ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានស្វាគមន៍ និងគាំទ្រ ចំពោះសកម្មភាពរបស់គម្រោង ADB ដែលបាន និងកំពុងសហការជាមួយក្រសួង ក្នុងការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា ស្របតាមគោលនយោបាយជាតិ

ភ្នំពេញ ៖ ក្នុងឱកាសទទួលជួប លោកស្រី Jyotsana Varma នាយិកាប្រចាំប្រទេសកម្ពុជានៃធនាគារអភិវឌ្ឍអាស៊ី (ADB) នារសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងកសិកម្ម ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍ និងគាំទ្រ ចំពោះសកម្មភាពរបស់គម្រោង ADB ដែលបាន និងកំពុងសហការជាមួយក្រសួង ក្នុងការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា ស្របតាមគោលនយោបាយជាតិ ។

ឯកឧត្តម ឌិត ទីណា បានលើកឡើងអំពីការជំរុញផលិតកម្មដំណាំក្នុងផ្ទះសំណាញ់ និងការប្រើប្រាស់ប្រព័ន្ធទឹកឱ្យមានប្រសិទ្ធភាព និងសន្សំសំចៃខ្ពស់ តាមរយៈការប្រើប្រាស់នូវប្រព័ន្ធពន្លឺព្រះអាទិត្យ ឬសូឡា សម្រាប់បូមទឹកនៅពេលថ្ងៃ និងការប្រើប្រាស់ភ្លើងនៅពេលយប់ដែលមានតម្លៃទាប ដើម្បីកាត់បន្ថយការចំណាយរបស់បងប្អូនប្រជាកសិករ ។

ឯកឧត្តមរដ្ឋមន្ដ្រី ក៏បានលើកឡើងផងដែរអំពីយន្តការផ្សេងៗដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនូវសន្តិសុខស្បៀង សុវត្ថិភាពចំណីអាហារ និងនិរន្តរភាពសេដ្ឋកិច្ច ដោយទទួលបាននូវកម្ចីដែលមានអត្រាការប្រាក់ទាបសម្រាប់ផលិតកម្មកសិកម្ម ។

ឯកឧត្តម បានរំលេចអំពីសារៈសំខាន់ នៃការប្រើប្រាស់នូវបច្ចេកវិទ្យាទំនើប (Digitalization) ដើម្បីផ្សារភ្ជាប់អ្នកផលិត និងអ្នកទិញ កាត់បន្ថយឈ្មួញកណ្តាល កាត់បន្ថយការចំណាយក្នុងខ្សែច្រវាក់ផលិតកម្ម និងបង្កើនប្រាក់ចំណេញ ។

សូមជម្រាបជូនថា កិច្ចសហប្រតិបត្តិការកន្លងមករវាង ADB និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមការផ្តល់មូលនិធិពី ADB ក្នុងគម្រោងដែលកំពុងអនុវត្តជាមួយក្រសួងមាន Investment Project ចំនួន ៥គម្រោង និង Pipeline Project ចំនួន ៥គម្រោង ហើយគម្រោងទើបបានបញ្ចប់រួមមាន Investment Project ចំនួន ៤គម្រោង និង Technical Assistance ចំនួន ១០គម្រោង ។

ចំណែកកិច្ចសហប្រតិបត្តិការក្រោមក្របខណ្ឌ ADB-GMS លើវិស័យកសិកម្ម មានគម្រោងជំនួយបច្ចេកទេសរបស់ ADB ចំនួន ៤ក្នុងនោះគម្រោង ៣បានបញ្ចប់នៅឆ្នាំ២០១៦ ហើយ ADB បាននិងកំពុងផ្តល់ជំនួយបច្ចេកទេស ដើម្បីអនុវត្តកម្មវិធី SAFSP ក្នុងគោលបំណងគាំទ្រដល់ការអនុវត្ត ដោយចាប់ផ្តើមពី ២០២០ ដល់ ២០២៥ ដែលអនុវត្តដោយក្រុមហ៊ុន Landell Mills Ltd. សហការជាមួយក្រសួង និងវិស័យឯកជនពាក់ព័ន្ធនៃប្រទេសសមាជិក GMS ៕

សេឌី

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner