នៅខេត្តកែប អត្រាមរណភាពស្រ្តី និងកុមារ ត្រូវបានកាត់បន្ថយដល់កម្រិតសូន្យ ខណៈការសម្រាលកូនដោយឆ្មបបុរាណត្រូវបានលុបបំបាត់

កែប៖ ក្នុងឆ្នាំ២០២២កន្លងទៅនេះ ក្នុងសូចនាករនៃកម្មវិធីសុខភាពបន្តពូជ មាតា និងទារក និងកុមារ នៅតែបន្តស្ថិតក្នុងវឌ្ឍនភាព គួរឱ្យមោទនៈ ជាក់ស្ដែងលទ្ធផលបានបង្ហាញថា ពុំមានករណីស្លាប់របស់មាតា និងទារកនោះទេ។ ប្រការនេះ បានធ្វើឱ្យសមាមាត្រ នៃការសម្រាលកូននៅមូលដ្ឋានសុខាភិបាល ពីឆ្នាំ២០១៨ ដល់ ឆ្នាំ២០២២ ស្ថិតក្នុង អត្រា៥៥% ក្នុងនោះការសំរាលកូនដោយឆ្មបបុរាណ គឺពុំមានឡើយ។

នេះបើយោងរបាយការណ៍ របស់ លោក ម៉ែន សុធីរ ប្រធានមន្ទីរសុខាភិបាលខេត្តកែប ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅសម្រាប់ឆ្នាំ២០២៣ របស់មន្រ្តីសុខាភិបាលនារសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ ។

ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានសំដែងនូវការកោតសរសើរ និងវាយតម្លៃ ខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់នៃមន្ទីរសុខាភិបាល ដោយផ្អែកតាមលទ្ធផលឆ្នាំ២០២២នេះ អត្រាមរណភាពស្រ្តី និងកុមារ ត្រូវបានកាត់បន្ថយដល់កម្រិតសូន្យ នេះសបញ្ជាក់ ឱ្យឃើញថា ស្ថានភាពសុខភាពរបស់ស្ត្រីកុមារ និងប្រជាពលរដ្ឋមានលក្ខណៈល្អប្រសើរបន្តិចម្តងៗ ជារៀងរាល់ឆ្នាំនៅទូទាំងប្រទេស ជាពិសេសនៅខេត្តកែបយើង។

ឯកឧត្តម បន្តថា រាជរដ្ឋាភិបាល បានបង្កើនថវិកាសម្រាប់វិស័យសុខាភិបាលជារៀងរាល់ឆ្នាំ ពិសេសបានអនុវត្តគម្រោង លើកទឹកចិត្តជាច្រើនក្រៅពីប្រាក់បៀវត្សរួមមាន៖ មូលនិធិសមធម៌ ការផ្ដល់ប្រាក់លាភការបន្ថែមលើកទឹកចិត្ត ដល់ឆ្មបដែលបានបង្កើតកូនរស់ ព្រមទាំងប្រាក់ឧបត្ថម្ភស្នាដៃការងារ តាមរយៈការវាយតម្លៃគុណភាពសេវាសុខា ភិបាលសាធារណៈ ជាដើម។

ទោះជាយ៉ាងណា ឯកឧត្តម បញ្ជាក់ថា ទន្ទឹមនេះមន្ទីរក៏ត្រូវយកចិត្តទុកដាក់បន្ថែមលើសុខភាពមាតា ទារក និងកុមារតូចៗ ក្នុងចំណោមគ្រួសារក្រីក្រនៅទីជនបទ តំបន់ដាច់ស្រយាល នៅតែជាបញ្ហាប្រឈមនៅឡើយ ជាពិសេសប្រជាពលរដ្ឋ ដែលកំពុងរស់នៅតាមបណ្តាកោះក្នុងខេត្តកែប រួមមាន កោះពោធិ៍ និងកោះទន្សាយ ដែលតម្រូវអោយយើងគិតគួរចំពោះការផ្តល់សេវាដឹកជញ្ជូននៅពេលពលរដ្ឋមានបញ្ហាដូចជាសម្រាលកូន ឬសង្រោះបន្ទាន់ផងដែរ ៕ Sila Sarin

ads banner