន្តថា ការប្រកាសឱ្យចូលកាន់មុខតំណែង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប នាពេលនេះ គឺជាការប្រគល់ភារកិច្ច និងជាការផ្តល់នូវការទទួលខុសត្រូវមួយថែមទៀត ដែលតម្រូវឱ្យសាមីខ្លួនត្រូវតែបញ្ចេញឱ្យអស់សមត្ថភាព លទ្ធភាព និងទេពកោសល្យ ដើម្បីជំនះបានរាល់ភាពលំបាកនានា ដែលកើតមានឡើងកន្លងមក ហើយដែលចាំបាច់ត្រូវសហការជាមួយថ្នាក់ដឹកនាំ និងមន្រ្តីក្រោមឱវាទ ដើម្បីធ្វើឱ្យអង្គភាព មានការប្រែប្រួលមុខមាត់ថ្មី សំដៅធានារ៉ាប់រងបាននូវភារកិច្ចស្នូលទាំងឡាយ ដែលអង្គភាពត្រូវបំពេញ និងទទួលខុសត្រូវចំពោះមុខស្ថាប័ន និងភារកិច្ចទាំងឡាយផ្សេងៗទៀត ទៅតាមការចាំបាច់ដែលរដ្ឋបាលខេត្តប្រគល់ជូន។
សូមបញ្ជាក់ថា លោក ទូច ម៉ាឡា ត្រូវបានតែងតាំងជា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ សម្រាប់តួនាទីភារកិច្ចថ្មីនេះ ជំនួសលោក ខេង ញ៉ុល ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទចាស់ ដែលត្រូវផ្លាស់ប្តូរទៅបម្រើការងារនៅក្រសួងវិញ ៕
ដោយ ស៊ាន សុផាត