ស្ត្រីកម្ពុជា ទទួលបានការចូលរួមគ្រប់កិច្ចការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ

កំពង់ធំ៖ លោកជំទាវ ខៀវ ស៊ីណា ជា ចាន់តូ បានលើកឡើងថា ស្ត្រីកម្ពុជា តែងទទួលបានការចូលរួមក្នុងគ្រប់កិច្ចការអភិវឌ្ឍសេដ្ឋកិច្ច សង្គមជាតិ លើវិស័យ សាធារណៈ សន្តិសុខ នយោបាយ ការទូត ឯកជន អង្គការជាតិ អន្តរជាតិ និងត្រូវបានលើកទឹកចិត្តឲ្យចាប់យកតួនាទីសំខាន់ៗដោយស្មើភាព គ្មានការរើសអើង ។ លោកជំទាវបានមានប្រសាសន៍បែបនេះ ក្នុងពិធីសំណេះសំណាលជាមួយសមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់ ៩ក្រុង-ស្រុក ៨១ឃុំ-សង្កាត់ និងថ្នាក់ដឹកនាំជានារី នៅក្នុងខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣។

លោកជំទាវបានមានប្រសាសន៍ថា នៅកម្ពុជា មានស្ត្រីជាសមាជិកាព្រឹទ្ធសភា រដ្ឋសភា ស្ត្រីជាថ្នាក់ដឹកនាំរដ្ឋាភិបាល មានឋានៈជាឧបនាយករដ្ឋមន្ត្រី ជារដ្ឋមន្ត្រី ជាអគ្គសវនករនៃអាជ្ញាធរសវនកម្មជាតិ ជារដ្ឋលេខាធិការ ជាអនុរដ្ឋលេខាធិការជាដើម។ បើក្រឡេកមើលសង្គមកម្ពុជាបច្ចុប្បន្ន គឺមានការផ្លាស់ប្តូរ និងរីកចម្រើនជាបន្តបន្ទាប់ ពិសេសផ្នែកឌីជីថល និងតិចណូឡូជីទំនើបថ្មីៗ ដែលផ្តល់ភាពងាយស្រួលក្នុងការងារក៏ដូចជាជីវភាព រស់នៅ ហើយការងារនៅក្នុងវិស័យឌីជីថល និងតិចណូឡូជីនេះ គឺជាការងារដែលមានសារៈសំខាន់អាច សាងកេរ្តិ៍ឈ្មោះ និងរកប្រាក់ចំណូលបានយ៉ាងច្រើន។ ប៉ុន្ដែជំនាញនេះ គឺមានបុរសភាគច្រើន ចំណែកស្ត្រីមានភាគតិចណាស់ក្នុងការធ្វើការងារនេះ។

លោកជំទាវបញ្ជាក់ថា នេះគឺជាយល់ខុសទាំងស្រុងទៅលើការអប់រំ និងជំនាញវិជ្ជាជីវៈ តាមពិតទៅការងារនេះ វាមិនមែនសម្រាប់តែបុរសទេ វាគួរតែ និងត្រូវតែសម្រាប់ស្ត្រី និងក្មេងស្រីដែរ ព្រោះស្ត្រី និងក្មេងស្រី សុទ្ធតែមានបញ្ញាវាងវៃ ទេពកោសល្យ គំនិតច្នៃប្រឌិត ការបង្កើតថ្មី មិនចាញ់បុរសទេ តែសំខាន់ គឺការផ្ដល់ឱកាសឱ្យពួកគាត់ក្នុងការសម្រេចចិត្តរៀនសូត្រ និងចូលរួមក្នុងវិស័យការងារនេះដែលពួកគេចង់ បាន ហើយនេះជាសិទ្ធិរបស់ពួកគេផងដែរក្នុងការទទួលបាននូវការអប់រំ។

លោកជំទាវ ខៀវ ស៊ីណា ក៏បានលើកទឹកចិត្តបងប្អូនស្ត្រីទាំងអស់ ខិតខំប្រឹងប្រែង ពង្រឹងសមត្ថភាពតាមរយៈបង្កើនការរៀនសូត្រ ដើម្បីពង្រីកចំណេះដឹងឱ្យទាន់ សភាពការណ៍នៃការវិវត្តិផ្នែកឌីជីផល និងតិចណូឡូជី ដើម្បីឱ្យស្រ្ដីអាចចាប់បានឳកាសថ្មីៗល្អៗនាពេលខាងមុខ និងបានផ្តាំផ្ញើបងប្អូនទាំងអស់ មិនត្រូវភ្លេចការពារខ្លួនពីជំងឺកូវីដ-១៩ និងត្រូវចាក់វ៉ាក់សាំងដូសជម្រុញ ឱ្យបានគ្រប់ៗគ្នា ៕

អត្ថបទ វណ្ណលុក , រូបភាព វ៉េង លីមហួត

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner