សម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅ សាធារណ រដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ រយៈពេលពីរថ្ងៃ

ភ្នំពេញ៖ តាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីឡាវឯកឧត្តម សុនសាយ ស៊ីផាន់ដន នៅព្រឹកថ្ងៃទី១៣ខែកុម្ភៈឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋាភិបាលកម្ពុជាបាន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ កម្ពុជារួមមាន មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់និងថ្នាក់ដឹកនាំធុរកិច្ច អញ្ជើញ បំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវរយៈពេលពីរថ្ងៃនៅថ្ងៃទី១៣និងទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសបានឱ្យដឹងថា ក្នុង ដំណើរទស្សនកិច្ចនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នឹងមានជំនួបដាច់ដោយឡែកពីគ្នាជាមួយឯកឧត្តម ថងលូន ស៊ីសូលីត ប្រធានរដ្ឋឡាវ និង ឯកឧត្តម សាយ សំផន ភុមវីហាន ប្រធានរដ្ឋសភា ឡាវ ព្រមទាំងទទួលជួបសម្តែងការគួរសមជាមួយប្រធាន សមាគម មិត្តភាពឡាវ-កម្ពុជាផងដែរ។

សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងមានជំនួបទ្វេភាគីជាមួយសមភាគី ឯកឧត្តម សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ ដើម្បីពិភាក្សាអំពី មធ្យោបាយក្នុងការពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ រួមទាំង សន្តិសុខ-នយោបាយ, សង្គម-សេដ្ឋកិច្ច និងផ្លាស់ប្តូរយោបល់លើបញ្ហាអនុតំបន់ តំបន់ និងអន្តរជាតិ ដែលមាន ប្រយោជន៍ និងជាក្តីបារម្ភរួម។ភាគីទាំងពីរ នឹងចុះហត្ថលេខា ដោយនាយករដ្ឋមន្ត្រីឡាវ និងកម្ពុជា លើផែនការសកម្មភាព សម្រាប់ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងកម្ពុជានិងឡាវសម្រាប់ឆ្នាំ២០២៣-២០២៧ ។

ជុំវិញដំណើរទស្សនកិច្ចនេះ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថាន ទំនាក់ទំនង អន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បង្ហាញនូវ ទស្សនៈ ផ្ទាល់ខ្លួនថា ដំណើរទស្សនកិច្ចរបស់ សម្ដេចតេជោ ហ៊ុន សែនទៅ កាន់ឡាវលើកនេះមានសារៈសំខាន់ក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីនៃប្រទេសទាំងពីរខណៈកម្ពុជា និងឡាវមានទំនាក់ទំនងបែប ប្រពៃណី និងប្រវត្តិសាស្រ្តមួយដ៏ល្អ ទាំងវិស័យវប្បធម៌ នយោបាយ សេដ្ឋកិច្ច និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ។

លោកបណ្ឌិតបន្តថា ផ្អែកតាមទិដ្ឋភាពប្រវត្តិសាស្រ្ត ទោះបីកម្ពុជា និងឡាវ បានផ្លាស់ប្តូររបត់នយោបាយខុសគ្នាក្តីក្រោយសម័យកាលទទួលបានឯករាជ្យពីនឹមត្រួតត្រារបស់បារាំង ក៏ទំនាក់ទំនងទ្វេភាគីនៃ ប្រទេស ទាំងពីរ មិនប្រែប្រួលដែរ ។ ជាអ្នកជិតខាងល្អ មានភាព ស៊ីជម្រៅគ្រប់ជ្រុងជ្រោយ។

លោកបណ្ឌិត គិន ភា បានបន្ថែមថាទាំងក្នុងកម្រិតទំនាក់ទំនង ពហុភាគី និងពិភពលោក កម្ពុជា និងឡាវតែងផ្តល់ការគាំទ្រ ដល់ គ្នាទៅវិញទៅមក ជាពិសេសយន្តការពហុភាគីនិយមក្នុងក្របខ័ណ្ឌ អាស៊ាន។
លោកក៏បានសង្កត់ធ្ងន់ដែរថា ដំណើរទស្សនកិច្ចរបស់ប្រមុខរដ្ឋាភិបាល កម្ពុជានឹងបង្កើនកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងឡាវបានគ្រប់ជ្រុងជ្រោយក្នុងភាពជាដៃគូយុទ្ធសាស្រ្ត និងបង្កើនទំហំកិច្ចសហ ប្រតិបត្តិ ការលើវិស័យនានាដែលមានស្រាប់កាន់តែស្អិតរមួត។

ដោយឡែកលោក សេង វណ្ណលី សាស្ត្រាចារ្យផ្នែកទំនាក់ទំនង អន្តរជាតិលើកឡើងថា សម្រាប់កម្ពុជាតែងផ្តល់សារៈសំខាន់ដល់ ទំនាក់ទំនងស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយជាមួយបណ្តារដ្ឋជិតខាង មិនថាថៃ វៀតណាម និងឡាវ ឡើយ ដើម្បីប្រយោជន៍ផ្នែកសន្តិសុខ និងកិច្ចសហប្រតិបត្តិការតាមបណ្តោយព្រំដែន ព្រមទាំងដំណោះ ស្រាយ បន្ទាត់ព្រំដែនដោយឈរលើគោលការណ៍អ្នកជិតខាងល្អ។

លោក សេង វណ្ណលី គូសបញ្ជាក់ថា នៅពេលឡាវមាននាយក រដ្ឋមន្ត្រី ថ្មី ដំណើរទស្សនកិច្ចរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ពេលនេះក៏វាបង្ហាញពីការចូលទៅអបអរសាទរចំពោះរដ្ឋាភិបាលថ្មីរបស់ឡាវហើយរដ្ឋាភិបាលកម្ពុជាមើលឃើញពីប្រយោជន៍នៃការធ្វើពិពិធកម្មការទូតលើការពង្រឹងនិងពង្រីកលើកិច្ចសហប្រតិបត្តិការជាមួយឡាវ និងប្រទេសនានាទៀត។ ចំណែកឡាវក៏ផ្តល់តម្លៃដល់កិច្ចសហ ប្រតិបត្តិ ការសេដ្ឋកិច្ចជាមួយបណ្តាប្រទេសផ្សេងៗដែរ ដោយសារ ថ្មីៗនេះឡាវទើបជួបប្រទះវិបត្តិសេដ្ឋកិច្ចផង»។

លោកយល់ថា រដ្ឋាភិបាលកម្ពុជាសម្លឹងឃើញសហប្រតិបត្តិការ សេដ្ឋកិច្ចបន្ថែមជាមួយឡាវ ខណៈប្រទេសនេះទើបជួបប្រទះ វិបត្តិសេដ្ឋកិច្ច និងអតិផរណា ហើយទៀតសោតជាប្រទេសដីគោក ដែលទាមទារជាចាំបាច់នូវហេដ្ឋារចនាសម្ព័ន្ធផ្នែកដឹកជញ្ជូន ស្រប ពេលកម្ពុជានឹងមានវត្តមានកំពង់ផែទឹកជ្រៅនៅក្រុងព្រះសីហនុដែលអាចជួយបំពេញតម្រូវការឡាវបាន រួមជាមួយកិច្ចសហប្រតិបត្តិការ ផ្លូវដែកកម្ពុជា-ឡាវ ផងដែរ៕

ដោយ៖ វណ្ណលុក (ប្រភព CPA)

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner