ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត៖ ការអប់រំជាការសំខាន់សម្រាប់មនុស្សគ្រប់ស្រទាប់វណ្ណៈ និងគ្រប់ជាតិសាសន៍
ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការអប់រំជាការសំខាន់សម្រាប់មនុស្សគ្រប់ស្រទាប់វណ្ណៈ និងគ្រប់ជាតិសាសន៍ ព្រោះថាធនធានមនុស្ស គឺជាមូលដ្ឋានចម្បងដើម្បីធ្វើឱ្យប្រទេសមួយធ្វើដំណើរឆ្ពោះទៅការអភិវឌ្ឍរីកចម្រើនប្រកបដោយចីរភាព ភាពប្រកួតប្រជែង និងធានាបាននូវអធិបតេយ្យ និងភាពឯករាជ្យម្ចាស់ការយូរអង្វែង។ ការបញ្ជាក់នេះ ក្នុងពិធីប្រកាសសមាសភាពក្រុមប្រឹក្សាភិបាលអាណត្តិថ្មី និងប្រគល់បណ្ណសរសើរគ្រូឆ្នើមប្រចាំឆ្នាំ២០២២ ដល់លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ នៃសហព័ន្ធសេវាអប់រំនៅកម្ពុជា កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣។
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា មានទស្សនៈខ្លះលើកទ្បើងថា ក្នុងយុគសម័យបច្ចេកវិទ្យាទំនើប គេព្យាយាមជំរុញមនុស្សឱ្យធ្វើការដូចជាម៉ាស៊ីន ឬម៉ាស៊ីនអាចមានសុភវិនិច្ឆ័យដូចជាមនុស្ស តែទោះជាយ៉ាងការណ៍ពីរនេះ មិនអាចមានភាពប្រត្យក្សច្បាស់បានទ្បើយ។ កត្តាបីយ៉ាងដែលមនុស្សអាចទទួលបានការបណ្តុះបណ្តាល ដើម្បីទទួលបានប្រសិទ្ធភាពប្រហាក់ប្រហែលនឹងគ្រឿងម៉ាស៊ីន មានជាអាទិ៍៖
១. បណ្តុះបណ្តាលមនុស្សឱ្យធ្វើការងារដោយមានភាពច្បាស់លាស់ ភាពប្រាកដប្រជា និងធានាបាននិរន្តភាព ២. បណ្តុះបណ្តាលមនុស្សឱ្យចេះមានការជំរុញទឹកចិត្ត និងឯករាជ្យភាពដោយខ្លួនឯងក្នុងការអនុវត្តការងារ និង ៣. បណ្តុះបណ្តាលឱ្យមានឆន្ទៈ មនសិការ ក្នុងការជួយគ្នាសម្រេចបាននូវជោគជ័យក្នុងគ្រប់ភារកិច្ចក្នុងស្មារតីប្រកួតប្រជែងវិជ្ជមាន។ ទាំងអស់នេះ គឺអាចសម្រេចបានតាមរយៈការអប់រំបណ្តុះបណ្តាល ទាំងជំនាញរឹង ដែលសំដៅទៅលើជំនាញឯកទេស ដូចជាវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ។ល។ និងជំនាញទន់ ដែលសំដៅទៅលើជំនាញដែលទាក់ទងទៅនឹងផ្នត់គំនិត ការជំរុញទឹកចិត្ត ការមានគុណធម៌ និងសីលធម៌ ជាដើម។ ការបណ្តុះបណ្តាលជំនាញទាំងពីរនេះត្រូវមានការដើរទន្ទឹមគ្នាតាំងតែពីកម្រិតបឋមសិក្សា រហូតដល់កម្រិតមធ្យមសិក្សាទុតិយភូមិ។
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការជួយថែរក្សាអត្តសញ្ញាណជាតិខ្មែរតាមរយៈការដាក់ការបណ្តុះបណ្តាលភាសាខ្មែរជាភាសាកាតព្វកិច្ច នៅក្នុងគ្រឹះស្ថានអប់រំឯកជន គឺជាកត្តាអាទិភាពចម្បង។ ក្នុងន័យនេះ ការជំរុញឱ្យមានការរៀនភាសាខ្មែរបានជ្រៅជ្រះសម្រាប់សិស្សដែលមានសញ្ជាតិខ្មែរ ព្រមទាំងបញ្ចូលបន្ថែមនូវចំណេះដឹងផ្នែកវប្បធម៌ ប្រពៃណីដ៏ល្អផូរផង់ដែលជាតិខ្មែរយើងតែងបានប្រកាន់រៀងមក ដើម្បីធ្វើយ៉ាងណាឱ្យកូនចៅជំនាន់ក្រោយរបស់យើង អាចរក្សាបានទាំងចំណេះដឹង និងអត្តសញ្ញាណពិតប្រាកដរបស់ខ្លួន៕
ដោយ៖ពលជ័យ