រដ្ឋមន្ត្រីហិរញ្ញវត្ថុថៃ៖គោលនយោបាយហិរញ្ញវត្ថុរបស់ថៃ «សមហេតុផល»

ថៃ៖រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃនៅថ្ងៃចន្ទនេះបានអះអាងថាកំណើន សេដ្ឋកិច្ច របស់ប្រទេសថៃអាចខ្ពស់ជាងការព្យាករណ៍នៅឆ្នាំនេះ ដោយ សារការរស់ឡើងវិញនៃវិស័យទេសចរណ៍បានយ៉ាងឆាប់រហ័ស។ ខណៈ ដែលស្ថាប័នហិរញ្ញវត្ថុថៃនៅតែព្យាយាមប្រើប្រាស់គោលនយោបាយរូបិយវត្ថុដើម្បីទប់ទល់នឹងសម្ពាធអតិផរណា។

ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងាររ៉យទ័ររដ្ឋមន្ត្រីហិរញ្ញវត្ថុថៃ Arkhom Termpittayapaisith មានប្រសាសន៍ថា ធនាគារកណ្តាល ថៃកំពុងរៀបចំគោលនយោបាយឱ្យស្របនឹងតម្រូវការនៃសេដ្ឋកិច្ច ប៉ុន្តែ មិនមែនរៀបគោលនយោបាយទៅតាមការរឹតបន្តឹងអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិកនោះទេ។

លោក Arkhom និយាយថា៖«ការកែសម្រួលអត្រាការប្រាក់របស់ធនាគារ កណ្តាលថៃមានភាពសមហេតុផល មិនមែនធ្វើតាម Fedទេ ប៉ុន្តែស្រប ទៅនឹងសេដ្ឋកិច្ចរបស់យើង»។លោកបន្ថែមថា ការដំឡើងអត្រាការប្រាក់ ច្រើនពេកនឹងប៉ះពាល់ដល់ ស្ថានភាព សេដ្ឋកិច្ច។

ធនាគារកណ្តាលថៃបានដំឡើងអត្រាការប្រាក់មូលដ្ឋាន របស់ខ្លួនជា បន្តបន្ទាប់ចាប់តាំងពីខែសីហាឆ្នាំមុនមក។ប្រទេសថៃត្រូវគេរកឃើញថាជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចយឺតជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍។
អ្នកសេដ្ឋកិច្ចនៅរង់ចាំមើលគោលនយោបាយថៃនៅថ្ងៃទី២៩ខែមីនាខាងមុខ។សេដ្ឋវិទូជាច្រើនរំពឹងថាថៃទំនងជានឹងដំឡើងអត្រាការប្រាក់បន្ថែមទៀត។
រដ្ឋមន្ត្រីហិរញ្ញវត្ថុថៃ លោក Arkhom បាននិយាយថាលោករំពឹងថា ផលិត ផលក្នុងស្រុកសរុប(GDP)របស់ថៃអាចនឹងមានកំណើនលើស៣.៨ភាគរយនៅឆ្នាំនេះហើយមូលហេតុសំខាន់គឺបណ្ដាលមកពីការងើបឡើងវិញនៃវិស័យទេសចរណ៍។
លោក Arkhom បាននិយាយថា ៖«ទេសចរណ៍កំពុងដើរតួនាទីយ៉ាង សំខាន់ ក្នុងការគាំទ្រសេដ្ឋកិច្ច ។ ការព្យាករណ៍របស់យើងថាអាចនឹងមានទេសចរចំនួន២៧.៥ លាននាក់មក កម្សាន្តនៅថៃនៅឆ្នាំនេះ» ។
លោកថា ក្នុងឆ្នាំ២០២២សេដ្ឋកិច្ចថៃកើនឡើងប្រហែល៣ភាគរយ។រដ្ឋាភិបាលនឹងប្រកាសពីទិន្នន័យ GDP ផ្លូវការឆ្នាំ២០២២នៅថ្ងៃ សុក្រសប្ដាហ៍នេះ។
ទោះជាយ៉ាងណាក្ដីរដ្ឋមន្ត្រីហិរញ្ញវត្ថុថៃលោក Arkhom បានបង្ហាញការ ព្រួយបារម្ភជុំវិញការប៉ះពាល់ដល់សេដ្ឋកិច្ចបណ្ដាលមកពីស្ថិរភាពនៃរូបិយប័ណ្ណថៃ។
លោកថា ៖«វិស័យឯកជនបាននិយាយថា ប្រាក់បាតឡើងថ្លៃខ្លាំងពេក ប៉ុន្តែវាមិនខ្លាំងពេកទេ… ប្រាក់បាតកំពុងដើរលើមូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ច ដែលបានចាប់ផ្តើមងើបឡើងវិញ»៕
ដោយ៖វណ្ណ ស័ក្ដិ

ads banner