រដ្ឋាភិបាលតួកគី បញ្ជាឱ្យចាប់ ខ្លួន ជនសង្ស័យដែលពាក់ព័ន្ធនឹង អគារ ដែលបានដួល រលំ ក្នុងគ្រោះរញ្ជយដី
តួកគី៖ ប្រទេសតួកគីបានប្តេជ្ញាថានឹងធ្វើការស៊ើបអង្កេតឱ្យបានហ្មត់ចត់បំផុតទៅលើអ្នកណាដែលជាប់ការសង្ស័យថា មានជាប់ពាក់ព័ន្ធជាមួយនឹងទំនួលខុសត្រូវចំពោះការដួលរលំអគារដោយសារគ្រោះរញ្ជួយដីដ៏ធំបំផុតមិនធ្លាប់មានពីមុនកាលពីជិតមួយសប្តាហ៍មុន។គិតត្រឹម ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣អាជ្ញាធរតួកគីបានបញ្ជាឱ្យឃាត់ខ្លួនជនសង្ស័យចំនួន ១១៣ នាក់ហើយ។
អនុប្រធានាធិបតីតួកគីលោក Fuat Oktay បានលើកឡើងថា រហូតមកដល់ពេលនេះ ជនសង្ស័យចំនួន ១៣១ នាក់ ត្រូវបានគេសម្គាល់ថាជាអ្នកត្រូវទទួលខុសត្រូវចំពោះការដួលរលំអគារមួយចំនួនក្នុងចំណោមអគាររាប់ពាន់ខ្នងដែលបានដួលរលំនៅក្នុងខេត្តចំនួន ១០ ក្នុងប្រទេសតួកគី ដោយសារតែរងផលប៉ះពាល់ពីការរញ្ជួយដីកាលពីព្រឹកថ្ងៃចន្ទ សប្ដាហ៍មុន។ អនុប្រធានាធិបតីរូបនេះបានប្រាប់អ្នកសារព័ត៌មាននៅក្នុងសន្និសីទខ្លីមួយនៅឯមជ្ឈមណ្ឌលសម្របសម្រួលការគ្រប់គ្រងគ្រោះមហន្តរាយក្នុងតំបន់អង់ការ៉ា (Ankara) ថា «ក្នុងចំណោមជនសង្ស័យ ១៣១ នាក់ មាន ១១៣ នាក់ត្រូវបានអាជ្ញាធរចេញដីកាឃុំខ្លួនរួចស្រេចហើយ»។
លោកបន្តថា «យើងនឹងតាមដានរឿងនេះឱ្យបានហ្មត់ចត់ រហូតទាល់តែដំណើរការតុលាការត្រូវបានបញ្ចប់ ជាពិសេសសម្រាប់អគារដែលរងការខូចខាតធ្ងន់ធ្ងរ និងអគារដែលបណ្តាលឱ្យមនុស្សស្លាប់ និងរបួស»។ លោកបានប ន្ថែមថា ក្រសួង យុត្តិធម៌ បាន បង្កើត ការិយាល័យ ស៊ើបអង្កេត ឧក្រិដ្ឋកម្ម រញ្ជួយ ដី ក្នុងតំបន់ខេត្តដែលមានការ រញ្ជួយ ដី ដើម្បី ស៊ើបអង្កេត ការ ស្លាប់ និង របួសរបស់ជនរងគ្រោះទាំងនោះ។
គួរដឹងដែរថា រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក Murat Kurum បានមានប្រសាសន៍ថា «អគារចំនួនជិត ២ម៉ឺន ៥ពាន់ ខ្នងនៅទូទាំងតំបន់រញ្ជួយដីបានដួលរលំ ឬរងការខូចខាតយ៉ាងខ្លាំង នេះបើផ្អែកលើការវាយតម្លៃលើអគារជាង ១៧ ម៉ឺនខ្នង។ ដោយឡែក ក្រុមអ្នកជួយសង្គ្រោះនៅតែបន្តស្វែងរកអ្នកនៅរស់រានមានជីវិតនៅក្នុងគំនរបាក់បែកនៃគ្រោះរញ្ជួយដីរយៈពេល ៦ ថ្ងៃមកហើយបន្ទាប់ពីគ្រោះមហន្តរាយនេះបានវាយប្រហារទៅលើប្រទេសស៊ីរី និងតួកគី។ ចំនួនអ្នកស្លាប់បានកើនឡើងលើសពី ២ម៉ឺន ៨ពាន់ នាក់ ហើយត្រូវបានគេរំពឹងថាតួលេខនេះនឹងកើនឡើងបន្ថែមទៀត។
រីឯគណបក្សប្រឆាំងវិញ បានចោទប្រកាន់រដ្ឋាភិបាលរបស់លោកប្រធានាធិបតី Tayyip Erdogan ថាមិនបានអនុវត្តបទប្បញ្ញត្តិស្ដីពីការសាងសង់អគារឱ្យមានប្រសិទ្ធភាព និងបានចំណាយខុសលើពន្ធពិសេសដែលបានបង់ក្រោយរញ្ជួយដីកាលពីឆ្នាំ១៩៩៩ ដើម្បីអាចធ្វើឱ្យអគារកាន់តែធន់នឹងការរញ្ជួយដីនោះទេ។ យ៉ាងណាក៏ដោយ លោក Erdogan បានឆ្លើយតបវិញថា គណបក្សប្រឆាំងបាននិយាយកុហក និងផ្សព្វផ្សាយបង្កាច់បង្ខូចរដ្ឋាភិបាល ដែលការណ៍នេះបានរារាំងដល់ការវិនិយោគ ជាជាងការប្រឈមមុខនឹងអំពើពុករលួយនៅក្នុងតំបន់ដែលគ្រប់គ្រងដោយគណបក្សប្រឆាំងមួយចំនួន។
គួរញ្ជាក់ថា ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ ប្រទេសទួរគីបានធ្លាក់ចុះសន្ទស្សន៍នៃការយល់ឃើញអំពីអំពើពុករលួយរបស់អង្គការតម្លាភាពអន្តរជាតិចំនួន ៤៧ ចំណាត់ថ្នាក់ ពោលគឺកាលពីឆ្នាំ២០១២ កម្រិតភាពល្អនៃស្ថានភាពអំពើពុករលួយរបស់តួកគីស្ថិតនៅចំណាត់ថ្នាក់ទី ៥៤ ក្នុងចំណោម ១៧៤ ប្រទេស ប៉ុន្តែក្នុងឆ្នាំ២០២២ បែរជាធ្លាក់ដល់ទៅទី ១០១ ក្នុងចំណោម ១៧៤ ប្រទេស។
យោងតាមទីភ្នាក់ងារព័ត៌មានរដ្ឋតួកគីមួយឈ្មោះថា Anadolu Agency បានរាយការណ៍ថា ក្រុមរដ្ឋអាជ្ញានៅទីក្រុង Adana បានបញ្ជាឱ្យឃុំខ្លួនមនុស្ស ៦២ នាក់ក្រោយមានការស៊ើបអង្កេតទៅលើអគារដែល បានដួលរលំ ខណៈដែលកំពុងបន្តស្វែងរកការចាប់ខ្លួនមនុស្ស ៣៣ នាក់នៅក្នុងទីក្រុង Diyarbakir បន្ថែមទៀតក្រោមហេតុផលដូចគ្នាខាងលើ។ មិនត្រឹមតែប៉ុណ្ណោះ មានមនុស្ស ៨ នាក់ត្រូវបានឃុំខ្លួននៅទីក្រុង Sanliurfa និង ៤ នាក់ទៀតនៅទីក្រុង Osmaniye។ ពួកគេសុទ្ធតែមានជាប់ទាក់ទងនឹងអគារដែលត្រូវបានបំផ្លិចបំផ្លាញដោយគ្រោះរញ្ជួយដី ដោយគេជឿថា ការសាងសង់អគារទាំងអស់នោះ បានធ្វើខុសទៅនឹងបច្ចេកទេសសំណង់។
យោងតាមទីភ្នាក់ងារព័ត៌មានរដ្ឋតួកគីខាងលើ បានឱ្យដឹងថា នៅល្ងាចថ្ងៃសុក្រ ប៉ូលីសបានឃាត់ខ្លួនអ្នកអភិវឌ្ឍន៍អគារលំនៅដ្ឋានមួយកន្លែង ដែលបានដួលរលំនៅក្នុងទីក្រុង Antakya នៅឯអាកាសយានដ្ឋានអ៊ីស្តង់ប៊ុល ខណៈដែលជនសង្ស័យម្នាក់នេះកំពុងរៀបចំឡើងយន្តហោះទៅប្រទេសម៉ុងតេណេហ្គ្រោ (Montenegro) ហើយត្រូវបានចាប់ខ្លួនជាផ្លូវការនៅថ្ងៃសៅរ៍។
បើយើងក្រឡេកទៅមើលអគារលំនៅដ្ឋានកម្ពស់ ១២ ជាន់មួយកន្លែងដែលត្រូវបានទទួលសាងសង់ដោយជនសង្ស័យខាងលើ វាត្រូវបានសាងសង់បញ្ចប់កាលពីមួយទសវត្សរ៍មុន នៅក្នុងនោះមានផ្ទះល្វែងចំនួន ២៤៩ បន្ទប់។ ប៉ុន្តែរហូតមកទល់ពេលនេះ គេមិនមានទទួលបាន ព័ត៌មាន អំពី ការ ស្លាប់ ឬរង របួស នៅ ក្នុង អគារ នោះ នៅឡើយទេ។
ទីភ្នាក់ងារព័ត៌មានរដ្ឋតួកគីដដែលបានរាយការណ៍ថា បុរសដែលត្រូវបានចាប់ខ្លួនរូបនេះបានប្រាប់រដ្ឋអាជ្ញាថា លោកមិនដឹងថាហេតុអ្វីបានជាអគារនេះដួលរលំនោះទេ ហើយថាការធ្វើដំណើរទៅប្រទេសម៉ុងតេណេហ្គ្រោ គឺមិនពាក់ព័ន្ធនឹងការចង់គេចវេសពីទំនួលខុសត្រូវលើអគារនេះនោះទេ។ ជនសង្ស័យនេះបានលើកឡើងថា «យើងបានបំពេញគ្រប់នីតិវិធីដែលមានចែងនៅក្នុងច្បាប់។ ហើយគ្រប់អាជ្ញាប័ណ្ណអនុញ្ញាតទាំងអស់ យើងក៏បានទទួលដូចគ្នា។» ដោយ៖ ធា សុខណា
ប្រភព៖ https://www.reuters.com/world/middle-east/turkey-steps-up-collapsed-buildings-investigation-orders-113-arrested-2023-02-12 (https://www.reuters.com/world/middle-east/turkey-steps-up-collapsed-buildings-investigation-orders-113-arrested-2023-02-12/)/