សម្ដេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូមកដល់កម្ពុជាវិញហើយ បន្ទាប់ពីបំពេញទស្សនកិច្ចផ្លូវការ២ថ្ងៃនៅចិន ប្រកបដោយជោគជ័យយ៉ាងត្រចះត្រចង់
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០២៣ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា មកដល់កាន់ព្រះរាជាណាចក្រកម្ពុជាវិញ បន្ទាប់ពីបានបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃ ពីថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាធារណរដ្ឋប្រជាមានិតចិន ប្រកបដោយជោគជ័យយ៉ាងត្រចះត្រចង់ ។

នៅថ្ងៃដំបូងនៃដំណើរទស្សនកិច្ច សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យក្រុមហ៊ុនធំៗ ផ្នែកសាង សង់ ហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងស្ពានរបស់ចិន ចំនួន ៣ ដែលធ្លាប់ទទួលបានសិទ្ធិក្នុងសាងសង់ផ្លូវ និងស្ពាននៅក្នុងប្រទេស កម្ពុជា ហើយក៏បានសិក្សាលើគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗមួយចំនួនទៀត នៅក្នុង ប្រទេសកម្ពុជា ចូលជួបសម្តែងការគួរសម។

ក្នុងជំនួបនោះ ថ្នាក់ដឹកនាំក្រុមហ៊ុន បានជម្រាបសម្តេចតេជោ ពីការសាងសង់ និងប្រតិបត្តិការផ្លូវ ល្បឿន លឿនភ្នំពេញ-ក្រុងបាវិត ដែលត្រូវបានរៀបចំឡើងក្រោមកិច្ចសន្យាភាពជាដៃគូ រវាងរដ្ឋ និងឯកជន (PPP) ដើម្បីឈានទៅអនុវត្តគម្រោងសាងសង់នៅពាក់កណ្តាលឆ្នាំ២០២៣ និងគ្រោងបញ្ចប់នៅឆ្នាំ២០២៧ ស្របគ្នានិងការសាងសង់ផ្លូវល្បឿនលឿន ហូជីមិញ-ម៉ុកបៃ របស់វៀតណាម ដែលគ្រោងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៧។ ក្រុមហ៊ុនទាំង៣នោះ ក៏បានជំរាបសម្តេចតេជោ ពីការវិនិយោគលើការដឹក ជញ្ជូនផ្លូវទឹកសាប ការវិនិយោគលើការចម្រោះទឹកកខ្វក់នៅខេត្តព្រះសីហនុ និងការសិក្សាពីផ្លូវ រថ ភ្លឿងល្បឿនលឿនភ្នំពេញ-ប៉ោយប៉ែត។ ក្រុមហ៊ុន ក៏បានជម្រាបពីគម្រោង នៃការវិនិយោគផ្លូវរថភ្លើងល្បឿនលឿនធន់ស្រាល ពីខេត្តសៀមរាប ទៅកាន់អាកាសយាន អន្តរ ជាតិ ថ្មីនៅជីក្រែង ក្នុងខេត្តសៀមរាប។

ក្នុងជំនួបនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានស្នើឱ្យក្រុមហ៊ុនចិន សិក្សាពីគ្រោងវិនិយោគ ផ្លូវ ល្បឿនលឿនធន់ស្រាល ពីរាជធានីភ្នំពេញ ទៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី និងផ្លូវរថភ្លើង ល្បឿនលឿនធន់ស្រាលក្នុងរាជធានីភ្នំពេញ ដែលកំពុងមានចរាចរណ៍មមាញឹក។

ដោយឡែកនៅថ្ងៃទីពីរ នៃដំណើរទស្សនកិច្ច ពោលគឺនៅថ្ងៃទី១០ ខែកុម្ភៈ សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូ បានជួបពិភាក្សាការងារទ្វេភាគីជាមួយមេដឹកនាំកំពូលៗរបស់ចិន ផងដែរ។
នៅក្នុងជំនួបទ្វេភាគីរវាងសម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម ប្រធានាធិបតីចិន និងជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម លី ខឺឈាង បានសម្តែងនូវការពេញចិត្តចំពោះចំណង មិត្តភាពដ៏រឹងមាំ រវាង កម្ពុជា-ចិន ដែលគ្មានកម្លាំងណាមកបំបែកបាន។ ភាគីទាំងពីរ បានបង្ហាញការតាំងចិត្តជាថ្មី ក្នុង ការពូនជ្រុំ ពង្រីក និងពង្រឹងចំណងមិត្តភាពដែកថែបឱ្យកាន់តែខ្លាំងក្លាថែមទៀត តាមរយៈការពង្រឹង ស្មារតីកសាង «សហគមន៍តែមួយ ជោគវាសនាតែមួយ» ដោយផ្តោតសំខាន់លើវិស័យចំនួន៦ រួមមាន៖ នយោបាយ និងការទូត, វិស័យសមត្ថភាពផលិត និងវាយភណ្ឌ, កសិកម្ម, ថាមពល,សន្តិសុខ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន រួមទាំងការលើកកម្ពស់វិស័យ សុខាភិបាល នៅកម្ពុជា។

ភាគីទាំងពីរ កម្ពុជា-ចិន ក៏បានដាក់ចេញកិច្ចសហប្រតិបត្តិការថ្មីមួយទៀត ហៅថា «កិច្ចសហប្រតិបត្តិការត្បូងពេជ្រ» ដែលកិច្ចសហប្រតិបត្តិការថ្មីនេះ ផ្តោតលើសសរ ស្តម្ភ នយោបាយ, ផលិតកម្ម, កសិកម្ម, ថាមពល និងសន្តិសុខ។ ភាគីទាំងពីរ ក៏ឯកភាពបន្តជំរុញការផ្លាស់ប្តូរកម្រិតខ្ពស់គ្រប់ទម្រង់ ដើម្បីការអភិវឌ្ឍទំនាក់ ទំនង ជា យុទ្ធសាស្រ្ត និងការជឿជាក់ផ្នែកនយោបាយ។
ក្នុងជំនួបនេះ សម្តេចតេជោ ហ៊ុន សែន បានគាំទ្រគំនិតផ្តួចផ្តើមរបស់ឯកឧត្តម ស៊ី ជីនពីង លើការអភិវឌ្ឍន៍កសិកម្ម និងវារីវប្បធម៌នៅតំបន់ជុំវិញបឹងទន្លេសាប ដើម្បីបង្កើតរបៀងមច្ឆជាតិ និងអង្គរនៅភាគពាយ័ព្យរបស់កម្ពុជា។ សម្តេចតេជោ បានសម្រេចបង្កើតប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជានៅទិសពាយ័ព្យប្រទេស ដោយគ្របដណ្តប់លើខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងប៉ៃលិន។
ឯកឧត្តម ប្រធានាធិបតីចិន ស៊ី ជីនពីង ក៏បានផ្តល់ជំនួយជាង ៤៤លានដុល្លារ សម្រាប់សាងសង់ផ្លូវដែកនៅក្នុងប្រទេសកម្ពុជា។ បន្ថែមពីលើនោះ ប្រទេសទាំងពីរ បានចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន១២ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់ ដណ្តប់ លើនយោបាយ សេដ្ឋកិច្ច និងពាណិជ្ជកម្ម។
សម្រាប់ជំនួបជាមួយប្រធានសភាប្រជាជនចិន សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យមានការពង្រឹងនូវកិច្ចសហប្រតិបត្តិការកាន់តែខ្លាំងថែមទៀត លើស្ថាប័ននីតីបញ្ញត្តិរវាងប្រទេសទាំងពីរ។
ក្រៅតែពីជំនួបខាងលើសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញបើក វេទិកាជំរុញពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ ដើម្បីពិភាក្សាអំពីបច្ចុប្បន្ន ភាពវិស័យសក្តានុពល កាលានុវត្តភាព ក៏ដូចជាគោលនយោបាយលើកទឹកចិត្ត វិនិយោគ នៃប្រទេស ទាំងពីរ។
ក្នុងដំណើរទស្សនកិច្ចនៅប្រទេសចិននេះ សម្តេចតេជោ និងគណៈប្រតិភូ បានអញ្ជើញ ដាក់ កម្រង ផ្កាគោរពវិញ្ញាណក្ខន្ធ វីរបុរសរបស់ចិន ដែលបានធ្វើពលីកម្មសាច់ ស្រស់ឈាមស្រស់ ក្នុងបុព្វហេតុរំដោះប្រទេស ពីនឹមអាណា និគម នៅស្តូបអនុស្សាវរីយ៍ វីរបុរសចិន មុខវិមានធានអានមិន ផងដែរ ៕ អត្ថបទ វណ្ណលុក, រូបភាព វ៉េង លីមហួត