ទូតចិនថា ទោះ បាត់បង់ EBA ពី EU ក៏មិនប៉ះពាល់ដល់ការវិនិយោគចិននៅកម្ពជា

អត្ថបទដោយ៖
CPA

ភ្នំពេញ: លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បាន លើកឡើងថា ទោះបីសហភាពអឺរ៉ុបបានដកប្រព័ន្ធអនុគ្រោះពន្ធ អុីប៊ីអេ (EBA) ចំនួន ២០% ពីកម្ពុជាក្តី ក៏មិនប៉ះពាល់ដល់ទំហំវិនិយោគចិននៅកម្ពុជានោះដែរ ដែលចិននៅបន្តបោះទុននៅកម្ពុជាក្នុងទំហំច្រើនឡើងៗ។

លោកបន្តថា ព្រោះកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរវាងចិន និងកម្ពុជាមានភាពស៊ីជម្រៅ ខណៈមន្ត្រីជាន់ខ្ពស់ រដ្ឋាភិបាលកម្ពុជាធ្លាប់អះអាងថា ទោះគ្មាន EBA ឬ GSP ក៏ការនាំចេញរបស់កម្ពុជាបន្តកើនឡើង។

មន្រ្តីជាន់ខ្ពស់នៃស្ថានទូតចិនប្រចាំកម្ពុជា បានលើកឡើងដូចនេះ កាល ពី ថ្ងៃទី១៥ ខែកុម្ភៈ ក្នុងសន្និសីទសារព័ត៌មានពីការ សង្ខេ បពីលទ្ធផលដំណើរទស្សនកិច្ចសម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងប្រទេសចិន។
លោក វ៉ាង វិនធាន បានបង្ហាញពីជំនឿមុតមាំលើចំណងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន លើផ្នែកសេដ្ឋកិច្ច -ពាណិជ្ជកម្ម ដោយ លោកបាន សង្កត់ធ្ងន់ថា ទោះសហភាពអឺរ៉ុបបានដកប្រព័ន្ធអនុគ្រោះពន្ធទំនិញគ្រប់មុខលើកលែងតែអាវុធ(EBA) ចំនួន ២០% ក៏វិនិយោគិនចិននៅបន្តបោះទុននៅកម្ពុជា ហើយមានការកើនឡើងជាលំដាប់ផងដែរ។

លោក វ៉ាង វិធាន ថ្លែងដូច្នេះថា៖ «ខ្ញុំសូមបញ្ជាក់ថា កិច្ចសហប្រតិបត្តិការវិស័យពាណិជ្ជកម្ម និងការវិនិយោគរវាងចិន និងកម្ពុជាមានភាពស៊ីជម្រៅ និងល្អប្រសើរ។ ក្រោយពីសហភាពអឺរ៉ុបបានប្រកាសកាត់ EBA ពីប្រទេសកម្ពុជា យើងក៏បានស្រា វជ្រាវ ពីស្ថានភាពមួយចំនួនផងដែរ ដែលតាមការស្រាវជ្រាវរបស់ខ្ញុំ ខ្ញុំគិតថា ពិតជាមានសហគ្រាសមួយចំនួនបានប្រ ឈ ម បញ្ហា ប៉ុន្តែក៏មានសហគ្រាសកាន់តែច្រើនមកវិនិយោគ នៅប្រទេសកម្ពុជា»។

លោកបាន បន្ថែមថា ទោះបីប្រឈមនឹងបញ្ហាយ៉ាងណា ក៏មិនប៉ះពាល់ទៅដល់ចំណងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងចិន ដែលកំពុងលូតលាស់កាន់តែប្រសើរនេះដែរ។ លោកថា ទំហំវិនិយោគរបស់ចិនក្នុងប្រទេសកម្ពុជា បានកើនឡើ ង ជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ។
ជុំវិញបញ្ហានេះ លោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្លាប់លើកឡើងក្នុងវេទិកាសាធារណៈជុំវិញការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ស្តីពីហិរញ្ញវត្ថុប្រចាំឆ្នាំ២០២៣ កាលពីចុងខែមករា កន្លងទៅនេះថា ទោះកម្ពុជាបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប និងGSP របស់សហរដ្ឋអាមេរិក ទាំងស្រុងក្តី ក៏ការនាំចេញទំនិញកម្ពុជាទៅក្រៅប្រទេស មានការកើនឡើងជាបន្តបន្ទាប់នោះដែរ។

លោកសង្កត់ធ្ងន់ថា ៖ «ទោះគ្មានប្រព័ន្ធអនុគ្រោះពន្ធទាំងនេះ ក៏កម្ពុជាមិនស្លាប់ដែរ»។
ចំណែក លោក គី សេរីវឌ្ឍន៍ នាយកមជ្ឈមណ្ឌលសិក្សាចិន និងជាអ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់ឱ្យដឹង ថា ការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ដែលមិនប៉ះពាល់ដល់ទំហំវិនិយោគចិននៅកម្ពុជានោះ មានន័យថា ការនាំចេញរបស់កម្ពុជានៅតែរក្សាបានដដែល ទោះបីអវត្តមាន EBA ចំនួន ២០% កម្ពុជានៅតែបង្កើនការនាំចេញ ទៅកាន់ស ហភាពអឺរ៉ុប ឬសហរដ្ឋអាមេរិក។
លោក គី សេរីវឌ្ឍន៍ បានសង្កត់ធ្ងន់ថា ៖ «ការដកប្រព័ន្ធអនុគ្រោះពន្ធ EBA មិនមែនជាការបិទមិនឲ្យកម្ពុជានាំចេញនោះទេ គឺគ្រាន់តែជាការដាក់បន្ទុកពន្ធដែលសហភាពអឺរ៉ុបបាននាំចូលពីម្ពុជាតែប៉ុណ្ណោះ»។
លោក យល់ថា ក្នុងករណីដែលការនាំចេញរបស់កម្ពុជាចេះតែបន្តមានជាធម្មតា ដូច្នេះ ទំហំវិនិយោគចិនក៏ចេះតែបន្តកើន។ លោកថា ទោះមានសេណារីយ៉ូអាក្រក់ដែលកម្ពុជាបាត់បង់ការអនុគ្រោះពន្ធ EBA ទាំងស្រុងក្តី ក៏កម្ពុជានៅមានលទ្ធភាពនាំចេញទំនិញខ្លូនទៅកាន់ទីផ្សារអឺរ៉ុបដដែល ព្រោះផលិតផលកម្ពុជាភាគច្រើនជាផលិតផលកាត់ដេរ វាយនភ័ណ្ឌ។
អ្នក ជំនាញសេដ្ឋកិច្ចរូបនេះ បាន បន្តថា ៖ «ការណ៍ដែលសហភាពអឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធ EBA មានតែធ្វើសហភាពអឺរ៉ុបខ្លួនឯងខាតតែប៉ុណ្ណោះ ព្រោះវានឹងធ្វើឲ្យមុខទំនិញនាំចូលពីកម្ពុជាឡើងថ្លៃ នៅចំពោះមុខស្ថានភាពវិបត្តិសេដ្ឋកិច្ចសាក លនាពេលបច្ចុប្បន្ន»។

លោក យង់ ពៅ បានប្រាប់ថា ៖ «ការវិនិយោគរបស់ចិននៅតែបន្តកើនឡើងតាមរយៈកិច្ចសហប្រតិបត្តិការនយោបាយការទូតរវាងប្រទេសទាំងពីរលើគ្រប់ជ្រុងជ្រោយ រួមនឹងសេណារីយ៉ូកិច្ចព្រមព្រៀង RCEP ដែលភាគីទាំងពីរត្រូវជម្រុញអនុវត្តការវិនិយោគទៅវិញទៅមកឲ្យប្រកដប្រជាដើម្បីពង្រឹងវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មប្រទេសទាំងពីរ ខណៈកន្លងមកចិនបានទិញទំនិញកម្ពុជាដែរ តែទិញតាមរយៈវៀតណាម ថៃ ទៅវិញ។ ដូច្នេះ ចិនគួរទិញទំនិញផ្ទាល់ពីកម្ពុជា»។

សូមបញ្ជាក់ថា ក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នៃកម្ពុជាបានវាយតម្លៃទៅ លើ សេដ្ឋកិច្ច ប្រទេសខ្លួន នៅ ឆ្នាំ២០២២ ថាមាន កំណើន ៥,២% តាមរយៈ ការ ងើបឡើង វិញ វិស័យ ទេសចរណ៍ ការ ប្រើប្រាស់ ក្នុង ស្រុក ភាព រឹង មាំ នៃ ឧស្សាហកម្ម និង ការនាំចេញ ផលិត សំលៀកបំពាក់ ជាដើម។ ចំណែក ក្នុង ឆ្នាំ២០២៣ នេះ ក្រសួង បាន ព្យាករណ៍បានទម្លាក់ការព្យាករណ៍របស់ខ្លួនពី ៦,៦% មក នៅ ត្រឹម ៥,៦% វិញ ដោយ មូលហេតុ មួយ ចំនួន បណ្ដាល មកពី ភាព យឺតយ៉ាវ នៃ ការ វិនិយោគ លើ វិស័យ សំណង់ និង អចល ទ្រព្យ។

ដោយឡែក របាយការណ៍ របស់ ធនាគារ ពិភពលោក(World Bank) ផ្សាយ កាល ពី ចុង ឆ្នាំ២០២២ ព្យាករណ៍ ថា កម្ពុជា មាន កំណើន សេដ្ឋកិច្ច ត្រឹម ៤,៨% ក្នុង ឆ្នាំ២០២២ ខណៈ ក្នុង ឆ្នាំ២០២៣ កម្ពុជានឹងមានកំណើន សេដ្ឋកិច្ច ក្នុងរវ្វង់ ៥,២% ។
ធនាគារ ពិភពលោកក៏បាន ព្រមានដែរ ថា បើ ទោះ ជា មាន កំណើនសេដ្ឋកិ្ចក្តី ក៏ កម្ពុជាអាច ហានិភ័យ ធ្ងន់ធ្ងរ ដោយសារតែ ការ វិវត្ត សភាព ការណ៍ ក្រៅ ព្រំដែន ប្រទេសខ្លួន។ ធនាគារ ពិភពលោក ថា កម្ពុជា មាន សេដ្ឋកិច្ច ទំហំ តូច ដែល បើកចំហ ចំពោះ ការ ធ្វើ ពាណិជ្ជកម្ម ខាងក្រៅ និង ការ វិនិយោគ ពី បរទេស ខណៈទំហំកំណើនសេដ្ឋកិច្ចរបស់ពិភពលោកទាំងមូលនៅមា នសភាពអាប់អួរមិនប្រាកដប្រជានៅឡើយ៕
ដោយ: សំបាន ច័ន្ទដារ៉ា

ads banner