លោក បៃដិន ៖ យើងត្រូវតែបញ្ឈប់អំពើហិង្សាកាំភ្លើង ក្រោយផ្ទុះករណីបាញ់ប្រហារនៅសាកលវិទ្យារដ្ឋមីឈីហ្គែន
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃអង្គារសប្តាហ៍នេះ បានអំពាវនាវឱ្យចាត់វិធានការបញ្ឈប់អំពើហិង្សាដោយកាំភ្លើង បន្ទាប់ពីការបាញ់ប្រហារដ៏ធំចុងក្រោយបង្អស់ នៅក្នុងបរិវេណសាកលវិទ្យាល័យរដ្ឋមីឈីហ្គែន ដែលបណ្តាលអោយមនុស្ស៣នាក់បានស្លាប់ និង៥នាក់រងរបួស។

នៅក្នុងសុន្ទរកថាសំខាន់មួយទៅកាន់សន្និសីទនីតិកម្មនៃសមាគមជាតិនៅទីក្រុងវ៉ាស៊ីនតោន លោក បៃដិន បាននិយាយថា ការបាញ់ប្រហារទាំងនេះគឺជា “សុបិន្តអាក្រក់បំផុតរបស់គ្រួសារអាមេរិក” ដែលកំពុងកើតឡើងញឹកញាប់បំផុតនៅក្នុងសហរដ្ឋអាមេរិក ហើយលោកបានប្តេជ្ញាថា នឹងចាត់វិធានការបន្ថែមទៀត ដើម្បីដោះស្រាយអំពើហិង្សាដោយកាំភ្លើង។

កាលពីថ្ងៃអង្គារសប្តាហ៍នេះដែរ អាជ្ញាធរក្នុងតំបន់បាននិយាយថា ពួកគេមិនដឹងពីមូលហេតុដែលខ្មាន់កាំភ្លើងវ័យ៤៣ឆ្នាំបាញ់សម្លាប់និស្សិតសាកលវិទ្យាល័យរដ្ឋមីឈីហ្គែន ៣នាក់ និងរបួស៥នាក់នៅឡើយទេ ប៉ុន្តែបាននិយាយថា ជនសង្ស័យរូបនេះមានប្រវត្តិមានបញ្ហាសុខភាពផ្លូវចិត្ត។

បើតាមលោក Jim Tarasca ភ្នាក់ងារពិសេសទទួលបន្ទុកការិយាល័យ FBI នៃទីក្រុង Detroit ខ្មាន់កាំភ្លើងដែលត្រូវបានគេកំណត់អត្តសញ្ញាណថា មានឈ្មោះ Anthony Dwayne McRae រស់នៅទីក្រុង Lansing រដ្ឋ Michigan បានបាញ់សម្លាប់ខ្លួនឯង បន្ទាប់ពីហេតុការណ៍បាញ់ប្រហារកាលពីយប់ថ្ងៃចន្ទសប្តាហ៍នេះ។

ការបាញ់ប្រហារចុងក្រោយនេះដែរ កើតមានឡើងមួយថ្ងៃមុនថ្ងៃគម្រប់ខួប៥ឆ្នាំ នៃការសម្លាប់រង្គាលនៅថ្ងៃបុណ្យនៃក្តីស្រឡាញ់នៅវិទ្យាល័យ Marjory Stoneman Douglas ក្នុងទីក្រុង Parkland រដ្ឋ Florida ដែលបណ្តាលឲ្យសិស្ស និងគ្រូបង្រៀនចំនួន១៧នាក់ស្លាប់៕

ប្រភព៖ រ៉យទ័រ ប្រែសម្រួលដោយ៖ ទីណា