ប្រមុខការទូតកំពូលអាមេរិកគ្រោងបំពេញទស្សនកិច្ចលើកដំបូងទៅកាន់តួកគី ហើយសន្យាគាំទ្របន្ទាប់ពីគ្រោះរញ្ជួយដីដ៏ធ្ងន់ធ្ងរ
វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់ថូនី ប្លីងគែន នៅថ្ងៃអាទិត្យសប្តាហ៍នេះ នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសតួកគី ដើម្បីពិភាក្សាអំពីការគាំទ្របន្ទាប់ពីគ្រោះរញ្ជួយដីដ៏ធំ ដែលនេះជាការបំពេញទស្សនកិច្ចលើកដំបូងរបស់គាត់ទៅកាន់ប្រទេសសម្ព័ន្ធមិត្តណាតូ ដែលមានទំនាក់ទំនងដ៏ចម្រូងចម្រាស់ជាមួយទីក្រុងវ៉ាស៊ីនតោន។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក ណេត ប្រាយស៍ នៅថ្ងៃពុធសប្តាហ៍នេះ បានឱ្យដឹងថា លោក ប្លីងគែន នឹងទៅទស្សនាមូលដ្ឋានទ័ពអាកាសអ៊ីនសឺលីគ (Incirlik) ដែលទីតាំងនោះ សហរដ្ឋអាមេរិកបានប្រើប្រាស់សម្រាប់ការដឹកជញ្ជូនជំនួយ ហើយបន្ទាប់មកគាត់នឹងធ្វើកិច្ចពិភាក្សានៅក្នុងរដ្ឋធានីអង់ការ៉ា ស្តីពីការបន្តគាំទ្ររបស់សហរដ្ឋអាមេរិក។
សហរដ្ឋអាមេរិកបានបញ្ជូនក្រុមអ្នកជួយសង្គ្រោះប្រមាណ២០០នាក់ និងបានចូលរួមចំណែកផ្តល់ថវិកាដំបូងចំនួន៨៥លានដុល្លារជួយដល់ប្រទេសតួកគី ដោយបានដាក់ពង្រាយឧទ្ធម្ភាគចក្រ Black Hawk និង Chinook ដើម្បីនាំយកគ្រឿងសម្ភារៈចាំបាច់ទៅកាន់តំបន់ដែលរងគ្រោះខ្លាំងបំផុត។
ដំណើរទស្សនកិច្ចរបស់លោក ប្លីងគែន ខាងលើនេះ ត្រូវបានគ្រោងទុកកាលពីថ្ងៃទី៦ ខែកុម្ភៈ ពោលគឺមុនគ្រោះរញ្ជួយដីវាយប្រហារប្រទេសតួកគី និងស៊ីរី ដែលបានសម្លាប់មនុស្សជិត៤០,០០០នាក់ ដែលវានឹងក្លាយជាលើកដំបូងសម្រាប់លោក ប្លីងគែន ទៅកាន់ប្រទេសតួកគី បន្ទាប់ពីកាន់តំណែងជាងពីរឆ្នាំ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ទីណា