កងទ័ពជើងទឹកអង់គ្លេសជាមួយនាវា HMS SPEY-(P234) សំចតនៅ កំពង់ផែ ស្វយ័តព្រះសីហនុជាលើកដំបូង

អត្ថបទដោយ៖
CPA

ព្រះស៊ីហនុ៖ កងទ័ពជើងទឹកចក្រភពអង់គ្លេសជាមួយនាវាចម្បាំង HMS SPEY-(P234) បានចូលសំចតនៅកំពង់ផែស្វយ័តក្រុង ព្រះសីហនុ ជា លើក ដំបូង ក្នុងដំណើរទស្សនកិច្ចរយៈពេលប្រាំថ្ងៃ ជាមួយលំហាត់សម យោធា រួមលើផ្នែកសុវត្ថិភាពលើនាវាជាមួយកងទ័ពជើងទឹកកម្ពុជា។
យោងតាម ប្រភពពីក្រសួងការពារជាតិ កងនាវាជើងទឹកចក្រភពអង់គ្លេស ជាមួយនាវាចម្បាំងឈ្មោះ HMS SPEY-(P234) ដែលមានបណ្តោយ ៩០,៤ ម៉ែត្រ , ទទឹង ១៣,៥ ម៉ែត្រ បានចូលសំចតនៅកំពង់ផែកក្រុងព្រះសីហនុ នៅថ្ងៃទី១៣ ខែកុម្ភៈ ក្នុងដំណើរទស្សនកិច្ចរបស់ខ្លួននៅកម្ពុជា រយៈពេល ប្រាំថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ថ្ងៃទី១៧ ខែកុម្ភៈ ក្នុងគោលដៅពង្រឹងចំណង មិត្តភាព និងកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខរវាងកម្ពុជា និងចក្រភព អង់គ្លេស។ក្រៅពីនេះ កងទ័ពជើងទឹកនៃប្រទេសទាំងពីរនឹងធ្វើលំហាត់សម រួមគ្នាលើផ្នែកពន្លត់អគ្គីភ័យ លំហាត់ទប់ទឹកលើនាវាពេលមានអាសន្ន និង មានការលេងកីឡាផង ព្រមទាំងផ្លាស់ប្តូរ និងដកស្រង់បទពិសោធន៍គ្នា ទៅវិញទៅមកផងដែរ។

ជាមួយគ្នានេះ ឯកឧត្តម អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹក មេបញ្ជាការមូលដ្ឋានសមុទ្រ បានទទួលស្វាគមន៍ប្រតិភូនាវា កងទ័ព ជើងទឹកចក្រភពអង់គ្លេសដែលដឹកនាំដោយវរនាវីទោ មីឃែលប្រោត មែន មេបញ្ជាការនៃកងនាវា HMS SPEY(P234) ពិភាក្សាការងារ។

មន្ត្រីយោធានៃកងទ័ពជើងទឹកកម្ពុជា បញ្ជាក់ថា នេះជាលើកទី១ ហើយសម្រាប់ការចូលសំចតរបស់នាវាកងទ័ពជើងទឹកចក្រភពអង់គ្លេស។
ជុំវិញបញ្ហានេះដែរ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនង អន្តរជាតិនៃ រាជបណ្ឌិត្យសភាកម្ពុជា យល់ថា ការចូលសំចតនៃនាវា ចម្បាំង របស់ចក្រភពអង់គ្លេស និងដំណើរទស្សនកិច្ចនៃកងនាវានេះ នៅក្រុង ព្រះសីហនុ បង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជាក្នុងការ ពិពិធកម្មការទូត និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ ផ្នែកសន្តិសុខ ជាមួយបណ្តានានា។ លោកបន្តថា លើសពីនេះ ក៏ជាតឹកតាង បញ្ជាក់ ពីតម្លាភាពរបស់កម្ពុជា កុំឲ្យមានការចោទប្រកាន់ ឬសង្ស័យជុំវិញ វត្តមាន យោធាចិន ឬមូលដ្ឋានទ័ពចិននៅកម្ពុជាត្រង់ក្រុងព្រះសីហនុនោះ ព្រោះអង់គ្លេសជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក។

លោកបណ្ឌិតគិន ភា យល់ថា ៖ «ទំនាក់ទំនងកម្ពុជា-អង់គ្លេស មានការ វិវត្តជាវិជ្ជមានគួរឱ្យកត់សម្គាល់ ហើយទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ជាមួយអង់គ្លេសមានសារៈសំខាន់ ព្រោះប្រទេសនេះជាប្រទេស សំខាន់ ក្នុងតំបន់អឺរ៉ុប។ អង់គ្លេសជាម្ចាស់ជំនួយដ៏សំខាន់សម្រាប់កម្ពុជាលើវិស័យបរិស្ថាន អភិវឌ្ឍន៍ធនធានមនុស្ស ការគាំពារសុខុមាលភាពប្រជាជន ហើយក៏ជាទីផ្សារដ៏ធំមួយសម្រាប់កម្ពុជាក្នុងប្តូរពាណិជ្ជកម្ម»៕
ដោយ៖​ សំបាន ច័ន្ទដារ៉ា

ads banner