យោធាអ៊ុយក្រែនហ្វឹកហាត់បញ្ជារថក្រោះខ្លារខិននៅប៉ូឡូញ

វ៉ាសូវី៖ ទាហានអ៊ុយក្រែនដែលបានមកដល់មូលដ្ឋានយោធាប៉ូឡូញ នៅថ្ងៃចន្ទសប្តាហ៍នេះ បានលើកសរសើរពីរថក្រោះប្រយុទ្ធខ្លារខិន (Leopard) ដែលពួកគេបាននិងកំពុងរៀនប្រើប្រាស់ ស្ថិតក្រោមការឃ្លាំមើលរបស់គ្រូបង្ហាត់សម្ព័ន្ធមិត្ត។

មេទ័ពអ៊ុយក្រែន លោក វ៉ាឌីម ខូដាក់ បានប្រាប់អ្នកយកព័ត៌មាន ដែលចូលរួមផ្តិតយករូបភាពក្នុងកម្មវិធីបណ្តុះបណ្តាលនៅភាគនិរតីនៃតំបន់ ស្វីសតូសូវ (Swietoszow) ថា គិតត្រឹមថ្ងៃនេះ ខ្ញុំអាចនិយាយបានថា រថក្រោះប្រយុទ្ធនេះ គឺមានប្រសិទ្ធិភាពខ្ពស់ និងគុណភាពល្អណាស់។

លោកថា ហើយអ្វីដែលខ្ញុំចូលចិត្តនោះ គឺទាហានរបស់យើងចូលចិត្តវាខ្លាំងណាស់ ដោយគាត់ចង់សំដៅដល់កងទ័ពអ៊ុយក្រែនចំនួន១០៥នាក់ ដែលបានរៀនសូត្រពីគ្រូជនជាតិប៉ូឡូញ កាណាដា និងន័រវេស។ ថ្លែងនៅមជ្ឈមណ្ឌលហ្វឹកហ្វឺននៅភាគខាងលិចប្រទេសប៉ូឡូញ ជិតព្រំដែនអាល្លឺម៉ង់ ប្រធានាធិបតីប៉ូឡូញ លោក អាន់ហ្ស៊ិច ឌូដា ក៏បានលើកសរសើរពីល្បឿនដែលកងទ័ពអ៊ុយក្រែនកំពុងរៀនប្រើប្រាស់រថក្រោះលោកខាងលិច។

លោកថា កងទ័ពកំពុងស្ទាត់ជំនាញរាល់កិច្ចការដែលទាក់ទងនឹងរថក្រោះលីអូផាត និងប្រតិបត្តិការពេញលេញនៃរថក្រោះ រួមទាំងការជួសជុល ដែលត្រូវបានអនុវត្តដោយនាវិកមេកានិចនៅលើរថក្រោះ។

សូមរម្លឹកថា កាលពីសប្តាហ៍មុន រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក បូរីស ភីស្តូរីស បាននិយាយថា ទីក្រុងប៊ែរឡាំង និងសម្ព័ន្ធមិត្តរបស់ខ្លួន មានគោលបំណងបញ្ជូនកងវរសេនាតូចរថក្រោះលើកដំបូងនៅខែមេសា ហើយផ្សេងទៀតនឹងធ្វើតាមនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ៕

ប្រភព៖ AFP និង Reuters ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner