ប្រធានអង្គការសុខភាពពិភពលោក (WHO) ទៅដល់ប្រទេសស៊ីរីហើយ ដើម្បីពិនិត្យមើលផ្ទាល់ទីតាំងរងគ្រោះរញ្ជួយដីធ្ងន់ធ្ងរ
អាឡេប៉ូ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៊ីរីបានរាយការណ៍ថា ប្រធានអង្គការសុខភាពពិភពលោក (WHO) លោក ថេដ្រូស អាដាណម ហ្គេប្រេសឹស កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ បានធ្វើដំណើរមកដល់ទីក្រុងអាឡេប៉ូ ប្រទេសស៊ីរីហើយ ជាទីដែលរងគ្រោះរញ្ជួយដីធ្ងន់ធ្ងរនាពេលថ្មីៗនេះ។
នៅពេលគាត់មកដល់ លោក ថេដ្រូស បានប្រាប់អ្នកយកព័ត៌មាននៅឯអាកាសយានដ្ឋានអាឡេប៉ូថា គាត់បាននាំយកនូវការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្តសង្គ្រោះបន្ទាន់ប្រហែល៣៧តោន ហើយថា យើងរីករាយណាស់ ដែលយើងអាចមកជាមួយការផ្គត់ផ្គង់… នេះជាការផ្គត់ផ្គង់ដំបូងដែលយើងកំពុងបញ្ជូន។
លោក ថេដ្រូស បន្ថែមថា WHO នឹងបន្តផ្តល់សេវាវេជ្ជសាស្រ្តសង្គ្រោះបន្ទាន់ ក៏ដូចជានាំយកនូវការផ្គត់ផ្គង់ផ្នែកសង្គ្រោះបន្ទាន់បន្ថែមទៀតដែលចាំបាច់ ដើម្បីព្យាបាលអ្នករងរបួស។ លោកថា ថ្ងៃស្អែកនឹងមានមួយជុំទៀតដែលមានជាង៣០តោន។ ជាមួយគ្នានេះ រដ្ឋមន្ត្រីសុខាភិបាលស៊ីរី លោក ហាសាន់ អាល់ ហ្គាបាស់ បាននិយាយថា ដំណើរទស្សនៈកិច្ចរបស់លោក ថេដ្រូស មានសារសំខាន់ក្នុងទិដ្ឋភាពជាច្រើន។
លោកថា ដំបូងគាត់នឹងមើលឃើញការពិត និងអ្វីដែលគ្រោះមហន្តរាយនេះបានបង្កឡើង។
យើងសង្ឃឹមថា លោក ថេដ្រូស មើលឃើញពីការពិតនៃមន្ទីរពេទ្យ និងអ្វីដែលពួកគេខ្វះខាត ដោយលោកបានអំពាវនាវដល់ WHO ឱ្យជួយផ្តល់ឧបករណ៍ដែលខ្វះខាត។
ដំណើរទស្សនកិច្ចរបស់លោក ថេដ្រូស បានកើតឡើង៥ថ្ងៃបន្ទាប់ពីគ្រោះរញ្ជួយដីក្នុងកម្រិត៧.៨រ៉ិចទ័របានវាយប្រហារប្រទេសតួកគី និងស៊ីរី ដោយបានសម្លាប់មនុស្សជិត២៥,០០០នាក់ រួមទាំងយ៉ាងហោចណាស់ ៣,៥៥៣នាក់នៅស៊ីរី ដែលជាប្រទេសហែកហួរដោយសារសង្រ្គាម។
បើតាមអង្គការសហប្រជាជាតិ គ្រោះមហន្តរាយនេះអាចបណ្តាលឱ្យមនុស្សរហូតដល់៥.៣លាននាក់គ្មានផ្ទះសម្បែងនៅក្នុងប្រទេសស៊ីរី រួមទាំងមនុស្ស ២០០,០០០នាក់នៅទីក្រុងអាឡេប៉ូតែមួយប៉ុណ្ណោះ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ទីណា