រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មប្រកាសជំរុញការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា

អត្ថបទដោយ៖
CPA

ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មប្រកាសជំរុញការធ្វើពាណិជ្ជកម្មតាម ប្រព័ន្ធ អេឡិចត្រូនិកនៅកម្ពុជា។ការប្រកាសនេះធ្វើឡើងក្នុងពិធី ចុះ អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន ឡានតុន ក្លៅដ៏ សឺវីស ថេកណឡជី ឯ.ក ដើម្បីជំរុញការធ្វើពាណិជ្ជកម្មតាម ប្រព័ន្ធអេឡិចត្រូនិក និងការផ្សព្វផ្សាយផលិតផលកម្ពុជាសម្រាប់ទីផ្សារក្នុង ស្រុក ក្នុងតំបន់ និងទៅកាន់ពិភពលោក។

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានលើកឡើងថា ការធ្វើ ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកជាសមិទ្ធផលថ្មីមួយទៀតរបស់ក្រសួងពាណិជ្ជកម្មក្នុងការកសាងភាពជាដៃគូរវាងរដ្ឋនិងឯកជនក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងជំរុញការ ផ្សព្វផ្សាយផលិតផលកម្ពុជាសម្រាប់ទីផ្សារក្នុងស្រុក ក្នុងតំបន់ និងទៅកាន់ ពិភពលោក។ លោកបន្តថា តាមរយៈអនុស្សរណៈនៃការយោគយល់គ្នានេះ នឹងបង្កើតឱ្យមានការតភ្ជាប់រវាងប្រព័ន្ធស្វ័យប្រវត្តិកម្មរបស់ក្រសួងពាណិជ្ជកម្ម ជាមួយនឹង Platform ដែលបង្កើតដោយវិស័យឯកជន ក្រោមកម្មវិធី Lanton Cloud ក្នុងការជំរុញឱ្យផលិតផលរបស់កម្ពុជាមានលទ្ធភាពពង្រីក ទៅកាន់ទីផ្សារក្រៅប្រទេសឱ្យកាន់តែទូលំទូលាយថែមទៀត។

ឯកឧត្តមរដ្ឋមន្រ្តីបន្ថែមថា៖«ក្រសួងពាណិជ្ជកម្មបានបង្កើតថ្នាលសម្រាប់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក(Go4eCam) ដែលបច្ចុប្បន្នបាន ទទួល នូវការចុះបញ្ជី និងការគាំទ្រយ៉ាងច្រើនពីវិស័យឯកជន និងបានសម្រួលដល់ សហគ្រាសធុនមីក្រូ តូច និងមធ្យម ភ្ជាប់ខ្លួនទៅនឹងខ្សែច្រវាក់តម្លៃ និងខ្សែ ច្រវាក់ ផ្គត់ផ្គង់ក្នុងតំបន់ និងពិភពលោក ផងដែរ»។
លោកបានបង្ហាញនូវក្ដីរំពឹងថា ៖«តាមរយៈអនុស្សរណៈនៃការយោគ យល់ គ្នានេះ នឹងរួមចំណែក្នុងការជំរុញការងារពាក់ព័ន្ធនឹងពាណិជ្ជកម្មតាម ប្រព័ន្ធអេឡិចត្រូនិកជាពិសេសគឺការពង្រីកទីផ្សារសម្រាប់ផលិតផលកម្ពុជា ការការពារអ្នកប្រើប្រាស់ ការទាញយកប្រយោជន៍ពីបរិវដ្តកម្ម (Transformation of Digitalization) និងបដិវត្តន៍ឧស្សាហកម្មទី៤ (Industrial Revolution 4.0) ក៏ដូចជាការកសាងសមត្ថភាពរបស់ មន្រ្តីរាជការក្រសួងពាណិជ្ជកម្ម សម្រាប់ការប្រឡូកក្នុងកិច្ចចរចា ផ្នែកពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ឱ្យកាន់តែប្រសើឡើង បន្ថែម ទៀត»។

លោក រិន សុក្រិត្យ អគ្គនាយកក្រុមហ៊ុន Sokreth & Piphear Cosmetic ដែលបានប្រតិបត្តិអាជីវកម្មរបស់ភាគច្រើនបំផុត តាមប្រព័ន្ធអេឡិចត្រូនិក នេះបានប្រាប់ឱ្យដឹងថា ការធ្វើពាណិជ្ជកម្មតាមអនឡាញនៅកម្ពុជា នៅថ្មី នៅឡើយ ដែលធ្វើឱ្យឱកាសនៃការរីកចំរើនមានខ្ពស់ ខណៈដែលពលរដ្ឋ កម្ពុជាភាគច្រើន មានការយល់ដឹងកាន់តែទូលំទូលាយលើប្រើប្រាស់ បច្ចេកវិទ្យា ឌីជីថលនេះ។

លោកបានគូសបញ្ជាក់យ៉ាងដូច្នេះថា៖«បណ្តាញសង្គមនៅកម្ពុជា កាន់តែ មាន ភាពទូលំទូលាយខ្ពស់ ស្របពេលការរួមចំណែកពីស្ថាប័នពាក់ព័ន្ធ ដូច ជាក្រសួងពាណិជ្ជកម្មជាដើម ក្នុងការបង្កើតច្បាប់សម្រាប់គ្រប់គ្រង និង ការតម្រូវឱ្យចុះបញ្ជីពាណិជ្ជកម្មជាដើម បានជំរុញ ការធ្វើអាជីវកម្មតាមប្រព័ន្ធ អេឡិចត្រូវនិកនេះ កាន់តែមានទំនុកចិត្តរវាងអ្នកលក់និងអ្នកទិញ។

បច្ចុប្បន្នយើងឃើញថា មិនមែនតែគ្រឿងសំអាងនោះទេ គឺមានទំនិញគ្រប់ យ៉ាងដែលត្រូវបានដាក់លក់តាមប្រព័ន្ធអេឡិចត្រូនិកឬអនឡាញនេះ»។
ទិន្នន័យពីវិទ្យាស្ថានបណ្ដុះបណ្ដាលពាណិជ្ជកម្ម និងស្រាវជ្រាវ (TTRI) បានបង្ហាញថា ឆ្នាំ២០២២ ទំហំទីផ្សារអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិក របស់ កម្ពុជាត្រូវបានប៉ាន់ស្មានថាមានទំហំ ១,៥ ប៊ីលានដុល្លារ ដែលក្នុង នោះប្រាក់ចំណូលអាចនឹងកើនឡើងដល់ ២៥១លានដុល្លារនៅ ក្នុង ឆ្នាំ២០២២។

តាមរយៈស្ថិតិរបស់ Statista Inc. ប្រាក់ចំណូលនឹងរំពឹងថាកើនដល់ចំនួន ៣៥៤ លានដុល្លារនៅឆ្នាំ២០២៥។ ជាលទ្ធផល ពាណិជ្ជកម្មតាមប្រព័ន្ធ អេឡិចត្រូនិក មានសក្តានុពលក្នុងការបង្កើនប្រសិទ្ធភាពខ្សែច្រវ៉ាក់ ផ្គត់ ផ្គង់កសិកម្ម និងកាត់បន្ថយការរាំងស្ទះ ក្នុងការចែកចាយផលិតផល កសិកម្ម៕
ដោយ៖វណ្ណ សុជាតា

ads banner