រញ្ជួយដីនៅតួកគី៖ ក្មេងស្រី អាយុ៧ឆ្នាំ ត្រូវបានទាញចេញពីគំនរអគារទាំងមានជីវិត បន្ទាប់ពីជាប់ ១៣៦ ម៉ោង
អង់ការ៉ា៖ ករណីរញ្ជួយដីនៅប្រទេសតួកគី មានក្មេងស្រីអាយុ ៧ ឆ្នាំ ម្នាក់ ត្រូវបានសង្រ្គោះ ដោយយកចេញពីគំនរបាក់បែក ទាំងនៅមានជីវិត បន្ទាប់ពីកប់ក្នុងទីតាំងនោះ អស់រយៈពេល ១៣៦ ម៉ោង។
ក្រុមអ្នកជួយសង្គ្រោះបានទាញក្មេងស្រីអាយុប្រាំពីរឆ្នាំម្នាក់ ទាំងនៅមានជីវិត ពីអគារបាក់រលំ ក្នុងទីក្រុង ហាតាយ (Hatay) ប្រទេសទួកគី កាលពីថ្ងៃសៅរ៍ ទី១១ ខែកុម្ភៈ ពោលគឺបន្ទាប់ពីកុមារីរូបនេះជាប់នៅទីនោះ ជាងប្រាំថ្ងៃ ក្រោយពីការរញ្ជួយដីដ៏ខ្លាំងមួយ បានបំផ្លិចបំផ្លាញតំបន់នេះ។
វីដេអូចែកជូនពីសាលាក្រុងអ៊ីស្តង់ប៊ុល បានបង្ហាញក្រុមអ្នកជួយសង្គ្រោះបានអង្គុយលើកម្រាលឥដ្ឋនៃអគារដែលរងការខូចខាត មុនពេលទាញ កុមារៅ អ៊ីស្រា តេហាលមីនី (Isra Tehalmini) អាយុប្រាំពីរឆ្នាំ ចេញមក។ សាលាក្រុងអ៊ីស្តង់ប៊ុល បាននិយាយថា ក្មេងស្រីនេះបានជាប់គាំងអស់រយៈពេល ១៣៦ ម៉ោង។
គួរបញ្ជាក់ថា ចំនួនអ្នកស្លាប់នៅតែបន្តកើនឡើង ពោលគឺលើសពី ២៥៣០០នាក់ហើយ នៅទូទាំងប្រទេសតួកគី ភាគខាងត្បូង និងភាគពាយព្យ នៃប្រទេសស៊ីរី។
ការរញ្ជួយដីកម្រិត ៧.៨ រ៉ិចទ័រ កាលពីថ្ងៃច័ន្ទ សប្តាហ៍នេះ ជាមួយនឹងការរញ្ជួយដ៏ខ្លាំងក្លាជាច្រើននៅទូទាំងប្រទេសទួកគី និងស៊ីរី បានជាប់ចំណាត់ថ្នាក់ជាគ្រោះមហន្តរាយធម្មជាតិដែលមានមនុស្សស្លាប់បំផុត ទី ៧ របស់ពិភពលោកក្នុងសតវត្សរ៍នេះ៕ ប្រភពពី Reuters ប្រែសម្រួលដោយ៖ សារ៉ាត