អ្នកវិភាគចៅចាក់ស្មុក៖ ចំណាត់ការរបស់រាជរដ្ឋាភិបាលលុបចោលអាជ្ញាប័ណ្ណវិទ្យុវីអូឌីជាការត្រឹមត្រូវ, បំបាត់វិទ្យុមិនគោរពក្រមសីលធម៌វិជ្ជាជីវៈ និងជួយពង្រឹងដល់ការអនុវត្តច្បាប់ វិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ ដោយប្រើសិទ្ធិការពារកិត្តិយសនិងសេចក្តីថ្លៃថ្នូរស្ថាប័នជាតិ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានសម្រេចឱ្យក្រសួងព័ត៌មានលុប ចោលអាជ្ញាបណ្ណវិទ្យុវីអូឌី (VOD) និងត្រូវបញ្ចប់ការផ្សាយនៅត្រឹមម៉ោង ១០ ព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោយសម្តេចតេជោ និងឯកឧត្តម ហ៊ុន ម៉ាណែត បានផ្តល់ឱកាសគ្រប់គ្រាន់ដើម្បីថ្នាក់ដឹកនាំវិទ្យុនេះធ្វើការបង្ហាញភស្តុតាង និងសុំទោសជាសាធារណៈចំពោះកំហុសវិជ្ជាជីវៈរបស់ខ្លួនក្នុងការផ្សាយព័ត៌មានមិនពិត មានចរិតញុះញង់ មួលបង្កាច់ និងបង្ខូចកេរ្តិ៍ឈ្មោះឯកឧត្តម ហ៊ុន ម៉ាណែត ថាបានដើរតួនាទីជំនួសសម្តេចតេជោ ហ៊ុន សែន ចុះហត្ថលេខាលើឯកសារផ្តល់ជំនួយដល់ប្រទេសតួកគីដើម្បីជួយជនរងគ្រោះក្នុងគ្រោះធម្មជាតិរញ្ជួយដី ដែលការពិតមិនមានការចុះហត្ថលេខាឡើយ។

វិទ្យុនេះបានថែមទាំងប្រមាថស្ថាប័នជាតិ និងបំផ្លាញកិត្តិយសបុគ្គលជាថ្នាក់ដឹកនាំ មានចេតនាបំបែកបំពាក់រាជរដ្ឋាភិបាល គឺជាកំហុសដ៏ធ្ងន់ធ្ងរបំផុត ប៉ុន្តែវិទ្យុដែលទទួលលុយបរទេសមួយនេះបានត្រឹមតែ សម្តែងការសោកស្តាយនិងសូមអធ្យាស្រ័យ ដែលវាមិនមែន ជាការសុំទោសឡើយ។ «សោកស្តាយនិងអធ្យាស្រ័យប្រសិនបើមានកំហុសឆ្គង» ដែលវិទ្យុនេះបានលើកឡើងគឺជាភាសាគេចវេសពីការទទួលខុសត្រូវនិងការសុំទោសជាសាធារណៈ ដែលមិនហ៊ានប្រើ ដែលនេះ កាន់តែប្រមាថមកលើកិត្តិយសនិងស្ថាប័នរាជរដ្ឋាភិបាលថែមទៀត។

ការប្រព្រឹត្តកំហុសវិជ្ជាជីវៈផ្សាយព័ត៌មានបំភ្លៃការពិត មិនទទួលស្គាល់កំហុស ហើយវិទ្យុវីអូឌីបានប្រើប្រាស់វាគ្មិនស្ទើរភ្លើងផ្សេងទៀតដែលមាននិន្នាការនយោបាយវាយប្រហារ និងបង្ខូចកិត្តិយសឯកឧត្តម ហ៊ុន ម៉ាណែត និងវាយប្រហារលើរាជរដ្ឋាភិបាល និងសម្តេចតេជោ ហ៊ុន សែន ថាមិនបានអនុវត្ត តាមតួនាទីភារកិច្ចរបស់រាជរដ្ឋាភិបាល ខណៈតាមពិត រាជរដ្ឋាភិបាលបានអនុវត្តស្របតាមនីតិវិធីច្បាប់ត្រឹមត្រូវ។
ការផ្សាយព័ត៌មានបំភ្លៃខុសពីការពិតនិងការខ្ចីដៃវាគ្មិនមកវាយប្រហារលើសម្តេចតេជោផង និងឯកឧត្តម ហ៊ុន ម៉ាណែត ផង វាមិនមែនជាការផ្សព្វផ្សាយព័ត៌មានដើម្បីផ្តល់ដំណឹង និងចំណេះដឹងដល់ ប្រជាពលរដ្ឋអ្នកស្តាប់ឡើយ តែវាក្លាយជាវេទិកានៃការវាយប្រហារទាំងទទឹងទិសប្រកបដោយឧបាយកលទុច្ចរិតក្នុងការ បំផ្លាញកិត្តិយសសម្តេចតេជោនាយករដ្ឋមន្ត្រី និងឯកឧត្តម ហ៊ុន ម៉ាណែត ដែលជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់អនាគតរបស់គណបក្សប្រជាជនកម្ពុជា។

ការផ្សាយរបស់វិទ្យុវីអូឌីតាំងពីយូរមកហើយតែងតែមានចេតនាមិនល្អក្នុងផ្សព្វផ្សាយដោយបង្កប់នូវរបៀបវារៈមួលបង្កាច់ ឬរករឿង ឬប្រឆាំងរាជរដ្ឋាភិបាល ដើម្បីធ្វើឱ្យប្រជាជនយល់ខុសលើការដឹកនាំរបស់រាជរដ្ឋាភិបាល និងទាញ ទម្លាក់ជំនឿទុកចិត្តរបស់ពលរដ្ឋមកលើការដឹកនាំរបស់រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំជាតិ។

ចំពោះករណីនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ក្នុងសំណេរលើបណ្តាញហ្វេសប៊ុកថា៖ «ខ្ញុំកាន់តំណែងក្នុងរដ្ឋរយៈពេលជាង៤៤ឆ្នាំ ហើយក្នុងនោះតំណែងនាយករដ្ឋមន្ត្រីរយៈពេលជាង៣៨ឆ្នាំ ខ្ញុំពិតជាយល់ដឹងល្មមគ្រប់គ្រាន់នូវពាក្យពេចន៍ដែលត្រូវបានប្រើរាប់ទាំងពាក្យសំដីវាគ្មិន មួយចំនួនដែលចូលមកសម្ភាសក្នុងរឿងផ្លូវច្បាប់ទាក់ទងដល់ ការផ្តល់ជំនួយដល់ប្រទេសទួកគីដែលវាគ្មិនខ្លះព្យាយាម វាយទាំងឪវាយទាំងកូនដែលកូននោះគឺហ៊ុន ម៉ាណែតដែលគាត់ពុំបាន ដឹងរឿងអ្វីសោះ។ តើនេះឬជាវិជ្ជាជីវៈដែលអស់លោកចង់ផ្សាយដោយអចេតនានោះ?»។
ការសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាលលើការលុបអាជ្ញាបណ្ណលើការផ្សាយទាំងអស់របស់វិទ្យុវីអូឌីត្រូវបានទទួលស្វាគមន៍ ពីប្រជាពលរដ្ឋខ្មែរ ដោយពួកគាត់បានខម្មិនលើហ្វេសប៊ុកសម្តេចតេជោថាពិតជាត្រឹមត្រូវបំផុត៖ «សូមគាំទ្រចំពោះការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលដោយមិនថយក្រោយឡើយចំពោះក្រុមវិទ្យុដែលជាកញ្ជះបរទេស បំពានក្រមសីលធម៌វិជ្ជាជីវៈលើអ្នកដទៃ លើស្ថាប័នជាតិ តែមិនបានសុំទោសឱ្យសុទ្ធចិត្ត។ ភាពថ្លៃថ្នូរវិជ្ជាជីវៈរបស់អ្នកកាសែតស៊ីឈ្នួលបរទេសដូចក្រុមនាង គឺធ្វើឱ្យប៉ះពាល់ និងបំផ្លាញកិត្តិយសអ្នកដទៃ ហើយគករាន់តែបង្ហាញការសោកស្តាយ តែប៉ុណ្ណឹង។ ពលរដ្ឋខ្មែរមិនអាចទទួលយកបានឡើយ និងសូមគាំទ្រចំណាត់ការរបស់រាជរដ្ឋាភិបាលលើវិទ្យុកញ្ជះបរទេសមួយនេះ»។

តើនេះជារឿងចម្លែកទេ? វាមិន ចម្លែកឡើយសម្រាប់ពិភពលោកកាលដែលរាជរដ្ឋាភិបាលសម្រេចលុបអាជ្ញាបណ្ណវិទ្យុមិនគោរពក្រមសីលធម៌វិជ្ជាជីវៈមួយ ហើយគ្មានវត្តមានរបស់វិទ្យុដែលផ្សព្វផ្សាយព័ត៌មានមិនពិតនិងតែងតែញុះញង់ បង្កើតការបំពុលសង្គមនេះ វានឹងមិនធ្វើឱ្យសេរីភាពសារព័ត៌មាន និងសេរីភាពនៃការបញ្ចេញមតិនៅកម្ពុជាចុះខ្សោយ ឬស្លាប់ដូចក្រុមប្រឆាំងនិងចៅហ្វាយនាយបរទេសរបស់ពួកគេស្រែកឡើយ ប៉ុន្តែត្រូវបានគេមើលឃើញថាវានឹងជួយពង្រឹងដល់ការអនុវត្តច្បាប់និងវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា ធ្វើឱ្យតម្លៃវិជ្ជាជីវៈសារព័ត៌មានកាន់តែខ្ពស់និងប្រកបដោយគុណភាព។

កន្លងទៅនេះ ដើម្បីការពារផលប្រយោជន៍ជាតិរបស់ខ្លួន, ប្រទេសមួយចំនួន ពិសេស សហរដ្ឋអាមេរិក និងបណ្តាប្រទេសនៅអឺរ៉ុប ដែលជម្ចាស់ជំនួយរបស់វិទ្យុ VOD ធ្លាប់បានធ្វើការរឹតត្បិត ព្រមាទាំងបានហាមឃាត់សារព័ត៌មានរបស់ប្រទេសចិន និងរបស់ប្រទេសរុស្ស៉ី មិនឱ្យផ្សព្វផ្សាយព័ត៌មាននៅលើទឹកដីរបស់ខ្លួនថែមទៀតផង។ ដូច្នេះ ប្រទេសទាំងនោះ គ្មានឥស្សរភាព ឬកិត្តិយសឯណា ដើម្បីមកថ្កោលទោស ឬរិះគន់ ឬផ្តល់មេរៀនដល់អ្នកដទៃអំពីសេរីភាពសារព័ត៌មាននោះឡើយ។ បើខ្លួនឯងធ្វើមិនទាំងកើតផងនោះ។

ចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលលើវិទ្យុវីអូឌីដែលផ្សាយព័ត៌មានបំភ្លៃ មួលបង្កាច់ និងមានចរិតញុះញង់បំផ្លាញកេរ្តិ៍ឈ្មោះសេចក្តីទុកចិត្តរបស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំជាតិដើម្បីបម្រើផលប្រយោជន៍នយោបាយឱ្យម្ចាស់ជំនួយរបស់ខ្លួន និងក្រុមអ្នកនយោបាយប្រឆាំង គឺជាការពង្រឹងការអនុវត្តច្បាប់ និងក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន គេមិនត្រូវបកស្រាយថាជាការ រំលាភច្បាប់ ប្រឆាំងអ្នកកាសែត ឬបំបិទសិទ្ធិសេរីភាពសារព័ត៌មានឡើយ តែវាជាការចូលរួមលើកតម្លៃវិជ្ជាជីវៈ និងសេរីភាពសារព័ត៌មាន។

សេរីភាពសារព័ត៌មានត្រូវបានលើកតម្កើង នៅពេលដែលព័ត៌មាន គឺជាព័ត៌មានពិតប្រាកដដែលត្រូវបានរៀបចំ និងផ្សព្វផ្សាយប្រកបដោយគុណភា ព និងមានវិជ្ជាជីវៈ ដើម្បីជាប្រយោជន៍នៃចំណេះដឹង និងសម្រាប់សង្គមជាតិ។ ព័ត៌មានដែលក្លែងក្លាយ ដែលត្រូវបានចែករំលែក ឬ ផ្សព្វផ្សាយ គឺបានត្រឹមតែជាការបំពុលបរិយាកាសសង្គម ហើយមានចរិតគ្រោះថ្នាក់ និងបំផ្លាញសង្គមប៉ុណ្ណោះ ដែលរាជរដ្ឋាភិបាលកម្ពុជាមានកាតព្វកិច្ចក្នុងការចាត់វិធានការដើម្បីផលប្រយោជន៍ជាតិនិងប្រជាជន និងការពារសេរីភាពសារព័ត៌មានជារួម៕
ដោយ៖ចៅចាក់ស្មុក
រាជធានីភ្នំពេញ, ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner