ហ្វីលីពីនចោទចិនពីការធ្វើសកម្មភាពយោធាដ៏គ្រោះថ្នាក់នៅសមុទ្រចិនខាងត្បូង

ម៉ានីល៖ហ្វីលីពីនបានចោទប្រកាន់ចិននៅថ្ងៃចន្ទនេះថា បានរារាំងកប៉ាល់ របស់ខ្លួនពីការដឹកជញ្ជូនគ្រឿងផ្គង់ផ្គង់ផ្សេងៗទៅកាន់កោះមួយក្នុងសមុទ្រចិនខាងត្បូង ដោយបានបាញ់ «ពន្លឺឡាស៊ែរកម្រិតយោធា» ដាក់ឆ្មាំសមុទ្រ ហើយថានេះជាសកម្មភាពយោធាដ៏គ្រោះថ្នាក់ និងរំលោភបំពានលើសិទ្ធិ អធិបតេយ្យភាពរបស់ហ្វីលីពីន។

ឆ្មាំសមុទ្រហ្វីលីពីន (PCG) បាននិយាយក្នុងសេចក្ដីថ្លែងការណ៍ចេញ ផ្សាយលើបណ្ដាញសង្គមហ្វេសប៊ុកថា នាវិកនៃកប៉ាល់របស់ខ្លួនឈ្មោះ Malapascua បានប្រឈមមុខនឹងនាវាឆ្មាំសមុទ្រចិននៅថ្ងៃទី៦ខែកុម្ភៈ ខណៈដែលពួកគេស្ថិតនៅចម្ងាយប្រហែល ១៨,៥ គីឡូម៉ែត្រពីកោះរាងរង្វង់ Second Thomas Shoal អំឡុងពេលឆ្មាំហ្វីលីពីនធ្វើការដឹកជញ្ជូន គ្រឿង ផ្គត់ផ្គង់ផ្សេងៗទៅកាន់កោះនោះ។ ឆ្មាំហ្វីលីពីនថា ឆ្មាំចិនបានបាញ់ ពន្លឺឡាស៊ែរពីរដងដាក់កប៉ាល់ Malapascua ដែលបណ្តាលឱ្យនាវិក មួយចំនួនមើលមិនឃើញ «មួយរយៈ»។

ឆ្មាំសមុទ្រហ្វីលីពីន (និយាយថា នាវាចិនបានធ្វើសកម្មភាពយោធា ដ៏គ្រោះថ្នាក់ ហើយកប៉ាល់ Malapascua របស់ខ្លួនក៏បានផ្លាស់ ប្តូរទិសដៅឆ្ពោះទៅកាន់កោះ Lawak វិញ។

គួរបញ្ជាក់ថា កោះរាងរង្វង់ Second Thomas Shoal ស្ថិតនៅចម្ងាយ ប្រហែល ១៩៥ គីឡូម៉ែត្រក្នុងសមុទ្រភាគពាយព្យនៃខេត្តប៉ាឡាវ៉ាន របស់ហ្វីលីពីន និងស្ថិតនៅក្នុងប្រជុំកោះជម្លោះក្នុងសមុទ្រចិនខាងត្បូង ស្ព្រាតលី។ កោះប៉ប្រះទឹកនេះ ជាទីស្នាក់នៅរបស់យោធាហ្វីលីពីន មួយក្រុមតូច រស់នៅលើកប៉ាល់ច្រែះចាប់មួយឈ្មោះ Sierra Madre ដែលចុះចតនៅទីនោះតាំងពីឆ្នាំ ១៩៩៩ ដើម្បីបង្ហាញពីម្ចាស់ កម្មសិទ្ធិរបស់ ហ្វីលីពីនលើកោះ។
ឆ្មាំសមុទ្រហ្វីលីពីន បានបន្តថា៖ «ការរារាំងដោយចេតនានៃកប៉ាល់ រដ្ឋាភិបាល ហ្វីលីពីនក្នុងការចែកចាយស្បៀង និងការផ្គត់ផ្គង់ផ្សេងៗដល់ យោធារបស់យើងនៅលើកប៉ាល់ Sierra Madre គឺជាការមិនយកចិត្តទុ កដាក់ និងជាការរំលោភយ៉ាងច្បាស់ចំពោះសិទ្ធិអធិបតេយ្យភាពហ្វីលីពីន នៅសមុទ្រហ្វីលីពីនខាងលិច»។ ទោះបីជាយ៉ាងណាក៏ដោយ ឆ្មាំសមុទ្រ ហ្វីលីពីន ថា ខ្លួននឹងបន្តគាំទ្រ និងការពារ «អធិបតេយ្យភាព និងសិទ្ធិ» របស់ហ្វីលីពីន និងយោធានៅលើកប៉ាល់ Sierra Madre របស់ខ្លួន។
គួររំឭកថា កាលពីខែសីហា ឆ្មាំឆ្នេរសមុទ្រចិនបានរារាំងកប៉ាល់ហ្វីលីពីន ដែលអមដំណើរនាវាផ្គត់ផ្គង់មិនឱ្យចូលទៅកោះប៉ប្រះទឹក Second Thomas Shoal រួចម្ដងមកហើយ ដោយកាលណោះ កប៉ាល់ពីរគ្រឿង មកពីកងជីវពលដែនសមុទ្រចិន បានចូលរួមជាមួយនាវាឆ្មាំសមុទ្រចិន ចំនួនពីរ គ្រឿង ដើម្បីបិទផ្លូវ។

បច្ចុប្បន្ននេះ ចិនបង្កើនសកម្មភាពយោធារបស់ខ្លួន ដើម្បីទាមទារដែនទឹក ស្ទើរតែទាំងអស់នៃសមុទ្រចិនខាងត្បូងថាជារបស់ខ្លួន តាមរយៈការអភិវឌ្ឍ មូលដ្ឋានយោធា និងការដាក់ពង្រាយឆ្មាំឆ្នេរសមុទ្រ កងជីវពលតាមសមុទ្រ និងកប៉ាល់នេសាទដើម្បីគាំទ្រការទាមទាររបស់ខ្លួនជាដើម៕
ដោយ៖ហួន ឌីណា

ads banner