អ្នកអភិរក្សបារម្ភពីការផុតពូជរបស់សត្វក្រៀល បន្ទាប់ពួកពីរកឃើញ សត្វក្រៀលងាប់នៅខេត្តកំពត
ភ្នំពេញ៖អភិរក្សសត្វព្រៃបានបង្ហាញក្ដីបារម្ភបន្ទាប់ពីរកសត្វក្រៀលមួយ ក្បាលបានងាប់នៅតំបន់ការពារទេសភាពអន្លង់ព្រីង ដោយសារមិន ទាន់រកមូលហេតុនៃការស្លាប់ច្បាស់លាស់នៅឡើយ។
លោក ប៊ូ វរសក្ស នាយកកម្មវិធីនៃអង្គការ ជីវិតសត្វ ស្លាបអន្តរជាតិប្រចាំ កម្ពុជា (BirdLife International Cambodia Programme) បានឱ្យ ដឹងថា សត្វក្រៀល ជាពពួកសត្វដែលកំពុងរងគ្រោះ និងឈានទៅរកការផុត ពូជនៅលើភពផែនដីនេះ ស្របពេលដែលក្រសួងបរិស្ថាន និង អង្គការជា ដៃគូ នានាកំពុងនាំគ្នាការពារ អភិរក្សសត្វប្រភេទនេះយ៉ាងខ្លាំងក្លាបំផុត។
លោកថា ៖«ការបាត់បង់សត្វនេះ សម្រាប់អ្នកអភិរក្ស គឺវាជាការបាត់បង់ មួយដែលគួរឲ្យមានការព្រួយបារម្ភ ពីព្រោះបើយោងតាមការជំរឿន ចុង ក្រោយរកឃើញថា នៅក្នុងឆ្នាំ២០២២កន្លងមកនេះ គឺចំនួន សត្វក្រៀល អាចរាប់បាននៅសសល់តែចំនួន១៥៦ក្បាលនៅទូទាំងប្រទេសកម្ពុជា»។
លោកបញ្ជាក់ថា ដូច្នេះទោះបីបាត់បង់មួយក្បាល ក៏វាជាបញ្ហាមួយដ៏សំខាន់ ពីព្រោះការស្លាប់សត្វក្រៀលមួយក្បាលនេះនៅមិនទាន់ដឹងអំពីមូលហេតុអ្វីច្បាស់លាស់នូវឡើយទេ ខណៈដែលអ្នកអភិរក្ស បានយកសំណាកសត្វ ក្រៀលបញ្ជូនទៅឡាបូ ដើម្បីធ្វើតេស្តរកមូលហេតុ ។
លោកបន្តថា បើសិនជា សត្វក្រៀលមួយក្បាលនេះងាប់ដោយសារវ័យចាស់ គឺត្រូវការពេលវេលាច្រើន ដើម្បីឱ្យអ្នកជំនាញធ្វើតេស្តដោយមន្ទីពិសោធន៍។
លោក ប៊ូ វរសក្ស និយាយថា៖ «យើងមានការព្រួយបារម្ភខ្លាំងណាស់ ប្រសិនបើសត្វក្រៀលហ្នឹងស្លាប់ដោយសារការបំពុល ឫស្លាប់ដោយសារជំងឺអី ដែលអាចថាជាជំងឺឆ្លង។ អ៊ីចឹងវាអាចរាលដាលដល់ចំនួនសត្វក្រៀលផ្សេងៗ ទៀតពីព្រោះយើងកំពុងមានការថយចុះផង។ដូច្នេះហើយយើងទាមទារ ការ តាមដានរកមូលហេតុឲ្យឃើញ ដើម្បីឲ្យយើងអាចស្វែងរកដំណោះស្រាយ និងវិធានបន្ថែមតទៅទៀតបាន»។
លោកបន្ថែមថា ទោះបីមិនទាន់ដឹងពីលទ្ធផលច្បាស់លាស់ ប៉ុន្តែខាងក្រុម អភិរក្ស កំពុងតែស៊ើបអង្កេត និងតាមដានបន្តទៀត។
សូមបញ្ជាក់ថា សត្វក្រៀលស្លាប់មួយក្បាលនេះ ស្ថិតនៅតំបន់ការពារ ទេសភាពអន្លង់ព្រីង ខេត្តកំពត ដែលជាតំបន់វាលស្មៅជាទីកន្លែងដែល ពួកវារកស៊ីចំណីរាល់ថ្ងៃ ហើយត្រូវបានក្រុមអ្នកអភិរក្សរកឃើញកាល ពីថ្ងៃទី០៦ ខែកុម្ភ: ឆ្នាំ២០២៣កន្លងមកនេះ។សត្វក្រៀលនេះ គឺ តែងតែបង្ហាញវត្តមាននៅទីតាំង ៣សំខាន់ៗរួមមាន៖ អាងត្រពាំងថ្ម ក្នុងខេត្តបន្ទាយមានជ័យ តំបន់ការពារទេសភាពអន្លង់ព្រីង ខេត្តកំពត និងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ នៅខេត្តតាកែវ ដើម្បីរក ចំណីបន្តការរស់នៅក្នុងតំបន់ដីសើម ដែលសម្បូរចំណី ខណៈដែលចាប់ពី ខែធ្នូដល់ខែកុម្ភៈរៀងរាល់ឆ្នាំ នៅរដូវសត្វក្រៀល ពងកូន គឺវានឹងផ្លាស់ទី ទៅតំបន់ខេត្តព្រះវិហារ រតនគិរី និងមណ្ឌលគិរីវិញ៕
ដោយ៖ជា សុខនី