គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រកាសព័ត៌មានពីដំណើរ ទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសឡាវ
ភ្នំពេញ៖ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ អំពីដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំកំពូលនៃគណបក្សប្រជាជនបដិវត្តន៍ឡាវ ដែល ដឹកនាំដោយឯកឧត្តម ថងលូន ស៊ីសូលីត អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិម និងជាប្រធានរដ្ឋឡាវ បានជួបប្រជុំកំពូលលើកទី១៣ នៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

កិច្ចប្រជុំបានប្រព្រឹត្តទៅក្នុងបរិយាកាសកក់ក្ដៅ ស្និទ្ធស្នាល យោគយល់គ្នា និងក្នុងស្មារតីជឿទុកចិត្តគ្នា ដើម្បីបន្តពូនជំនូវចំណងសាមគ្គីភាព មិត្តភាព ជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងគណបក្ស និងប្រទេសទាំងពីរ ឱ្យកាន់តែស៊ីជម្រៅ និងប្រកបដោយផ្លែផ្កា។

ភាគីទាំងពីរបានវាយតម្លៃខ្ពស់ និងសម្តែងនូវការអបអរសាទរយ៉ាងក្រៃលែង ចំពោះការរីកចម្រើនឥតឈប់ឈរនៃចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលបានលើកកម្ពស់ដល់កម្រិត ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងគង់វង្សយូរអង្វែង។

ភាគីទាំងពីរបានជូនព័ត៌មានគ្នាទៅវិញទៅមក អំពីសភាពការណ៍លេចធ្លោ របស់គណបក្ស និងប្រទេសនីមួយៗ ជាពិសេស ភាគីកម្ពុជា បានជូនដំណឹង ភាគីឡាវ អំពីលទ្ធផលនៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៨-២៩ ខែមករា ឆ្នាំ២០២៣ និងបានផ្លាស់ប្តូរយោបល់អំពីសភាពការណ៍ អន្តរជាតិ និងតំបន់ ដោយផ្តោតទៅលើការពង្រឹងពហុភាគីនិយម ក្នុងទំនាក់ទំនងអន្តរជាតិ និងការគោរពច្បាប់អន្តរជាតិ ព្រមទាំងទិសដៅ ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការរវាងគណបក្ស និងប្រទេសទាំងពីរ ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ៕


អត្ថបទ៖ វណ្ណលុក, រូបភាព វ៉េង លីមហួត និងសួង ពិសិដ្ឋ