គ.ជ.ប ជូនដំណឹងពីការដាក់ និងទទួលពាក្យសុំចុះឈ្មោះអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ សម្រាប់ការបោះឆ្នោតតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣

ភ្នំពេញ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្ដីជូនដំណឹងដល់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ និងអន្តរជាតិថា ការយកព័ត៌មាន អំពីដំណើរការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ អ្នកសារព័ត៌មានទាំងអស់ ត្រូវមានបណ្ណសម្គាល់ខ្លួន ជាអ្នកសារព័ត៌មាន ដែលចេញដោយ គ.ជ.ប ។

ដើម្បីទទួលបានបណ្ណសម្គាល់ខ្លួន អ្នកសារព័ត៌មាន ត្រូវដាក់ពាក្យសុំចុះឈ្មោះ ជាអ្នកសារព័ត៌មាន ដោយផ្ទាល់នៅ គ.ជ.ប ។ ការដាក់ពាក្យសុំចុះឈ្មោះ ជាអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដែលមានការិយាល័យអចិន្រ្តៃយ៍ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវភ្ជាប់មកជាមួយនូវ៖
– ច្បាប់ចម្លងប្រកាសអនុញ្ញាត ដោយក្រសួងព័ត៌មាន
– លិខិតស្នើសុំធ្វើបណ្ណអ្នកសារព័ត៌មាន គ.ជ.ប ពីសាមីអង្គភាព
– លិខិតបញ្ជាក់ ឬច្បាប់ចម្លងនៃបណ្ណអ្នកសារព័ត៌មានដែលចេញដោយក្រសួងព័ត៌មាន ឬសមាគម ឬបណ្ណ សម្គាល់ ខ្លួនជាអ្នកសារព័ត៌មានរបស់សាមីអង្គភាព
– ប្រវត្តិរូបសង្ខេបមានបិទរូបថត និងរូបថត ៤x៦ ចំនួន ១សន្លឹកទៀត សម្រាប់ធ្វើបណ្ណសម្គាល់ខ្លួន
– ច្បាប់ចម្លងនៃលិខិតឆ្លងដែន (សម្រាប់ជនបរទេស)។

ការដាក់ពាក្យសុំចុះឈ្មោះ ជាអ្នកសារព័ត៌មានអន្តរជាតិ ដែលពុំមានការិយាល័យអចិន្រ្តៃយ៍ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវភ្ជាប់មកជាមួយនូវ៖
– ច្បាប់ចម្លងនៃលិខិតឆ្លងដែន
– បណ្ណសម្គាល់ខ្លួនជាអ្នកសារព័ត៌មានរបស់សាមីអង្គភាព
– ប្រវត្តិរូបសង្ខេបមានបិទរូបថត និងរូបថត ៤x៦ ចំនួន ១សន្លឹកទៀត សម្រាប់ធ្វើបណ្ណសម្គាល់ខ្លួន។
ការដាក់ពាក្យសុំចុះឈ្មោះជាអ្នកសារព័ត៌មានឯករាជ្យ ត្រូវភ្ជាប់មកជាមួយនូវ៖
– ច្បាប់ចម្លងនៃបណ្ណអ្នកសារព័ត៌មាន ដែលចេញដោយក្រសួងព័ត៌មាន ឬសមាគម អ្នកសារ ព័ត៌មាន
– ប្រវត្តិរូបសង្ខេបមានបិទរូបថត និងរូបថត ៤x៦ ចំនួន ១សន្លឹកទៀត សម្រាប់ធ្វើបណ្ណសម្គាល់ខ្លួន
– អត្ថបទចុងក្រោយ ដែលបានសរសេរចុះផ្សាយក្នុងសារព័ត៌មានស្របច្បាប់អំឡុងឆ្នាំចុងក្រោយ ចំនួន ៣ អត្ថបទ។

ពាក្យសុំ និងបែបបទ សម្រាប់សុំបណ្ណសម្គាល់ខ្លួនជាអ្នកសារព័ត៌មាន មានផ្តល់ជូនដោយ ឥតគិតថ្លៃនៅទីស្តីការ គ.ជ.ប (ជាន់ទី៨ បន្ទប់ B) ឬអាចទាញពីគេហទំព័រ គ.ជ.ប www.nec.gov.kh/khmer/content/6427។ នៅពេលបំពេញបែបបទ តាមទម្រង់រួចរាល់ហើយ អ្នកសារព័ត៌មាន អាចយកពាក្យមកដាក់ដោយផ្ទាល់ នៅ គ.ជ.ប ឬអាចផ្ញើតាមរយៈ E-mail: info@ nec. gov. kh ឬ Telegram (០៩៣ ៨០២ ៧៣៤) ។

កាលបរិច្ឆេទនៃការចែកពាក្យ និងទទួលពាក្យ ៖
– អ្នកសារព័ត៌មានជាតិ ៖ ចាប់ផ្តើមពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣
– អ្នកសារព័ត៌មានអន្តរជាតិ ៖ ចាប់ផ្តើមពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣៕

ដោយ អ៊ិត រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner