ប្រមុខអង្គការណាតូ ៖ ជំនួយយោធាអាមេរិកកំពុងធ្វើឱ្យមានការផ្លាស់ប្តូរជារៀងរាល់ថ្ងៃនៅលើសមរភូមិអ៊ុយក្រែន
វ៉ាស៊ីនតោន៖ អគ្គលេខាធិការអង្គការណាតូ លោក ជែន ស្ដូលធិនបឺគ បាននិយាយថា ជំនួយរបស់សហរដ្ឋអាមេរិកកំពុងធ្វើឱ្យមានការផ្លាស់ប្តូរយ៉ាងច្រើន ក្នុងការជួយការពារប្រទេសអ៊ុយក្រែន ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា សម្ព័ន្ធមិត្តលោកខាងលិចត្រូវតែផ្តល់សព្វាវុធទាំងអស់ដែលអ៊ុយក្រែនត្រូវការ ដើម្បីវាយបកលើកងកម្លាំងរុស្ស៊ីវិញ នៅក្នុងសង្គ្រាមដែលខិតជិតដល់ខួបមួយឆ្នាំរបស់វា។
ក្នុងអំឡុងទស្សនកិច្ចមកកាន់មន្ទីរបញ្ចកោណ លោក ស្ដូលធិនបឺគ បានជួបជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡូយដ៍ អូស្ទីន នៅថ្ងៃពុធសប្តាហ៍នេះ ដោយថ្នាក់ដឹកនាំទាំងពីរបាននិយាយថា ពួកគាត់នឹងធ្វើការវាយតម្លៃលើយុទ្ធសាស្ត្រចុងក្រោយបង្អស់ក្នុងសង្គ្រាមនៅអ៊ុយក្រែន ក៏ដូចជាពិភាក្សាអំពីរបៀបដែលសម្ព័ន្ធមិត្តរបស់អាមេរិក និងអង្គការណាតូអាចជួយប្រទេសនេះបានល្អបំផុត។
ជាមួយគ្នានេះ លោក អូស្ទីន បាននិយាយថា អង្គការណាតូមានជំហរកាន់តែរឹងមាំ និងរួបរួមគ្នាជាងពេលណាៗទាំងអស់ ហើយថា អាមេរិក និងសម្ព័ន្ធមិត្តត្រូវតែ “កសាងសន្ទុះ” ដែលសម្រេចបាននៅអ៊ុយក្រែន ក្នុងនោះការរារាំង និងការការពារនៅតែជាការងារអាទិភាពដំបូងសម្រាប់អង្គការណាតូ។ លោក ស្តូលធិនប៊ឺគ បានប្រាប់លោក អូស្ទីន វិញថា យើងត្រូវតែបន្តផ្តល់អាវុធដល់អ៊ុយក្រែនតាមដែលពួកគេត្រូវការ ដើម្បីដណ្តើមយកទឹកដី និងដណ្តើមយកជ័យជំនះ ក្នុងនាមជាប្រទេសឯករាជ្យអធិបតេយ្យមួយ។
លោកថា ជំនួយរាប់ពាន់លានដែលផ្តល់ដោយអាមេរិក កំពុងធ្វើឱ្យមានការផ្លាស់ប្តូរនៅលើសមរភូមិប្រទេសអ៊ុយក្រែនជារៀងរាល់ថ្ងៃ ហើយសម្ព័ន្ធមិត្តលោកខាងលិចទាំងអស់ត្រូវតែត្រៀមខ្លួន ដើម្បីឈរជាមួយប្រទេសនេះ ដរាបណាពួកគេត្រូវការ។
ប្រមុខអង្គការណាតូរូបនេះបានសង្កត់ធ្ងន់ទៀតថា ប្រសិនបើប្រធានាធិបតីរុស្ស៊ី លោក ពូទីន ឈ្នះ នោះវានឹងក្លាយជាសោកនាដកម្មសម្រាប់អ៊ុយក្រែន ហើយនឹងគ្រោះថ្នាក់សម្រាប់ពួកយើង។ មិនតែប៉ុណ្ណោះ វាក៏នឹងបញ្ជូនសារទៅដល់ប្រទេសដទៃទៀតថា រុស្ស៊ីអាចសម្រេចបាននូវគោលដៅរបស់ខ្លួន នៅពេលដែលខ្លួនប្រើប្រាស់កម្លាំងយោធាផងដែរ៕
ប្រភព៖ AFP ប្រែសម្រួលដោយ៖ ទីណា