អ្នកនាំពាក្យគណបក្សភ្លើងទៀន៖ ព័ត៌មានថា លោក រ៉ុង ឈុន ត្រៀមយកតំណែងកំពូលនៅក្នុងគណបក្សជាព័ត៌មានក្រៅផ្លូវការ ខណៈលោក រ៉ុង ឈុន ថា រង់ចាំពេលសមាជ!
ភ្នំពេញ៖អ្នកនាំពាក្យគណបក្សភ្លើងទៀន បានបញ្ជាក់ថា ទាក់ទងនឹងព័ត៌មានលោករ៉ុង ឈុន ត្រៀមទទួលតំណែងកំពូលនៅក្នុងគណបក្សភ្លើងទៀន គឺជាព័ត៌មានក្រៅផ្លូវការ ហើយអ្វីៗស្ថិតនៅក្នុងការសម្រេចរបស់ថ្នាក់ដឹកនាំកំពូល និងអង្គសមាជដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែកុម្ភៈ ខាងមុខនេះ ។ចំណែកលោក រ៉ុង ឈុន ប្រធានសហភាពសហជីព
កម្ពុជា ដែលពាក់ព័ន្ធនឹងព័ត៌មាននេះបាននិយាយថា មិនប្រាកដទេ រង់ចាំពេលសមាជ។
លោក គីមសួរ ភីរិទ្ធ អ្នកនាំពាក្យគណបក្សភ្លើងទៀនបានបញ្ជាក់ប្រាប់ AMS នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈនេះថា ទាក់ទងព័ត៌មានលោករ៉ុង ឈុន ត្រៀមទទួលតំណែងកំពូលនៅក្នុងគណបក្សភ្លើងទៀន គឺជាព័ត៌មានក្រៅផ្លូវការ ហើយអ្វីៗស្ថិតនៅក្នុងការសម្រេចរបស់ថ្នាក់ដឹកនាំកំពូល និងអង្គសមាជដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែកុម្ភៈ ខាងមុខនេះ ពីព្រោះតែងតាំងអ្នកណាម្នាក់ធ្វើជាប្រធានត្រូវឆ្លងកាត់នីតិវិធីត្រឹមត្រូវ បើមិនចឹងទេក្រសួងមហាផ្ទៃអត់ទទួលស្គាល់ទេ ហើយវាទាល់តែថ្នាក់ដឹកនាំកំពូលៗយល់ព្រម និងត្រូវឆ្លងកាត់អង្គសមាជដែលត្រូវធ្វើនៅថ្ងៃទី១១ ខែកុម្ភៈ ខាងមុខនេះ។ការពិតវាទាល់តែសមាជហើយ ព័ត៌មានច្បាស់ការណ៍។
អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា “អង្គសមាជ គឺជាស្ថាប័នកំពូលត្រូវធ្វើសេចក្តីសម្រេចលើបញ្ហាធំៗ លើយុទ្ធសាស្ត្ររបស់គណបក្សដូចជា សារនយោបាយ គោលនយោបាយ ការរៀបចំក្បាលម៉ាស៊ីនដឹកនាំ រួមទាំងការត្រៀមខ្លួនសម្រាប់ការបោះឆ្នោតដែលនឹងប្រព្រឹត្តទៅនៅខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ”៕
ចំណែកលោករ៉ុង ឈុន បានបញ្ជាក់យ៉ាងខ្លីប្រាប់AMSថា “មិនប្រាកដទេ រង់ចាំពេលសមាជ”។
គួរបញ្ជាក់ថា គណបក្សភ្លើងទៀនកាលពីថ្ងៃទី ៧ ខែកុម្ភៈប្រកាសជាផ្លូវការអំពីការប្រារព្ធសមាជវិសាមញ្ញនៅថ្ងៃសៅរ៍ទី១១ ខែកុម្ភៈខាងមុខនៅឯខេត្តសៀមរាប មានព័ត៌មានទម្លាយដោយមនុស្សជំនិតរបស់លោក រ៉ុង ឈុន ថា លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជាកំពុងតែត្រៀមយកតំណែងកំពូលនៅគណបក្សនេះ។
គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា “ខ្ញុំ ជាសមរង្ស៊ី ” កាលពីយប់ថ្ងៃទី ៨ ខែកុម្ភៈឆ្នាំ២០២៣បានសរសេរថា ៖”យោងតាមមនុស្សជំនិតរបស់លោក រ៉ុង ឈុន បានលួចបង្ហើបឱ្យដឹងថា ក្រោយពីទទួលបានភាពជោគជ័យលើការរៀបចំ ធម្មយាត្រាពីភ្នំពេញទៅខេត្តពោធិ៍សាត់ដោយប្រើឆ័ត្រសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោកគ្រូ រ៉ុង ឈុន ហាក់មានទម្ងន់ និងទឹកមាត់ប្រៃខ្លាំងនៅក្នុងគណបក្សភ្លើងទៀនហើយត្រៀមយកតំណែងកំពូលក្នុងបក្សនេះ។ លោក រ៉ុង ឈុន សង្ឃឹមថាគាត់នឹងក្លាយជាបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សភ្លើងទៀន សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ព្រោះ ក្នុងចំណោមមេដឹកនាំបក្សភ្លើងទៀននៅកម្ពុជា រួមមាន ទាវ វណ្ណុល ជាប្រធាន និងសុន ឆ័យ អនុប្រធានបក្សសុទ្ធតែមានសញ្ជាតិ ពីរដែលមិនអាចឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រីបានឡើយ។ ចំណែក ថាច់ សេដ្ឋា កំពុងជាប់ពន្ធនាគារ ដែលមិនដឹងពេលណាចប់រឿងក្តីឡើយ”។
ប្រភពដដែលបានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំនៅរសៀលថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសណ្ឋាគារ Smilling ស្ថិតនៅក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាបនេះ លោកប្រធាន សម រង្ស៊ី នឹងចូលរួមប្រជុំតាមប្រព័ន្ធហ្សូមដើម្បីធ្វើសេចក្តីណែនាំនិងរៀបចំផែនការយុទ្ធសាស្ត្រត្រៀមឆ្ពោះទៅសមាជវិសាមញ្ញគណបក្សភ្លើងទៀននៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ នៅស្រុកប្រាសាទបាគង ខេត្តសៀមរាប។
សូមជម្រាបថា កាលពីថ្ងៃទីំ ៧ ខែកុម្ភៈ គណបក្សភ្លើងទៀនបានធ្វើសេចក្តីជូនដំណឹងមួយដោយបញ្ជាក់ថា គណបក្សភ្លើង ទៀន នឹងប្រារព្ធសមាជវិសាមញ្ញគណបក្ស ដើម្បីកំណត់យុទ្ធសាស្ត្រ និងគោលនយោបាយ របស់គណបក្ស សម្រាប់ការ បោះឆ្នោតជាតិឆ្នាំ២០២៣។សមាជវិសាមញ្ញនេះ នឹងប្រព្រឹត្តទៅ នៅថ្ងៃសៅរ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ ចាប់ពីវេលាម៉ោង ៧:០០ព្រឹក ដល់ម៉ោង ១៥:០០រសៀល នៅភូមិព្រៃគុយ ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប៕ដោយ៖ពលជ័យ