ជំទាវ ហោ ម៉ាលីន ៖ ក្នុងឆ្នាំ២០២២ ការចិញ្ចឹមសត្វលក្ខណៈពាណិជ្ជកម្មស្មើនឹង ៤១% នៃការចិញ្ចឹមសត្វក្នុងស្រុកសរុប ពោលគឺលើសផែនការគ្រោងទុកដែលមានត្រឹមតែ ៣០ភាគរយ

ភ្នំពេញ ៖ កិច្ចប្រជុំបូកសរុបការងារសុខភាពសត្វ និងផលិតកម្មសត្វ ឆ្នាំ២០២២ តម្រង់ទិសឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ ត្រូវបានបិទបញ្ជាប់ ក្រោមអធិបតីភាពលោកជំទាវ ហោ ម៉ាលីន រដ្ឋលេខាធិការ តំណាង ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នំា២០២៣ នាអគ្គនាយកដ្ឋានសុខភាពសត្វ។

ឯកឧត្តម តាន់ ផាន់ណារ៉ា បានលើកឡើងថា អនុវិស័យសុខភាពសត្វ និងផលិតកម្មសត្វ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការផ្គត់ផ្គង់សាច់សត្វ ផលិតផលសត្វ ការពារជំងឺឆ្លងសត្វ ការពារសុខភាពសាធារណៈ បរិស្ថាន ចំណូលសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ។ មិនតែប៉ុណ្ណោះអនុវិស័យនេះមានការរីកចម្រើនគួរឱ្យកត់សម្គាល់ សមិទ្ធផលទាំងនេះសម្រេចបានដោយសារមានការគាំទ្រពីរាជរដ្ឋាភិបាល ជាពិសេសគាំទ្រ និងលើកទឹកចិត្តពីសំណាក់ឯកឧត្តមរដ្ឋមន្រ្តី និងមានការចូលរួមពីក្រសួង-ស្ថាប័ន អង្គភាពពាក់ព័ន្ធ និងកិច្ចសហការជាមួយអង្គការជាតិ អង្គការអន្តរជាតិ ដៃគួរអភិវឌ្ឈន៍នានា និងផ្នែកឯកជនផងដែរ។

តាមរយៈរបាយការណ៍របស់ឯកឧត្តម តាន់ ផាន់ណារ៉ា លោកជំទាវ ហោ ម៉ាលីន រដ្ឋលេខាធិការក្រសួងកសិកម្ម បានកត់សម្គាល់ឃើញថា មានការប្រែប្រួលធំធេងនៅក្នុងបែបផែនផលិតកម្មសត្វគឺ ពីការចិញ្ចឹមលក្ខណៈគ្រួសារ ដើម្បីសន្តិសុខស្បៀងទៅជាការចិញ្ចឹមលក្ខណៈពាណិជ្ជកម្ម ដើម្បីប្រាក់ចំណូល។ ក្នុងឆ្នាំ២០២២ ការចិញ្ចឹមសត្វលក្ខណៈពាណិជ្ជកម្មស្មើនឹង៤១ភាគរយ នៃការចិញ្ចឹមសត្វក្នុងស្រុកសរុប ពោលគឺលើសផែនការគ្រោងទុកដែលមានត្រឹមតែ ៣០ភាគរយ។ ការចិញ្ចឹមសត្វសម្រេចបានកំណើនជាមធ្យម៨,៨ភាគរយក្នុងឆ្នាំ២០២២ និង៨,៩ភាគរយក្នុងរយៈពេល៥ឆ្នាំកន្លងទៅ ហើយជាលទ្ធផលយើងបានបង្កើនសមត្ថភាពផ្គត់ផ្គង់សាច់ សត្វសម្រាប់ជាអាហារបានរហូតដល់៩៥ភាគរយនៃតម្រូវការក្នុងស្រុក។ ផលិតកម្មសាច់ ការនាំចេញសត្វ និងផលិតផលសត្វមានទំហំទឹកប្រាក់ប្រមាណជាង២លានដុល្លារក្នុងឆ្នាំកន្លងទៅ។ ជាមួយគ្នានេះរោងចក្រក្នុងស្រុកចំនួន២៦ ដែលមានសមត្ថភាពផលិតជាង១,៥លានតោនក្នុងមួយឆ្នាំ អាចផលិតចំណីសត្វ ដើម្បីផ្គត់ផ្គង់បាន៦៧ភាគរយនៃតម្រូវការក្នុងស្រុក ៕

សេឌី

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner