គ្រូបង្គោលហាប់គីដូនឹងពង្រីកសក្តានុពលក្បាច់គុនដល់យុវជនកាន់តែទូលាយ
ភ្នំពេញ ៖ គ្រូបង្គោលកីឡាហាប់គីដូចំនួន ១០រូប ដែលទទួលបានការបណ្តុះបណ្តាលពីគ្រូជំនាញនៃសហព័ន្ធខ្មែរកីឡាហាប់គីដូត្រូវបានចាត់ទុកថានឹងក្លាយជាអ្នកពង្រីកការបណ្តុះបណ្តាលធនធានកាន់តែសម្បូរបែប និងការផ្សព្វផ្សាជូនដល់យុវជន កាន់តែទូលំទូលាយបន្ថែមទៀត។

តាមរយៈពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្វឹកជូនដល់គ្រូបង្វឹកមកពីសាលាបណ្ឌិតសភានគរបាលកម្ពុជា ដែលបានបញ្ចប់វគ្គសិក្សាកម្រិតធម្យកីឡាហាប់គីដូ ត្រូវបានលោក គួច ហុងជៀក អនុប្រធានសហព័ន្ធខ្មែរកីឡាហាប់គីដូកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគ្រូបង្គោលនគរបាលជាតិទាំង១០រូប ដើម្បីពង្រឹងក្បាច់គុនការពារខ្លួន សុខភាព ជាពិសេសនឹងនាំយកចំណេះដឹងក្បាច់គុនហាប់គីដូទៅបណ្តុះបណ្តាលដល់មន្ត្រីនគរបាលផ្សេងៗទៀត នាថ្ងៃអនាគតឲ្យកាន់តែច្រើនឡើងបន្ថែមទៀត។

លោក គួច ហុងជៀក គូសបញ្ជាក់ថា ឆ្លៀតក្នុងឱកាសនេះជាកិត្តិយសណាស់ សម្រាប់វិស័យកីឡាហាប់គីដូ ក្នុងការពង្រីកសក្តានុពលឲ្យកាន់តែទូលំទូលាយបន្ថែមទៀត។ «ជាចក្ខុវិស័យរបស់សហព័ន្ធកីឡាហាប់គីដូ ក្រោមការដឹកនាំរបស់លោកឧកញ៉ា សៅ សេងហាក់ ប្រធានសហព័ន្ធខ្មែរកីឡាហាប់គីដូ យើងនៅតែព្យាយាម និងបោះបង់ ឆន្ទៈដ៏មោះមុតក្នុងការពង្រឹង និងពង្រីកការផ្សព្វផ្សាយវិស័យកីឡាហាប់គីដូជូនដល់យុវជន មហាជនឲ្យកាន់តែសម្បូរធនធានបន្ថែមទៀត ដើម្បីបញ្ជ្រាបដល់អ្នកហាត់ក្បាច់គុនអាចការពារខ្លួន ពង្រឹងស្មារតីឲ្យកាន់តែវាងវៃ រាងកាយទន់ភ្លន់ រវាសរវៃ និងសុខភាពឲ្យមានរឹងមាំផងដែរ»។
ជាមួយគ្នានេះ អនុប្រធានសហព័ន្ធរូបនេះបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគ្រូបង្គោលទាំងអស់ ដែលបានប្រឹងប្រែងហ្វឹកហាត់ ដើម្បីក្លាយធនធានដ៏សំខាន់ ក្នុងការផ្ទេរចំណេះវិជ្ជាដល់យុវជនជំនាន់ក្រោយៗ ដើម្បីអ្នកហាត់រៀនក្បាច់គុនមួយនេះមានសុខភាពល្អទាំងរាងកាយ និងបញ្ញាស្មារតី។

លោក គង់ ចាន់ធីណា អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហាប់គីដូគូសបញ្ជាក់ដែរថា នេះជាការខិតខំរបស់សហព័ន្ធ ដែលបានរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្វឹកជូនដល់មន្ត្រីបណ្ឌិតសភានគរបាលកម្ពុជារយៈពេល៣ខែ នាពេលនេះ។ អ្នកជំនាញក្បាច់គុនហាប់គីដូរូបនេះបានចាត់ទុកថា គ្រូបង្គោលទាំងនេះនឹងជួយពង្រីកការបណ្តុះបណ្តាលក្បាច់គុនហាប់គីដូដល់កម្លាំងនគរបាលជាតិ ក៏ដូចជាពង្រីកការផ្សព្វផ្សាយប្រភេទកីឡានេះឲ្យកាន់តែទូលាយបន្ថែមទៀត។ «គ្រូបង្គោលទាំងនេះ តាមពិតពួកគាត់មានមូលដ្ឋានគ្រឹះនៃប្រភេទកីឡាផ្សេងៗរួចហើយៗពេលពួកគាត់ហ្វឹកហាត់ប្រភេទកីឡាហាប់គីដូនេះទៀត គឺពួកគាត់កាន់តែល្អប្រសើរ និងមានលក្ខណៈពិសេសៗល្អតែម្តង។ គ្រូបង្គោលទាំង១០រូបនេះ យើងពង្រឹងខ្លាំងទៅលើក្បាច់គុនពិសេសៗ ទាក់ទងទៅនឹងការប្រើប្រាស់ក្នុងក្របខណ្ឌកងកម្លាំងនគរបាល ដោយផ្តោតលើការចាប់មុខសញ្ញា» ៕ ចាន់ វិចិត្រ

