ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិនិត្យសេចក្តីព្រាងរបាយការណ៍ និងវឌ្ឍនភាពនៃការផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា

ភ្នំពេញ ៖ នាព្រឹកថ្ងៃចន្ទ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំពិនិត្យសេចក្តីព្រាងរបាយការណ៍ និងវឌ្ឍនភាពនៃការផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា របស់ក្រុមការងារទទួលខុសត្រូវដឹកនាំ និងជំរុញការផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា ដោយមានការចូលរួមពីឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារទទួលខុសត្រូវដឹកនាំ និងជំរុញការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរទុតិយតា នាព្រឹកថ្ងៃចន្ទ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ។

ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា បានសម្តែងការស្វាគមន៍ និងមានប្រសាសន៍ថា កិច្ចប្រជុំថ្ងៃនេះគឺ ដើម្បីពិនិត្យ ពិភាក្សាដោះស្រាយបញ្ហាប្រឈម សំណូមពរ ព្រមទាំងរៀបចំផែនការទិសដៅបន្តសម្រាប់ក្រុមការងារទទួលខុសត្រូវដឹកនាំ និងជំរុញការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរទុតិយតា ដើម្បីពង្រឹងប្រព័ន្ធនីតិវីធីផ្តល់សេវា និងបច្ចេកទេសឱ្យកាន់តែស៊ីជម្រៅថែមទៀត លើការងារផ្តល់សេវាអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរទុតិយតាឱ្យសម្រេចបានតាមការគ្រោងទុក។

ឯកឧត្តម សន្តិបណ្ឌិត បានមានប្រសាសន៍ថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់របស់ក្រុមការងារថ្នាក់ជាតិ និងក្រោមជាតិ ដែលបានយកចិត្តទុកដាក់ជំរុញការងារផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា ទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រុក ម៉ៃឧត្តម អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអានសេចក្ដីព្រាងរបាយការណ៍ស្តីពីការអនុវត្តផែនការយុទ្ធនាការជំរុញផ្តល់អត្ដសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា (អស់សុពលភាព) ខែធ្នូ និងខែមករា ឆ្នាំ២០២២-២០២៣ ថា ការផ្តល់អត្ដសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋគ្រប់អាយុ១៥ឆ្នាំឡើង គិតត្រឹមថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ បានចំនួនសរុប ១២.៦៣៤.៣១៦ នាក់ (ដប់ពីរលានប្រាំមួយសែនបីម៉ឺនបួនពាន់បីរយដប់ប្រាំមួយ), ការផ្តល់អត្ដសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា ចាប់ពីខែមីនា រហូតដល់ត្រឹមថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ បានចំនួន ៦២៦.៥០២នាក់ (ប្រាំមួយសែនពីរម៉ឺនប្រាំមួយពាន់ប្រាំរយពីរ) ស្នើនឹង(៣៦)% នៃនិន្នន័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីដែលត្រូវអស់សុពលភាពក្នុងឆ្នាំ២០២២ រហូតដល់ត្រឹមថ្ងៃទី២៣ ខែកក្តដា ឆ្នាំ២០២៣ មានចំនួនសរុប ១.៧២៧.០៩៤ នាក់។

ឯកឧត្តម ឧត្តមសេនីយ៍ឯក បានបន្តថា សម្រាប់ទិន្នន័យដែលនៅសេសសល់ ជាទិសដៅបន្ត អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក៏ដូចជាក្រុមការងារទទួលខុសត្រូវដឹកនាំ និងជំរុញការផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា នឹងបង្កើនការផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយនានា, ជំរុញដល់អង្គភាពពាក់ព័ន្ធ ទាំងថ្នាក់ជាតិ និងក្រោមជាតិ និងបន្តសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ទាំងវិស័យរដ្ឋ និងឯកជន ដើម្បីឱ្យមានការចូលរួមពីគ្រប់ភាគី និងប្រជាពលរដ្ឋ បានចូលរួមក្នុងយុទ្ធនាការផ្តល់អត្តសញ្ញាណប័ណ្ណនេះទទួលបានជោគជ័យ និងសម្រេចបានតាមផែនការ។

ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា បានស្នើដល់អង្គប្រជុំឱ្យចូលរួមពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងរបាយការណ៍ និងទិសដៅបន្ត ដើម្បីឱ្យដំណើរការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា ឱ្យទទួលបានសមិទ្ធផលជាអតិបរិមាកាន់តែប្រសើរថែមទៀត។

ឯកឧត្តម សន្តិបណ្ឌិត បានណែនាំដល់ក្រុមការងារឱ្យបន្តយកចិត្តទុកដាក់បន្ថែមទៀត និងខិតខំប្រឹងប្រែងជំរុញការផ្តល់សេវាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតាឱ្យអស់លទ្ធភាពតាមដែលអាចធ្វើបាន។ ឯកឧត្តម សន្តិបណ្ឌិត បានគូសបញ្ជាក់ថា បច្ចុប្បន្នបញ្ហាប្រឈមនៃការផ្តល់សេវាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា គឺនៅតែមានបញ្ហាចំពោះប្រជាពលរដ្ឋធ្វើចំណាក់ស្រុក ទាំងក្នុងប្រទេស និងក្រៅប្រទេស។

ឯកឧត្តម សន្តិបណ្ឌិត បន្ថែមថា ពាក់ព័ន្ធនឹងការងារផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតានេះ ទាមទារឱ្យអង្គភាព និងមន្ត្រីជំនាញពាក់ព័ន្ធ ទាំងថ្នាក់ជាតិ និងក្រោមជាតិ ត្រូវតែចូលរួមខិតខំជំរុញ និងអនុវត្តឱ្យអស់ពីសមត្ថភាពរៀងៗខ្លួន ៕

ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner