សម្តេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយប្រធានាធិបតីអាល្លឺម៉ង់ នៅវិមានសន្តិភាព

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម ហ្វ្រាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ ( Frank-Walter Steinmeier) ប្រធានាធិបតីនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅវិមានសន្តិភាព។

នៅមុនជំនួបជាមួយ សម្តេចតេជោ ហ៊ុន សែន ឯកឧត្តម ប្រធានាធិបតីអាល្លឺម៉ង់ ជួបសន្ទនាជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី និងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងនៅមណ្ឌបព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាវីរៈក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ។

សូមជម្រាបថា តាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា ក្នុងជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និង ឯកឧត្តម ហ្វ្រាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ បានពិភាក្សាការងារលើទិដ្ឋភាពផ្សេងៗ នៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី រួមទាំងបញ្ហានានាដែលមានផលប្រយោជន៍រួម ។

ទស្សនកិច្ចរបស់ឯកឧត្តមប្រធានាធិបតីអាល្លឺម៉ង់ និងលោកជំទាវ រួមទាំងគណៈប្រតិភូជាន់ខ្ពស់ មកប្រទេសកម្ពុជានេះ ធ្វើឡើងតបតាមការអញ្ជើញរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី ដែលជាទស្សនកិច្ចលើកដំបូង របស់ប្រធានាធិបតីអាល្លឺម៉ង់ នៅក្នុងប្រទេសកម្ពុជា ផងដែរ ៕

ដោយ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner