ក្រុមបាល់ទាត់កុមារ និងយុវជន៣០ក្រុមនៅខេត្ត កំពង់ធំចូលរួមប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA – ISF Youth League ប្រចាំឆ្នាំ២០២៣
ខេត្តកំពង់ធំ ៖ កីឡាករ កីឡាការនីជាកុមារ និងយុវជនសរុបចំនួន ៣៦០នាក់ មកពី ៣០ក្រុមនៅក្នុងខេត្តកំពង់ធំ បានមកចូលរួម ការប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA – ISF Youth League ប្រចាំឆ្នាំ២០២៣ ដែលរៀបចំដោយអង្គការផ្កាយសមុទ្រ (ISF) និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាព AIA Cambodia ក្នុងបរិវេណទីលានបាល់ទាត់ហ្វុតសាលក្លឹបអាចារ្យលាក់ នៅទីរួមខេត្តកំពង់ធំ ។

លោក យិន សាមឌី ប្រធានកម្មវិធីបាល់ទាត់ អង្គការផ្កាយសមុទ្រ បានបញ្ជាក់ថា ឆ្នាំនេះ គឺជាឆ្នាំទីប្រាំមួយហើយ ដែលក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាព AIA Cambodia បានជួយឧបត្ថម្ភគាំទ្រដល់ការរៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA – ISF Youth League ដែលជាការប្រកួតបាល់ទាត់វិលជុំថ្នាក់មូលដ្ឋានដ៏ធំបង្អស់មួយនៅក្នុងប្រទេសកម្ពុជា ។ ចាប់តាំងពីការកកើតឡើងនៃកិច្ចសហការមួយនេះ ស្ថាប័នទាំងពីរនេះបានកត់សម្គាល់ឃើញថា ឱកាសចូលរួមប្រកួតប្រជែងក្នុងកីឡាគឺពិតជាកម្រខ្លាំងណាស់សម្រាប់កុមារ និងយុវជនកម្ពុជា ។ ដូច្នេះហើយទើបក្នុងឆ្នាំ២០២៣នេះ អង្គការផ្កាយសមុទ្រ និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាព AIA Cambodia រួមគ្នាពង្រីកវិសាលនៃការប្រកួតនេះក្នុងរាជធានីភ្នំពេញ និងខេត្តកំពង់ធំ ។លោក លើកឡើងទៀតថា ការរៀបចំព្រឹត្តិការណ៍ប្រកួតនេះនៅតាមខេត្តនឹងផ្តល់ឱកាសដល់កីឡាករ កីឡាការនីជាង១,៥០០នាក់ក្នុងការចូលរួមប្រកួតប្រជែង ដោយជួយកាត់បន្ថយការធ្វើដំណើរផ្លូវឆ្ងាយសម្រាប់ពួកគេ ។

លោក ឡុច រ៉ែន ជា នាយកអភិវឌ្ឍន៍អាជីវកម្ម របស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាព AIA Cambodia ដែលមានវត្តមានក្នុងព្រឹត្តិការណ៍បើកការប្រកួតនេះក៏បានបង្ហាញពីចំណាប់អារម្មណ៍ថា“នេះគឺជាលើកដំបូងហើយ ដែលអង្គការផ្កាយសមុទ្រកម្ពុជា និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាព AIA Cambodia រៀបចំការប្រកួតបាល់ទាត់វិលជុំនៅទីរួមខេត្តកំពង់ធំ ។ ពួកយើងពិតជាមានក្តីសោមនស្សក្នុងការសហការជាមួយនឹងអង្គការនេះ ដើម្បីជួយកសាងអនាគតដ៏ល្អប្រសើរមួយសម្រាប់កុមារ និងយុវជនក្រីក្រ តាមរយៈកីឡា ។ ក្រៅពីអត្ថប្រយោជន៍របស់កីឡាចំពោះសុខភាព វាក៏ជួយលើកកម្ពស់ការធ្វើការ ជាក្រុម សមភាព និងសាមគ្គីភាពទៀតផង ។”

សូមបញ្ជាក់ថាព្រឹត្តិការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA – ISF Youth League នៅខេត្តកំពង់ធំនឹងប្រព្រឹត្តទៅរយៈពេលប្រាំបីសប្តាហ៍ជាប់គ្នា ។ ក្រុមឈ្នះក្នុងការប្រកួតនេះនឹងចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ប្រកួតផ្តាច់ព្រ័ត្រ AIA – ISF Grand Championship League នៅថ្ងៃទី១១ ខែមិថុនានៅរាជធានីភ្នំពេញ ៕


ជាវ ចន្ធូ