លោក ហ្សេលេនស្គី ៖ សមរភូមិជួរមុខនៅលូហាន់ និងដូណេត បច្ចុប្បន្នកាន់តែលំបាកខ្លាំង
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃអង្គារសប្តាហ៍នេះ បាននិយាយនៅក្នុងសុន្ទរកថានាពេលល្ងាចរបស់គាត់ថា ស្ថានភាពនៅសមរភូមិជួរមុខក្នុងទីក្រុងដូណេត និងលូហាន់ នៅតែមានការលំបាកខ្លាំង បន្ទាប់ពីប្រមុខការពារជាតិអង្គការណាតូបានជួបប្រជុំគ្នា ដើម្បីពិភាក្សាអំពីការផ្តល់ជំនួយយោធាដល់អ៊ុយក្រែន។
លោក ហ្សេលេនស្គី បាននិយាយយ៉ាងដូច្នេះថា នេះគឺជាកិច្ចប្រជុំលើកទី៩ហើយ ហើយយើងមានការសម្រេចចិត្តដ៏មានសក្តានុពលថ្មី ដើម្បីការពារប្រទេសរបស់យើង សម្រាប់ការធ្វើឱ្យអ្នកចម្បាំងរបស់យើងកាន់តែរឹងមាំ។ យើងទទួលបានការបញ្ជាក់ពីដៃគូរបស់យើង អំពីការផ្តល់អាវុធការពារដែនអាកាសកាន់តែច្រើន, រថក្រោះកាន់តែច្រើន, កាំភ្លើងធំ, គ្រាប់ផ្លោងកាន់តែច្រើន និងការហ្វឹកហាត់បន្ថែមទៀតដល់យោធារបស់យើង។
ជាមួយគ្នានេះ លោក ហ្សេលេនស្គី បានអរគុណដល់សម្ព័ន្ធមិត្តសម្រាប់ការសន្យារបស់ពួកគេ ក្នុងផ្តល់អាវុធការពារដែនអាកាស, រថក្រោះ, កាំភ្លើងធំ, គ្រាប់ផ្លោង និងការហ្វឹកហ្វឺន ហើយថា ភាគច្រើននៃអ្វីដែលត្រូវបានពិភាក្សានៅក្នុងកិច្ចប្រជុំនៃក្រុមប្រទេសសម្ព័ន្ធមិត្ត ដែលហៅថា រ៉ាមស្ទែន (Ramstein) គួរតែត្រូវបានរក្សាទុកជាសម្ងាត់៕ ប្រភព៖ រ៉យទ័រ ប្រែសម្រួលដោយ៖ ទីណា