បុគ្គលគ្រប់រូបអាចប្តឹងមកអគ្គនាយកដ្ឋាន ក.ប.ប នៅក្នុងករណីមានការប៉ះពាល់ករណីផ្សាយពាណិជ្ជកម្មបំផ្លើសហើយអតិថិជនមិនបានទទួលអ្វីដែលជាការំពឹងទុក
ភ្នំពេញ៖ ឯកឧត្តម ឌឹម ផេង លើកឡើងថា បុគ្គលគ្រប់រូបអាចប្តឹងមកអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រគួតប្រជែង និងបង្រ្កាបការខ្លែងបន្លំ នៃក្រសួងពាណិជ្ជកម្ម នៅក្នុងមានការប៉ះពាល់ករណីផ្សាយពាណិជ្ជកម្មបំផ្លើសហើយអតិថិជនមិនបានទទួលអ្វីដែលជាការំពឹងទុក ។ ឯកឧត្តម បន្ថែមថា ធម្មតាផលិតផលមួយផ្សាយពាណិជ្ជកម្មទៅគឺមានមានការរំពឹងទុកពីអ្នកប្រើប្រាស់ ទៅតាមអ្វីដែលការផ្សាយបានប្រាប់ទៅអតិថិជនរបស់ខ្លួន ។ ករណីទាំងអស់នេះ មន្រ្តីអគ្គនាយកដ្ឋានដែលទទួលបាននិតិសម្បទាជានគរបាលយុត្តិធម៌ មានសិទ្ធស្រាវជ្រាវ សើបអង្កេត ទៅលើករណីដែលគាត់បានផ្សាយថាមានរង្វាន់ ដែលតម្រូវអោយអ្នកផ្សាយមានឯកសារបញ្ជាក់ច្បាស់លាស់ ហើយអ្នកប្រើផ្ទាល់ ឬមិនមែនជាអ្នកប្រើប្រាស់មានសិទ្ធប្តឹង ដែលក្រុមមន្រ្តីជំនាញ និងចាត់វិធានការនៅពេលដែលមានភស្តុតាង ទៅតាមបណ្តឹងរបស់អ្នកប្រើប្រាស់ពីក្រុមហ៊ុន ដែលបានផ្សាយបំផ្លើសនោះ ។
ការលើកឡើងបែបនេះ របស់ឯកឧត្តម ឌឹម ផេង អគ្គនាយករង នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រគួតប្រជែង និងបង្រ្កាបការខ្លែងបន្លំ នៃក្រសួងពាណិជ្ជកម្ម ក្នុងឱកាសអញ្ចើញជាអធិបតីភាព សិក្ខាសាលាផ្សព្វផ្សាយ អនុក្រិត្យស្តីពីការគ្រប់គ្រងការផ្សាយពាណិជ្ជកម្ម លើផលិតផលទំនិញ និងសេវាកម្ម និងបទបញ្ញាតពាក់ព័ន្ធ ដែលប្រារព្វធ្វើឡើងនៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលប្រជុំធំ នៃអគ្គនាយកដ្ឋាន ក.ប.ប ។
ឯកឧត្កតម បានបញ្ជាក់បន្ថែមថា កន្លងទៅនេះ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រគួតប្រជែង និងបង្រ្កាបការខ្លែងបន្លំ បានអញ្ជើញអ្នកពាក់ព័ន្ធ ភាគីពាក់ព័ន្ធពិសេសអ្នកផ្សាយឱ្យមកបំភ្លឺ និងបានធ្វើការពិន័យទៅតាមច្បាប់ ដោយធ្វើការប្រមាន និងតម្រូវឱ្យកែប្រែ ដែលទាំងនេះ គឺជាផលប្រយោជន៍សំរាប់ជាតិ។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានជំរុញដល់ក្រុមហ៊ុនដែលចង់ផ្សព្វផ្សាយពាណិជ្ជកម្ម ត្រូវមកធ្វើការជជែកពិភាក្សា ជាមួយក្រុមការងារ នៃអគ្គនាយកដ្ឋាន ក.ប.ប ដល់ក្រុមហ៊ុនទាំងអស់នោះបានក្នុងករណីមិនច្បាស់លាស់នូវច្បាប់ពាក់ព័ន្ធទាំងអស់នេះ។
យោងតាមអនុក្រិត្យស្តីពី ការគ្រប់គ្រងការផ្សាយពាណិជ្ចកម្ម លើផលិតផលទំនិញនិងសេវារាជរដ្ឋាភិបាល នៅក្នុងជំពូកទី៦ ស្តីពីទណ្ឌកម្ម នៃមាត្រា១៩ ក្នុងខ្លឹមសារបានបញ្ជាក់ថា បុគ្គលដែលធ្វើការផ្សាយពាណិជ្ជកម្មលើផលិតផលទំនិញសេវា បំពាននិងបទបញ្ញាត្តិនៃអនុក្រិត្យនេះត្រូវទទួលទណ្ឌ ដូចជា៖ ការប្រមានជាលាយលក្ខណ៍អក្សរ ការព្យូរដកហូត ឬលុបចោលអាជ្ញាបណ្ឌ និងលិខិតបញ្ជាក់អនុលោមភាព ឬលិខិតអនុញ្ញាតប្រកបអាជីវកម្មសេវាកម្ម នៃការផ្សាយពាណិជ្ជកម្មម ជាសមត្ថកិច្ចរបស់ក្រសួងពាណិជ្ជកម្ម។ គណៈកម្មការជាតិការពារអ្នកប្រើប្រាស់ អាចស្នើសុំទៅក្រសួង ឬស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីចាត់វិធានការព្យូរ ដកហូតឬលុបចោល អាជ្ញាបណ្ណផ្សាយពាណិជ្ជកម្ម និងឬវិញ្ញាបនបត្របញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម អាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតប្រកអាជីវកម្ម សេវាកម្ម និងចាត់វិធានការផ្អាកការប្រកបអាជីវកម្ម ជាបណ្តោះអាសន្នស្របតាមច្បាប់និងបទបញ្ញាត្តិជាធរមាន និងធ្វើការពិន័យជាប្រាក់ទៅតាមច្បាប់កំណត់ផងដែរ៕ ង៉ាន់ ទិត្យ