ជើងហោះហើរផ្ទុកជំនួយមកពីទូទាំងតំបន់ ចូលក្នុងប្រទេសស៊ីរី ដែលរងការរញ្ជួយដី
ជើងយន្តហោះដឹកជញ្ជូនជំនួយ មកពីទូទាំងតំបន់ ចូលទៅក្នុងប្រទេសស៊ីរី ដែលរងគ្រោះពីការរញ្ជួយដីដ៏ខ្លាំងក្លា ដោយគេដឹងថា ចំនួនមនុស្សស្លាប់ដោយសាររញ្ជួយដី នៅស៊ីរីនិងតួកគី ក្បែរខាងនឹងគ្នានោះ កើនដល់ ២៣៧០០នាក់ហើយ។

ការផ្គត់ផ្គង់ជំនួយពីគ្រប់បណ្តាប្រទេសក្នុងប្លុកអារ៉ាប់ បានទៅដល់ប្រទេសស៊ីរី កាលពីថ្ងៃសុក្រ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជួយប្រទេសដែលរងគ្រោះដោយរញ្ជួយដីធ្ងន់ធ្ងរមួយនេះ។
មកដល់ពេលនេះ មានការដឹកជំនួយពីប្រទេសទុយនីស៊ី អូម៉ង់ លីប៊ី និង អេមីរ៉ាត់ អារ៉ាប់រួម ជាដើម ដោយយន្តហោះជាច្រើនគ្រឿងបានចុះចត នៅអាកាសយានដ្ឋាននានារបស់ស៊ីរី ដូចជា នៅដាម៉ាស អាឡិបប៉ូ និង ឡាតាគៀ ជាមួយនឹងការនាំមកនូវដឹកសម្ភារៈជំនួយនានា។
ភាពត្រជាក់ ភាពអត់ឃ្លាន និងភាពអស់សង្ឃឹមបានចាប់មនុស្សរាប់សែននាក់គ្មានផ្ទះសម្បែង ក្រោយរយៈពេលប្រាំថ្ងៃ បន្ទាប់ពីការរញ្ជួយដីដ៏ធំមួយបានវាយប្រហារប្រទេសស៊ីរី និងប្រទេសជិតខាងតួកគី កាលពីថ្ងៃចន្ទ ដើមសប្តាហ៍នេះ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៣៧០០នាក់ហើយ៕ ប្រភពពី Reuters ប្រែសម្រួលដោយ៖ សារ៉ាត