អាល្លឺម៉ង់នឹងចេញទិដ្ឋាការសង្គ្រោះបន្ទាន់ដល់ជនរងគ្រោះដោយគ្រោះរញ្ជួយដីដ៏ធ្ងន់ធ្ងរនៅស៊ីរី និងតួកគី

ប៊ែរឡាំង៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអាល្លឺម៉ង់ លោកស្រី ណាន់ស៊ី ហ្វាសឺ បាននិយាយថា អាល្លឺម៉ង់នឹងផ្តល់ទិដ្ឋាការរយៈពេលបីខែដល់ជនរងគ្រោះដោយគ្រោះរញ្ជួយដីនៅប្រទេសតួកគី និងស៊ីរី ជាមួយក្រុមគ្រួសារនៅក្នុងប្រទេស។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអាល្លឺម៉ង់ លោកស្រី ណាន់ស៊ី ហ្វាសឺ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកយ៉ាងដូច្នេះថា នេះគឺជាជំនួយសង្គ្រោះបន្ទាន់… យើងចង់អនុញ្ញាតឱ្យគ្រួសារតួកគី ឬស៊ីរីក្នុងប្រទេសអាល្លឺម៉ង់នាំយកសាច់ញាតិជិតស្និទ្ធរបស់ពួកគេ ពីតំបន់រងគ្រោះមហន្តរាយទៅផ្ទះរបស់ពួកគេ ដោយគ្មានការិយាធិបតេយ្យ។
គិតមកទល់ពេលនេះ គ្រោះរញ្ជួយដីដ៏សាហាវនេះបានសម្លាប់មនុស្សជិត ២៥,០០០នាក់ហើយ។

លោកស្រី ហ្វាសឺ បន្តថា អ្នកដែលមានសិទ្ធិអាចប្រើប្រាស់ទិដ្ឋាការធម្មតា និងផ្តល់ជូនយ៉ាងឆាប់រហ័ស ហើយមានសុពលភាពរយៈពេលបីខែ។ លោកស្រីថា គំនិតផ្តួចផ្តើមរួមគ្នាជាមួយក្រសួងការបរទេសអាល្លឺម៉ង់នេះ នឹងអនុញ្ញាតឱ្យជនរងគ្រោះស្វែងរកទីជម្រក និងទទួលការព្យាបាលនៅក្នុងប្រទេសអាល្លឺម៉ង់។
សូមបញ្ជាក់ថា ប្រជាជនតួកគីប្រហែល២.៩លាននាក់រស់នៅក្នុងប្រទេសអាល្លឺម៉ង់ ហើយជាងពាក់កណ្តាលនៃពួកគេមានសញ្ជាតិតួកគី។

សហគមន៍ស៊ីរីក៏មានទំហំធំដែរ ហើយត្រូវបានគេប៉ាន់ប្រមាណថា មានចំនួន ៩២៤,០០០នាក់ ចាប់តាំងពីអតីតអធិការបតីអាល្លឺម៉ង់ លោក អាន់ជេឡា មឺហ្គែល បានបើកព្រំដែនទទួលជនភៀសខ្លួននៅក្នុងឆ្នាំ២០១៥-២០១៦ ខណៈដែលមានជនជាតិស៊ីរីប្រមាណ ១១៨,០០០នាក់នៅក្នុងប្រទេសអាល្លឺម៉ង់កាលពីឆ្នាំ២០១៤៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner