មន្រ្តីបរិស្ថានកម្ពុជា និងដៃគូអន្តរជាតិពិភាក្សាពីផលប៉ះពាល់នៃការ ប្រែប្រួល អាកាសធាតុ
សៀមរាប៖ មន្រ្តីជំនាញបរិស្ថានកម្ពុជា និងអ្នកជំនាញមកពីបណ្តា ប្រទេស ក្នុង តំបន់ រួមនឹងដៃគូពាក់ព័ន្ធ កំពុងពិភាក្សាអំពីការដោះស្រាយ បម្រែ បម្រួល អាកាសធាតុ ដើម្បីសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងកិច្ចព្រមកិច្ចព្រមព្រៀងទីក្រុងប៉ារីស៍ស្តីពីការប្រែប្រួលអាកាសធាតុ។
ការបង្កើតភាពស៊ីចង្វាក់គ្នាក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងកិច្ចព្រមព្រៀងទីក្រុងប៉ារីស៍ស្តីពីការប្រែប្រួលអាកាស ធាតុតាមរយៈសេដ្ឋកិច្ចចក្រាគឺជាប្រធានបទសំខាន់ដែលបានលើកឡើងក្នុងកិច្ចពិភាក្សានៃវេទិកាថ្នាក់តំបន់អាស៊ីនិងប៉ាស៊ីហ្វិកលើកទី១១ ស្តីពី 3R និងសេដ្ឋកិច្ចចក្រា ដោយមន្ត្រីជំនាញមកពីក្រសួងបរិស្ថាននៃបណ្តាប្រទេស អាស៊ីនិងប៉ាស៊ីហ្វិក កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោយពីពិធីបើក ផ្លូវការ របស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន។
រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យនៃក្រសួងបរិស្ថានឯកឧត្តម នេត្រ ភក្ត្រា បានឱ្យដឹងថា មន្ត្រីជំនាញបច្ចេកទេស មកពីបណ្តាប្រទេសនានារួមនឹង អង្គការដៃគូបានជជែកពិភាក្សាយ៉ាងផុសផុលដើម្បីពិនិត្យលើបញ្ហាដែលបានជួបប្រទះនិងដំណោះស្រាយ។ វាគ្មិនមានមកពីក្រសួងបរិស្ថានកម្ពុជា មន្រ្តីជំនាញពីវៀតណាម,អូស្ត្រាលី,ហ្វីលីពីននិងអង្គការយូនីដូបានធ្វើបទបង្ហាញលើប្រធានបទសំខាន់ៗរួមមាន ជីវៈសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព និងវិលជុំនៅក្នុងរបៀបវារៈអាកាសធាតុ និងកាលានុវត្តន៍ភាព វិថីទៅកាន់ អព្យាក្រឹត្យកាបូន តួនាទីរបស់សេដ្ឋកិច្ចចក្រា កាតាលីករសកម្មភាពរួម សម្រាប់សហគ្រាសធុនតូច និងមធ្យមនាំទៅរកការផ្លាស់ប្តូរកាបូនទាប យុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងរបស់កម្ពុជា ផែនទីបង្ហាញផ្លូវរបស់កម្ពុជា ក្នុងការប្រើប្រាស់ និងផលិតភាពប្រកបដោយនិរន្តរភាព និងផែនការ សកម្មភាព។
ឯកឧត្តមថ្លែងយ៉ាងដូច្នេះថា៖«គ្រប់ភាគីបានឯកភាពគ្នាថា ការផ្លាស់ប្តូរទៅ ជាសេដ្ឋកិច្ចចក្រាគឺចាំបាច់ដើម្បីសម្រេចបានទាំងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងគោលដៅផ្នែកការប្រែប្រួលអាកាសធាតុដែលបាន ព្រម ព្រៀង ដោយសហគមន៍អន្តរជាតិ និងដើម្បីជួយកសាងសេដ្ឋកិច្ចពិភព លោកឡើងវិញដើម្បីធ្វើឱ្យកាន់តែរឹងមាំ បៃតង និងប្រសើរជាងមុន»។
បន្ថែមពីនេះបណ្តាប្រទេសនានា ក៏បានបង្ហាញពីភាពចាំបាច់នៃ សមត្ថភាព ផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស។
នាឱកាសនោះដែរមន្ត្រីនៃក្រសួងបរិស្ថានកម្ពុជា បានបង្ហាញដល់ អ្នក ចូល រួមអំពីការកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការរៀបចំតាក់តែងនូវគោលនយោបាយ និងផែនការសកម្មភាពផ្សេងៗក្នុងសេដ្ឋកិច្ចចក្រាទៅក្នុង ការអភិវឌ្ឍ ចម្បងៗ។
ឯកឧត្តមថា៖«កម្ពុជាបានរៀបចំយុទ្ធសាស្ត្រសេដ្ឋកិច្ចចក្រាដើម្បីជួយឱ្យប្រសើរឡើងនូវទិដ្ឋភាពជាច្រើននៃសេដ្ឋកិច្ច និងសង្គមសម្រាប់ប្រទេសកម្ពុជា និងការសម្រេចបាននូវនិរន្តរភាពបរិស្ថាន ដោយការលើកកម្ពស់ការប្រើប្រាស់ ថាមពល និងធនធានសម្ភារៈឱ្យកាន់តែមានប្រសិទ្ធភាព ខណៈពេលដែល កាត់បន្ថយផលប៉ះពាល់ពីការប្រើប្រាស់ធនធានហួសកម្រិត និងការបង្កើត កាកសំណល់»។
ឯកឧត្តម នេត្រ ភក្រ្តា បញ្ជាក់ដែរថា ប្រទេសកម្ពុជាស្ថិតក្នុងទីតាំងដ៏រឹងមាំ មួយ ក្នុងការសម្រេចបាននូវការអភិវឌ្ឍន៍ប្រកបដោយចីរភាពតាមរយៈ សេដ្ឋកិច្ចចក្រា ការកសាងលើកំណើនសេដ្ឋកិច្ចដ៏រឹងមាំ និងការកើនឡើង នៃមូលដ្ឋានអ្នកប្រើប្រាស់វ័យក្មេង។ ប៉ុន្តែលោថា យ៉ាងណាក៏ដោយ ការណែនាំអំពីវិធីសាស្រ្តសេដ្ឋកិច្ចចក្រា ទាមទារឱ្យយកឈ្នះលើ ឧបសគ្គ ផ្សេងៗ។
ដើម្បីចូលរួមថែរក្សាបរិស្ថាន និងប្រែប្រួលអាកាសធាតុ កញ្ញា សឹង ស្រីនិច អ្នកស្រាវជ្រាវ និងពិសោធន៍នៃក្រុមហ៊ុន Villageworks ដែលបានចូល រួមដាក់បង្ហាញផលិតផលនៅក្នុងវេទិកា ថ្នាក់តំបន់អាស៊ីនិងប៉ាស៊ីហ្វិក លើកទី១១ ស្តីពី 3R និងសេដ្ឋកិច្ចចក្រា បានថ្លែងថា ដោយសារបញ្ហា ប្លាស្ទិកមិនងាយរលាយទៅក្នុងនៅក្នុងផែកដី និងប៉ះពាល់ដល់បរិស្ថាន ទើបក្រុមហ៊ុនរបស់ខ្លួនបានស្រាវជ្រាវហើយផលិតរបស់ប្រើប្រាស់វេចខ្ចប់មិនមែនជាប្លាស្ទិក។ កញ្ញាបន្តថា៖« ដោយសារក្រុមហ៊ុនរបស់យើងផ្តោតទៅ លើការកាត់បន្ថយប្លាស្ទិក និងការប្រើប្រាស់ឡើងវិញដោយពពួកប្លាស្ទិក ហើយយើងចង់ឱ្យមានផលិផលណាដែលជំនួសប្លាស្ទិកតែម្តង ដូច្នេះ ហើយទើប យើង កែច្នៃ របស់វេខ្ចប់ចំណីអាហារ ឬចានដែលមិនមែន ជាប្លាស្ទិកនេះឡើង។ ដូច្នេះទើបយើងធ្វើការប្រើប្រាស់សរសៃចេក ឬដើមចេក ផលិតជាចាន ពេលដែលប្រើប្រាស់ហើយអាចងាយរលាយ ទៅវិញ៕
ដោយ៖ឡាយ សាមាន