សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណអាល្លឺម៉ង់ ចំពោះការជួយដល់កម្ពុជា លើវិស័យដោះមីន និងវិស័យដទៃទៀត រួមទាំងកិច្ចសហប្រតិបត្តិការ ថែរក្សាប្រាង្គប្រាសាទ បន្តទៀត
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណដល់ប្រធានាធិតី ប្រជាជន និងរដ្ឋាភិបាលអាល្លឺម៉ង់ ចំពោះការជួយដល់កម្ពុជា លើវិស័យដោះមីន និងវិស័យដទៃទៀត រួមទាំងកិច្ចសហប្រតិបត្តិការ ថែរក្សាប្រាង្គប្រាសាទ បន្តទៀត ។ សម្ដេចតេជោ ហ៊ុន សែន ថ្លែងដូច្នេះក្នុងឱកាសទទួលជួបពិភាក្សា ការងារជាមួយឯកឧត្តម ហ្វ្រាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ ( Frank-Walter Steinmeier) ប្រធានាធិបតីនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅវិមានសន្តិភាព។
ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោ បានប្រាប់អ្នកយកព័ត៌មានថា ឯកឧត្តម ហ្វ្រាំង វ៉ាល់ធ័រ បានថ្លែងអំណរគុណ ចំពោះសម្ដេចតេជោ នូវការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅ និងបានជម្រាបជូនសម្ដេចតេជោថា ឯកឧត្តម ពិតជាមានកិត្តិយសណាស់ ដែលបានមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ពិសេស ក្នុងនាមជាប្រធានាធិបតីទី១ របស់សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ មកធ្វើទស្សនកិច្ចនៅកម្ពុជា។

ឯកឧត្តម ហ្វ្រាំង វ៉ាល់ធ័រ បានជម្រាបជូនសម្ដេចតេជោថា ឯកឧត្តម បានធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលដោះមីន អ្វីដែលឯកឧត្តម បានឃើញ គឺការដោះមីននោះ បានជួយដល់ជីវិតប្រជាជន, សម្អាតមីនឲ្យប្រជាជនបានវិលត្រឡប់ទៅរស់នៅ និងធ្វើការបង្កបង្កើនផល និងប្រកបរបរចិញ្ចឹមជីវិត ។ ក្នុងន័យនេះ ការចូលរួមរបស់អាល្លឺម៉ង់ លើវិស័យដោះមីន គឺមានអត្ថន័យណាស់ និងត្រឹមត្រូវណាស់។
ឯកឧត្តម ហ្វ្រាំង វ៉ាល់ធ័រ បានជម្រាបជូនសម្ដេចតេជោដែរថា ឯកឧត្តម បានទៅទស្សនាប្រាសាទអង្គរវត្ត ដែលជាសម្បត្តិវប្បធម៌ដ៏អស្ចារ្យ ហើយដែលនឹងកំពុងត្រូវការការថែរក្សា។ ឯកឧត្តម បានសម្ដែងនូវការរីករាយពេញចិត្តជាមួយកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ ការថែរក្សាប្រាង្គប្រាសាទ រយៈពេល ២៥ឆ្នាំកន្លងមក ហើយបានជម្រាបជូនសម្ដេចតេជោថា កិច្ចសហប្រតិបត្តិការនេះ នឹងនៅបន្តទៀត ។

ឯកឧត្តម ហ្វ្រាំង វ៉ាល់ធ័រ ក៏បានសំដែងនូវការគោរពជូនចំពោះសម្ដេចតេជោ ដែលបានដឹកនាំប្រទេសពីបាតដៃទទេ កាត់បន្ថយភាពក្រីក្រ ទប់ស្កាត់ជំងឺកូវីដ19 ពីការរីករាលដាល និងបើកប្រទេសឡើងវិញ បើកសេដ្ឋកិច្ចឡើងវិញ និងជាពិសេស ការដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ បានយ៉ាងជោគជ័យ ទោះបីស្ថិតនៅក្នុងស្ថានភាព ដែលពិភពលោកនៅប្រឈមនឹងជំងឺកូវីដ19 និងកំពុងប្រឈមនឹងការប្រែប្រួលភូមិសាស្ត្រនយោបាយ ។
ក្នុងឱកាសនោះដែរ ឯកឧត្តម ហ្វ្រាំង វ៉ាល់ធ័រ បានជម្រាបជូនសម្ដេចតេជោផងដែរអំពីមហិច្ឆតារបស់អាល្លឺម៉ង់ ក្នុងការប្រយុទ្ធប្រឆាំងបញ្ហាប្រែប្រួលអាកាសធាតុ និងបំណងក្នុងការពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណឯកឧត្តម ហ្វ្រាំង វ៉ាល់ធ័រ សម្រាប់ការវាយតម្លៃល្អអំពីកម្ពុជា ហើយក៏បានថ្លែងអំណរគុណជូនចំពោះឯកឧត្តមប្រធានាធិតី ប្រជាជន រដ្ឋាភិបាលអាល្លឺម៉ង់ ចំពោះការជួយដល់កម្ពុជា លើវិស័យដោះមីន, វិស័យវប្បធម៌ និងវិស័យដទៃទៀត។
សម្ដេចតេជោ បានជម្រាបជូនឯកឧត្តមប្រធានាធិបតី អំពីស្ថានភាពមីននៅកម្ពុជា ដែលត្រូវដោះមីនឲ្យអស់នៅឆ្នាំ២០២៥ និងដំណើរការជួយដោះមីននៅប្រទេសមួយចំនួនក្រោមឆ័ត្រអង្គការសហប្រជាជាតិ រួមជាមួយការជួយបង្ហាត់កងទ័ពអ៊ុយក្រែន លើបញ្ហាដោះមីន ដែលជាការងារមនុស្សធម៌ កុំឱ្យសត្រូវកំបាំងមុខនេះ បង្ករបញ្ហាដល់ជនស្លូតត្រង់។

ដោយឡែកពាក់ព័ន្ធនឹងប្រាង្គប្រាសាទ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា កម្ពុជា មានប្រាង្គប្រាសាទច្រើន ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក។ នេះជាមោទនភាពណាស់ ប៉ុន្តែវាក៏ជាបន្ទុកមួយផងដែរ សម្រាប់ការជួសជុល និងថែរក្សា។ ក្នុងន័យនេះ សម្ដេចតេជោ ហ៊ុន សែន បានសំដែងនូវការពេញចិត្តចំពោះការជួយរបស់សហព័ន្ធអាល្លឺម៉ង់ ក្នុងពេល ២៥ឆ្នាំកន្លងមក។
សម្ដេចតេជោ ក៏បានសំដែងការរីករាយ និងជំរុញកិច្ចសហប្រតិបត្តិការ លើវិស័យបម្រែបម្រួលអាកាសធាតុ ថាមពល ជាពិសេស លើវិស័យវិន័យយោគ និងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ៕ អត្ថបទ៖ វណ្ណលុក , រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ