សម្ដេចក្រឡាហោម ស ខេង បន្តផ្សព្វផ្សាយខ្លឹមសារសំខាន់ៗនៃសេចក្តីសម្រេចរបស់មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់ គណបក្សប្រជាជនកម្ពុជា
ខេត្តបាត់ដំបង ៖ កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចចិត្ត នៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់ គណបក្សប្រជាជនកម្ពុជា ត្រូវបានប្រារព្ធធ្វើឡើង នារសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅឯមជ្ឈមណ្ឌលសុភមង្គល ក្រុង-ខេត្ត បាត់ដំបង ក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបាត់ដំបង និងខេត្តព្រៃវែង។
ឯកឧត្តម សុខ លូ សមាជិកគណៈកម្មាធិការកណ្ដាល ជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តបាត់ដំបង បានថ្លែងថា៖ ការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោត ប្រចាំឆ្នាំ២០២២ អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតបច្ចុប្បន្នភាពឆ្នាំ២០២២ មានចំនួនសរុប ៦៦៣ ៩៦២នាក់។ កើនលើសបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០២១ សរុបចំនួន៣០ ១៩៩នាក់ ក្នុងនោះសមាជិកគណបក្សប្រជាជន ស្មើនឹង ៦៧,៧៧% នៃចំនួនអ្នកដែលមានឈ្មោះរួមទូទាំងខេត្ត ។ សមាជិកបក្សបានចុះឈ្មោះថ្មី មានចំនួន ៣៤ ២៣៦នាក់ (ភាគច្រើនជាយុវជន)។ក្រោយការបញ្ចប់ពិនិត្យបញ្ជីឈ្មោះនិងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២របស់គ.ជ.ប រហូតដល់ពេលនេះយើងកសាងសមាជិកថ្មីបន្ថែមទៀតបានចំនួន ១១ ៣១៤នាក់។
ក្នុងនោះគណៈកម្មាធិការគណបក្សខេត្ត បានសម្រេចដាក់ផែនការកសាងសមាជិកបក្សថ្មីបន្ថែមទៀតពីឥឡូវនេះ រហូតដល់ពេលបើកយុទ្ធនាការឃោសនាបោះឆ្នោតឲ្យបានឆ្លើយតបតាមការគ្រោងទុកបន្ថែមទៀត។
ឯកឧត្តម អ៊ុយ រី សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈប្រចាំការគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង ក៏បានអានសេចក្តីសម្រេចចិត្តនៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់ គណបក្សប្រជាជនកម្ពុជា ជូនសមាជិក សមាជិកា នៃកិច្ចប្រជុំផងដែរ ។
សម្ដេចក្រឡាហោម ស ខេង ថ្លែងថា៖ កិច្ចប្រជុំនៅថ្ងៃនេះ ដើម្បីធ្វើការផ្សព្វផ្សាយជូនសមាជិកសមាជិកាគណបក្ស និងអ្នកគាំទ្រគណបក្សនៅតាមមូលដ្ឋាន ឱ្យបានជ្រាបគ្រប់ៗគ្នាពីខ្លឹមសារសំខាន់ៗនៃសេចក្តីសម្រេចរបស់គណបក្សឲ្យកាន់តែជ្រួតជ្រាប ដើម្បីជាត្រីវិស័យតម្រង់ឆ្ពោះទៅកាន់ការបោះឆ្នោត និងដើម្បីដណ្តើមនូវប្រៀបឈ្នះក្នុងការបោះឆ្នោតជាតិជាសកលឆ្នាំ២០២៣ខាងមុខ។
សម្តេចក្រឡាហោម ក៏បានបន្ថែមទៀតថា៖ក្រោយការបោះឆ្នោតឆ្នាំ២០២៣ គណបក្សនឹងប្រែក្លាយឯកសារដែលបានសម្រេចចិត្ត នៅក្នុងមហាសន្និបាតវិសាមញ្ញ រៀបចំជាកម្មវិធីនយោបាយសម្រាប់អាណត្តិទី៧ ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៨ ។ ដោយសម្ដេចបានសង្កត់ធ្ងន់ទៀតថា ដើម្បីឱ្យគណបក្សអាចយកសេចក្ដីសម្រេចចិត្ត ទៅអនុវត្តជាកម្មវិធីនយោបាយ របស់ រាជរដ្ឋាភិបាលអាណត្តិថ្មីបាន ក៏ត្រូវទាមទារនូវកត្តាសំខាន់តែមួយគត់ គឺបន្តឈ្នះការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៃរដ្ឋសភា នាខែ
កក្កដា ឆ្នាំ២០២៣ខាងមុខ ឲ្យបានដាច់ខាត។
ក្នុងឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានគូសបញ្ជាក់អំពីការវាយតម្លៃសភាពការណ៍អន្តរជាតិ តំបន់ និងក្នុងប្រទេស និងការ ដាក់ចេញនូវគោលនយោបាយ របស់គណបក្ស ពាក់ព័ន្ធនឹងសភាពការណ៍ផ្ទៃក្នុងប្រទេស និងទិសដៅការងារសំខាន់ៗ សម្រាប់ខេត្តបាត់ដំបងផងដែរ។ ព្រមជាមួយនោះ សម្ដេចក៏បានជំរុញលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ មន្រ្តីក្រុមការងារ និងគណបក្សគ្រប់ថ្នាក់ បន្តផ្ដល់ការគាំទ្រ និងការចូលរួមអនុវត្តការងារដែលបានដាក់ចេញឱ្យសកម្មព្រមៗគ្នា ដើម្បីឲ្យគណបក្ស បន្តដណ្ដើមបានជោគជ័យសម្រាប់ការបោះឆ្នោត ពេលឆាប់ៗខាងមុខនេះ ៕
( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )