វេទិកាថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិកនៅខេត្តសៀមរាប ត្រូវបានបិទបញ្ចប់
ខេត្តសៀមរាប ៖ វេទិកាថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិកលើកទី១១ ដែលប្រារព្ធឡើង៣ថ្ងៃលើ ទឹកដីអង្គរ ខេត្តសៀមរាប បានបិទបញ្ចប់ហើយនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការ តំណាង ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ។

វេទិកាថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិកលើកទី១១ ស្ដីពី 3R និងសេដ្ឋកិច្ចចក្រា រយៈពេល ៣ថ្ងៃនេះ មានកិច្ចពិភាក្សាយ៉ាងផុលផុសទៅលើប្រធានបទសំខាន់ៗចំនួន៨ រួមមាន៖ ១) ការបង្កើតភាពរួបរួម គ្នាក្នុង ការសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) និងកិច្ចព្រម ព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុតាមរយៈសេដ្ឋកិច្ចចក្រា, ២) សេដ្ឋកិច្ច ចក្រាឆ្ពោះទៅរកទេសចរណ៍ប្រកបដោយនិរន្តរភាព, ៣) សេដ្ឋកិច្ចចក្រាឆ្ពោះទៅ រកនិរន្តរ ភាពប្រព័ន្ធអេកូឡូស៊ីបឹងទន្លេសាប, ៤) សេដ្ឋកិច្ចចក្រា និងសហគ្រាសខ្នាតតូច និងមធ្យម (SMEs), ៥) ការផ្សារភ្ជាប់ចន្លោះខ្វះខាត នៃហេដ្ឋារចនាសម្ព័ន្ធ 3R ឆ្ពោះទៅរកសង្គមគ្មានសំណល់, ៦) ការប្រើប្រាស់ផលិតផល មេត្រីភាពបរិស្ថានជំនួសឱ្យប្លាស្ទិកដែលអាចប្រើតែម្តង, ៧) ការពិគ្រោះយោបល់លើ សេចក្តីព្រាង New 3R and Circular Economy Declaration (2024-2034) និងទី៨) សេចក្ដីព្រាងចុងក្រោយនៃរបាយការណ៍លើកទី២ ស្ដីពីស្ថានភាព នៃ 3Rs នៅអាស៊ី និងប៉ាស៊ីហ្វិក ការជំរុញសេដ្ឋកិច្ចចក្រានៅអាស៊ី និងប៉ាស៊ីហ្វិក ឆ្ពោះទៅរកការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ឯកឧត្តម អ៊ាង សុផល្លែត បានថ្លែងកោតសរសើរគ្រប់កិច្ចពិភាក្សាខាងលើប្រកបដោយផ្លែផ្កា ការដកស្រង់បទពិសោធន៍ និងការយល់ដឹង។ ឯកឧត្តម ក៏បានអរគុណចំពោះការចូលរួម យ៉ាងសកម្ម និងការរួមចំណែកពីគណៈប្រតិភូ អ្នកតាក់តែងគោលនយោបាយ តំណាងវិស័យឯកជន អ្នកស្រាវជ្រាវ និងអ្នកជំនាញពីវិស័យនានា។

ឯកឧត្តម ក៏បានបង្ហាញនូវក្តីរំភើបផងដែរចំពោះវេទិកាឆ្នាំនេះ ព្រោះចៅហ្វាយក្រុង និងរដ្ឋបាលក្រុងកាន់តែច្រើនឡើងនៅក្នុងតំបន់ បានចុះហត្ថលេខាលើ សេចក្តីប្រកាស ស្ដីពី Indore 3R របស់ចៅហ្វាយក្រុងអាស៊ី លើការសម្រេចបាននូវ ទឹកស្អាត ដីស្អាត និងខ្យល់ស្អាតនៅក្នុងទីក្រុង។ ឯកឧត្តម បានសម្តែងការអបអរសាទរ និងថ្លែងអំណរគុណ យ៉ាងស្មោះស្ម័គ្រ ចំពោះប្រទេសហត្ថលេខីសម្រាប់ការប្តេជ្ញាចិត្ត យ៉ាងមុតមាំចំពោះបរិស្ថាន៕

វេទិកាថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិកលើកទី១១ មានគោលបំណងពិភាក្សាអំពីការជំរុញការអនុវត្ត 3R និងសេដ្ឋកិច្ចចក្រាក្នុងវិស័យសំខាន់ៗ និងផ្សារភ្ជាប់នឹងការសម្រេចនូវគោលដៅ អភិវឌ្ឍប្រកបដោយចិរភាព និងដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ និងជីវចម្រុះ។
វេទិកាថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិកនៅកម្ពុជារយៈពេល៣ថ្ងៃ បានផ្តោតលើសំខាន់លើការកាត់បន្ថយ ការប្រើឡើងវិញ និងកែច្នៃសំណល់ ជាពិសេសប្លាស្ទិក ៕ ជា សេឌី
