មន្រ្តីជាន់ខ្ពស់ខេត្តកណ្តាលប្រកាសជ័យលាភី ពានរង្វាន់សេវាសង្គម ជូនដល់រដ្ឋបាលស្រុកកោះធំ
ខេត្តកណ្តាល ៖ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានប្រកាសជ័យលាភីពានរង្វាន់សេវាសង្គម សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្នាំ២០២០-២០២១ ជូនដល់រដ្ឋបាល ស្រុកកោះធំ ខេត្តកណ្តាលនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ។
ឯកឧត្តម ណុប ដារ៉ា បានឱ្យដឹងថា ការផ្តល់សេវា រដ្ឋបាល ថ្នាក់ក្រោម ជាតិ គឺជាគោលការណ៍មួយដ៏ល្អ និងមានការគាំទ្រយ៉ាងច្រើន ពីប្រជាពលរដ្ឋ ដូច្នេះអាជ្ញាធរគ្រប់ថ្នាក់ ត្រូវតែខិតខំ ប្រឹងប្រែងបន្តទៀត ក្នុងការ ពង្រីកសេវានេះ ឱ្យបានកាន់តែច្រើន និងល្អប្រសើរ ដើម្បីឆ្លើយតបទៅនឹង តម្រូវការផ្សេងៗ របស់ប្រជាពលរដ្ឋ និង ការឆ្លើយតបបាន យ៉ាងឆាប់រហ័ស ចំពោះតម្រូវការ ជា អាទិភាពនានា របស់ មូលដ្ឋាន នីមួយ ៗ ។
ឯកឧត្តម បានស្នើឱ្យមានការយកចិត្តទុកដាក់ចំពោះការងារសេវាសង្គមនេះ ជាពិសេស គឺការអនុវត្តកម្មវិធីពានរង្វាន់សេវាសង្គមនេះតែម្តង ព្រោះជាកញ្ចក់ឆ្លុះបញ្ចាំងពីស្នាដៃ ការខិតខំប្រឹងប្រែងធ្វើការងារ និងជាមុខមាត់របស់យើងដែរ។សម្រាប់ឆ្នាំក្រោយៗ ខេត្តកណ្តាលរបស់យើងទាំងមូល នឹងទទួលបានស្នាដៃល្អជាងនេះ ព្រមទាំងបាននូវជ័យលាភីជើងឯក និងពានរង្វាន់កម្រិតផ្កាយគ្រប់ថ្នាក់រដ្ឋបាលទាំងអស់។
សូមជម្រាបថា ៖ ខេត្តកណ្តាល ទទួលបានជ័យលាភីពាន រង្វាន់ជើង ឯកសេវា សង្គម រដ្ឋបាល ខេត្ត ប្រចាំ ឆ្នាំ ២០២០-២០២១ ជាប់ចំណាត់ថ្នាក់លេខ២ ទូទាំងប្រទេស ។ រដ្ឋបាលក្រុងតាខ្មៅ ខេត្តកណ្តាល ជាក្រុង ដែលទទួលបានពានរង្វាន់ជើង ឯកសេវា សង្គម រដ្ឋបាល ក្រុង និងរដ្ឋបាលខណ្ឌ ជាប់ចំណាត់ថ្នាក់លេខ១ ទូទាំងប្រទេស៕ដោយ-រ៉ាវុធ